គិត ត្រឹម ថ្ងៃ ទី៧ ខែ មីនា ឆ្នាំ ២០២៥ សមាជិក ប.ស.ស. មាន ចំនួន ២ ៧៧៦ ១៩២ នាក់ ហើយ ក្នុង មួយ ខែៗ មាន ការ ប្រើ ប្រាស់ សេវា ជា មធ្យម ចំនួន ៦៥ ម៉ឺន ដង។

7News

គិត ត្រឹម ថ្ងៃ ទី៧ ខែ មីនា ឆ្នាំ ២០២៥ សមាជិក ប.ស.ស. មាន ចំនួន ២ ៧៧៦ ១៩២ នាក់ ហើយ ក្នុង មួយ ខែៗ មាន ការ ប្រើ ប្រាស់ សេវា ជា មធ្យម ចំនួន ៦៥ ម៉ឺន ដង

ចេញផ្សាយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥៖

កំណើន ចំនួន សមាជិក ប.ស.ស. កើន ឡើង ជា រៀង រាល់ ថ្ងៃ តាម រយៈ ការ ចុះ ឈ្មោះ សមាជិក ថ្មី ដែល បង្ហាញ ពី ការ យល់ ដឹង អំពី អត្ថប្រយោជន៍ នៃ ប្រព័ន្ធ នេះ និង ទំនុក ចិត្ត របស់ ពលរដ្ឋ លើ សេវា សុខាភិបាល នៅ កម្ពុជា។ ប៉ុន្តែ កំណើន នេះ ធ្វើ ឲ្យ មាន ការ កក ស្ទះ ឬ អ្នក ទៅ ពិនិត្យ ជំងឺ ត្រូវ រង់ចាំ យូរ នៅ មន្ទីរ ពេទ្យ ពេញ និយម ខ្លះ។

សមាជិក ទាំង អស់ មាន មក ពី វិស័យ សាធារណៈ ចំនួន ៤៩៩ ៩៧៩នាក់, បុគ្គល ដែល ស្ថិត ក្រោម ប្បញ្ញត្តិ នៃ ច្បាប់ ស្ដីពី ការងារ ចំនួន ១ ៥៧០ ៦៦២នាក់, បុគ្គល ស្វ័យ និយោជន៍ ចំនួន ៥៣១ ១៣៦នាក់ និង អ្នក ក្នុង បន្ទុក សមាជិក ប.ស.ស. ចំនួន ១៧៤ ៤១៥នាក់។

នៅ ក្នុង ឆ្នាំ ២០២៤ កន្លង ទៅ គិត ជា មធ្យម ក្នុង ១ ខែៗ មាន សមាជិក ទៅ ប្រើ ប្រាស់ សេវា នៅ មន្ទីរ ពេទ្យ ដៃគូ ប្រមាណ ៦៥ ម៉ឺន ដង ដោយ ប.ស.ស. បាន ទូទាត់ ជូន មូលដ្ឋាន សុខាភិបាល អស់ ថវិកា ប្រមាណ ១៣,៥លាន ដុល្លា ក្នុង មួយ ខែ។

នៅ ឆ្នាំ ២០២៥ នេះ គិត ពី ដើម ឆ្នាំ រហូត ដល់ ថ្ងៃ ទី៧ ខែ មីនា មាន សមាជិក ចូល ទៅ ប្រើ ប្រាស់ សេវា សរុប ជាង ១លាន ៣៣ ម៉ឺន ដង រួច ទៅ ហើយ។ នេះ បើ តាម របាយការណ៍ ពី ប.ស.ស.។

យ៉ាង ណា ក៏ ដោយ ជា ទូទៅ អ្នក ជំងឺ តែង ទៅ មន្ទីរពេទ្យ ធំៗ របស់ រដ្ឋ នៅ ពេល ពួក គេ មាន ជំងឺ ដែល មិន អាច ព្យាបាល បាន នៅ តាម មណ្ឌល សុខភាព ក្នុង សហគមន៍ ដូចជា មន្ទីរពេទ្យ រុស្ស៊ី មន្ទីរពេទ្យ អង្គឌួង និង មន្ទីរពេទ្យ ជាតិ សន្តិភាព តេជោ ជា ដើម។



ការ ដែលទៅ ទទួល សេវា នៅ មន្ទីរពេទ្យ ល្បីៗ ទាំង នេះ អាច មាន ចន្លោះ ពី ១ ម៉ោង ទៅ ២ ម៉ោង ពេល ខ្លះ មួយ ព្រឹក ពេញ ហើយ បើ ទៅ យឺត បន្តិច អាច ត្រូវ ចាំ ដល់ ពេល រសៀល អាស្រ័យ លើ ចំនួន អ្នក មក ទទួល សេវា។

អ្នក ប្រើ ប្រាស់ ហ្វេសប៊ុក ម្នាក់ សរសើរ សេវា ប.ស.ស. ដោយ សារ សរសេរ ថា៖ «បសស ទទួល ស្គាល់ ថា រាង យួរ ជាង យើង ចាយ លុយ តែ ក៏ មិន ណាស់ ណា ដែរ ឣាច រង់ចាំ បាន សំរាប់ ខ្ញុំ ដូច ពេល ប្រើ លុយ ផ្ទាល់ ដែរ គ្រាន់ តែ រាង ច្រើន ដំណាក់ កាល តែ អត់ ទ្រាំ តិច ទៅ ព្រោះ លុយ ក៏ ពិបាក រក ដែរ បង់ ទៅ ១ខែ 4$ បង់ ១០ ឆ្នាំ អស់ 480$ ប្រសិន បើ ១០ ឆ្នាំ មិន ឈឺ ចូល ពេទ្យ សោះ ចោល ទៅ។ តែ បើ ឈឺ ញឹក ដូច ខ្ញុំ ពឹង បសស ហើយ ព្រោះ ប្រើ បាន តែ 2-3ដង ចំណេញ ហើយ នឹង មិន រាប់ ចូល ការ វះ កាត់ ធំៗ ទេ!»។

កំណើន ចំនួន សមាជិក ប.ស.ស. គឺ ជា ចំណុច វិជ្ជមាន ដែល បង្ហាញ ថា ពលរដ្ឋ កាន់ តែ ច្រើន យល់ ដឹង ពី អត្ថប្រយោជន៍ នៃ ប្រព័ន្ធ នេះ ការ មិន មាន ការ រើស អើង នៅ ពេល ប្រើ និង ភាព ជឿ ជាក់ ទៅ លើ វិស័យ សុខាភិបាល កម្ពុជា។ នេះ បើ តាម ការ លើក ឡើង របស់ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.។

 «មូលហេតុ នៃ ការ កក ស្ទះ នេះ មិន មែន ដោយសារ តែ ប.ស.ស. ឬ មន្ទីរពេទ្យ ទេ។ ជាទូទៅ ប្រជាពលរដ្ឋ ធម្មតា ឬ សមាជិក ប.ស.ស. លំហូរ គឺ តែ មួយ ទេ មាន ន័យ ថា អ្នក បង់ លុយ ក៏ ចូល ទៅ ច្រក ហ្នឹង អ្នក មិន បង់ លុយ ក៏ ចូល ទៅ ច្រក ហ្នឹង។ ពេល ចូល ទៅ ត្រូវ ចាប់ លេខ រៀង ដើម្បី ប្រើ ប្រាស់»។

តើ អ្វី ជា ដំណោះ ស្រាយ ក្នុង ការ កាត់ បន្ថយ ការរង់ចាំ?

លោក សុផាន់ណារិទ្ធ បញ្ជាក់ ថា៖ «ក្រុម គ្រូពេទ្យ មាន គ្រប់ គ្រាន់ សម្រាប់ ការ ព្យាបាល ប៉ុន្តែ ដោយសារ សមាជិក ច្រើន ពេក ធ្វើ ឲ្យ កក ស្ទះ នៅ កន្លែង រង់ចាំ។ យើង បាន ពិភាក្សា ជាមួយ នឹង មន្ទីរ ពេទ្យ ផ្សេងៗ ដែល ជា ដៃគូ ដូចជា តាម រយៈ ការ រៀបចំ បញ្ជរ ឲ្យ បាន ច្រើន ជាង មុន រៀប ចំ ក្រុម គ្រូ ពេទ្យ ប្រចាំ ការ ច្រើន ជាង មុន ក៏ ដូចជា មាន កៅអី អង្គុយ រង់ចាំ សមរម្យ និង មាន អ្នក សម្រប សម្រួល។ យើង បាន ពិភាក្សា គ្នា រក វិធី ដោះ ស្រាយ បញ្ហា នេះ ជា ច្រើន លើក ច្រើន សារ»។

លោក វេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធាន វិទ្យាស្ថាន វេជ្ជសាស្ត្រ ជីវសាស្ត្រ និង កសិកម្ម នៃ រាជ បណ្ឌិត សភា កម្ពុជា យល់ ឃើញ ថា ការ កើន ឡើង នៃ ប្រជាពលរដ្ឋ ដែល ប្រើ ប័ណ្ណ ប.ស.ស. នៅ តាម មន្ទីរ ពេទ្យ រដ្ឋ បង្ហាញ ពី ភាព ជោគជ័យ របស់ រដ្ឋាភិបាល ក្នុង ការ គ្រប ដណ្ដប់ នៃ សុខាភិបាល ប្រសើរ ជាង មុន និង ជា មោទនភាព មួយ របស់ រដ្ឋាភិបាល ក្នុង ការ ធ្វើ កំណែ ទម្រង់ វិស័យ សុខាភិបាល។

លោក ថ្លែង ថា៖ «ជា ធម្មតា គាត់ ជឿជាក់ កន្លែង ណា គាត់ នាំ គ្នា សម្រុក ទៅ កន្លែង ហ្នឹង។ កន្លែង ណា ក៏ ដូច កន្លែង ណា មន្ទីរពេទ្យ តែង តែ មាន កំណត់ សម្រាប់ ចំនួន មនុស្ស គឺ មិន អាច លើស ពី សមត្ថភាព និង បរិមាណ ដែល គ្រូ ពេទ្យ អាច ទទួល បាន ក្នុង រយៈ ពេល មួយ ថ្ងៃៗ ទេ។ ឧទាហរណ៍ មួយ ថ្ងៃ ត្រូវ ព្យាបាល ២០ ទៅ ៣០ នាក់ បើ ឡើង ដល់ ២០០ ឬ ៣០០ នាក់ ក៏ អត់ បាន ដែរ»។

ជា ដំណោះ ស្រាយ លោក លើក ទឹក ចិត្ត ឲ្យ អ្នក ទៅ ទទួល សេវា ស្វែង រក មន្ទីរពេទ្យ ដៃគូ របស់ ប.ស.ស. ផ្សេង ទៀត ក្រៅ ពី មន្ទីរពេទ្យ ធំៗ ល្បី ឈ្មោះ ហើយ អាជ្ញាធរ ពាក់ ព័ន្ធ ត្រូវ ពន្យល់ ប្រជាពលរដ្ឋ ឲ្យ យល់ ពី ពេទ្យ ដៃគូ របស់ ប.ស.ស. ដើម្បី ចែក រំលែក បន្ទុក ទទួល មនុស្ស ក្នុង ចំនួន ច្រើន។

លោក បញ្ជាក់ ថា៖ «ជួន កាល គាត់ ដឹង ថា ប.ស.ស. ទៅ បាន តែ ពេទ្យ រដ្ឋ ដូច្នេះ ត្រូវ ពន្យល់ គាត់ ឲ្យ បាន ដឹង។ មួយ ទៀត ត្រូវ កំណត់ ចំនួន មនុស្ស ដែល មន្ទីរ ពេទ្យ អាច ទទួល បាន ក្នុង មួយ ថ្ងៃ។ ការ ធ្វើ ដូច្នេះ ដើម្បី ចៀស វាង កុំ ឲ្យ ប្រជាពលរដ្ឋ ត្រូវ នៅ រង់ចាំ ហើយ រអ៊ូ»។

Nº.0520


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top