វិទ្យុ RFA ប្រឆាំងតវ៉ា ចំពោះការបិទទ្វារពីរដ្ឋបាលលោក ដូណាល់ ត្រាំ
ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥៖
នៅ សហរដ្ឋ អាមេ រិក ក្រោយពី លោក ដូណាល់ ត្រាំ ប្រកាស បញ្ឈប់ បុគ្គលិក ១៣០០ នាក់ នៅ វិទ្យុ VOA និង ប្រកាស ផ្តាច់ ជំនួយ ទៅ កាន់ វិទ្យុ អាស៊ី សេរី (RFA) មក ស្ថាប័ន ប្រព័ន្ធ ផ្សព្វ ផ្សាយ ចាស់ វស្សា ទាំង ពីរ នេះ បាន បញ្ចេញ ប្រតិកម្ម ផ្សេង ៗ គ្នា ។ នាយិកា វិទ្យុ អាស៊ី សេរី លោកស្រី បេយ៍ ហ្វាង (Bay Fang) បាន ប្រកាស តវ៉ា ប្រឆាំង នឹង ការ សម្រេច ចិត្ត របស់ លោក ដូណាល់ ត្រាំ។ ចំណែក នាយក វិទ្យុ VOA លោក Michael Abramowitz បាន សម្តែង ការ សោក ស្តាយ ចំពោះ ការ សម្រេច ចិត្ត របស់ លោក ដូណាល់ ត្រាំ ក្នុង ការ បិទ ទ្វារ វិទ្យុ ចំណាស់ ៨៣ ឆ្នាំ មួយ នេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការសម្រេចផ្តាច់ជំនួយឲ្យវិទ្យុអាស៊ីសេរី RFA ដែលមាន អាយុកាល ២៩ឆ្នាំ លោកស្រី បេយ៍ ហ្វាង នាយិកា RFA បានគូសបញ្ជាក់ថា ស្ថាប័នវិទ្យុអាស៊ីសេរី នឹងតវ៉ាជំទាស់ទៅនឹងសេចក្តីសម្រេចចិត្តនេះ។ លោកស្រី បេយ៍ ហ្វាង បានប្រៀបប្រដូចការផ្តាច់ជំនួយរបស់រដ្ឋបាលសហព័ន្ធដល់វិទ្យុអាស៊ីសេរីថាជាការផ្តល់រង្វាន់ទៅដល់មេដឹកនាំព្រៃផ្សៃ និងជនផ្ដាច់ការទាំងឡាយ រួមទាំងគណបក្សកុម្មុយនិស្តចិន។
តាមលោកស្រី បេយ៍ ហ្វាង វិទ្យុអាស៊ីសេរី បានក្លាយជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ក្នុងការជួយដល់ក្រុមអ្នកធ្វើគោលនយោបាយសហរដ្ឋអាមេរិកឲ្យយល់ដឹងពីការពិតនៃអ្វីដែលកំពុងតែកើត មានឡើងនៅក្នុងប្រទេសចិន និងប្រទេសដទៃទៀត ក្នុងតំបន់អាស៊ី ដែលមានការរឹតត្បិត និងថា វិទ្យុអាស៊ីសេរីបាននាំមកនូវតម្លាភាព និងគណនេយ្យភាពដល់សង្គម។
នាយិកាវិទ្យុអាស៊ីសេរីរូបនេះព្រមានថា ការផ្តាច់ជំនួយឲ្យវិទ្យុអាស៊ីសេរីមិនត្រឹមតែដកហូតសិទ្ធិពីមនុស្សជិត៦០លាននាក់ដែលតាម ដានសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរីជារៀងរាល់សប្តាហ៍នោះទេ តែការសម្រេចចិត្តនេះក៏ធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ដែរ។ តាមលោកស្រី បេយ៍ ហ្វាង វិទ្យុអាស៊ីសេរីនឹងតវ៉ាជំទាស់ទៅនឹងសេចក្តីសម្រេចដែលមិនបានគិតគូរវែងឆ្ងាយនេះ និងថាលោកស្រី នឹងស្វែងរកគ្រប់មធ្យោបាយដើម្បីបន្តការងាររបស់ អ្នកកាសែត វិទ្យុអាស៊ីសេរី។
ចំណែក លោក Michael Abramowitz នាយក VOA បានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ ទី១៥ មីនាថា លោកពិតជាមានការសោកស្ដាយជាខ្លាំង ព្រោះជាលើកដំបូងក្នុង រយៈពេល ៨៣ឆ្នាំមកនេះដែលលោកទើបតែឮការបំបិទមាត់វិទ្យុ VOA។ លោកអះអាងថា បេសកកម្មរបស់វិទ្យុ VOA មានសារៈសំខាន់ ពិសេសនាពេលបច្ចុប្បន្នដែលសត្រូវរបស់អាមេរិក ដូចជា អ៊ីរ៉ង់ ចិន និងរុស្សី កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារ ក្នុងការបង្កើតរឿងក្លែងក្លាយដើម្បីបង្ខូចកិត្តិយសសហរដ្ឋអាមេរិក។
លោក Michael Abramowitz បានគូសបញ្ជាក់ថា VOA បានលើកស្ទួយសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក ដោយផ្តល់ព័ត៌មានប្រកបដោយតុល្យភាព ពិសេសសម្រាប់អ្នកដែល រស់នៅក្រោមរបបផ្តាច់ការ។ តាម លោក Michael Abramowitz ស្ថានីយ៍វិទ្យុ VOA នៅក្នុងប្រទេសមួយចំនួនបានបញ្ឈប់ការផ្សាយព័ត៌មានរបស់ខ្លួនហើយ និងប្តូរទៅចាក់ចម្រៀងពេញម៉ោងវិញ៕
Nº.0544