លោក ដូណាល់ ត្រាំ ដាក់ប្រទេសជាង ៤០ ហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក

7News

 លោក ដូណាល់  ត្រាំ ដាក់ប្រទេសជាង ៤០ ហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក

ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥៖

រដ្ឋបាលលោកប្រធានាធិបតីអាមរិក ដូណាល់ ត្រាំ កំពុងពិចារណាលើការរឹតត្បិត ឬ ហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង៤០ ប្រទេស ក្នុងនោះរួមមានប្រទេសមួយចំនួ ន នៅតំបន់អាស៊ីអាគេ្នយ៍ផង។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The New York Times នៅថ្ងៃសុក្រ ទី១៤ មីនា។

បញ្ជីព្រាងរឹតត្បិត ឬ ហាមឃាត់ការធ្វើដំណើរចូលដឹកអាមេរិក ចំពោះប្រជាពលរដ្ឋមកពី ៤៣ ប្រទេស ធ្វើឡើងនៅពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ មករា ឆ្នាំ២០២៥ កន្លងមក។ បញ្ជីព្រាងនេះបែងចែកជាបីប្រភេទ ជាអាទិ៍ បញ្ជីប្រទេសពណ៌ក្រហម បញ្ជីប្រទេសពណ៌ទឹកក្រូច និងបញ្ជីប្រទេសពណ៌លឿង។

ទី១ ប្រជាពលរដ្ឋមកពី ១១ប្រទេស ដែលស្ថិតក្នុងបញ្ជីពណ៌ក្រហម រួមមាន អាហ្វហ្កានីស្ថាន ប៊ូតង់ គុយបា អ៊ីរ៉ង់ លីប៊ី កូរ៉េខាងជើង សូម៉ាលី សូដង់ វេណេហ្សុយអេឡា ស៊ីរី និង យ៉េមែន ត្រូវហាមឃាត់ទាំងស្រុង មិនឲ្យចូលទឹកដីអាមេរិក។ ទី២ ប្រទេសដែលស្ថិតក្នុងបញ្ជីពណ៌ទឹកក្រូច ទាំង១០ប្រទេស រួមមាន បេឡារុស ហាអ៊ីទី ឡាវ និង ភូមា ជាដើម ត្រូវផ្អាកការផ្តល់ទិដ្ឋាការនិស្សិត ទិដ្ឋាការអន្តោប្រវេសន៍ និងទិដ្ឋាការទេសចរណ៍ លើកលែងទិដ្ឋាការសម្រាប់ធ្វើអាជីវកម្ម។ ទី៣ ប្រទេសដែលស្ថិតក្នុងបញ្ជីពណ៌លឿង ទាំង២២ប្រទេស រួមមាន កាមេរូន កម្ពុជា ម៉ាលី ជាដើម អាចប្រឈមនឹងការរឹតត្បិតការធ្វើដំណើរ ចូលទឹកអាមេរិក ឬ បញ្ចូលក្នុងបញ្ជីពណ៌ក្រហម និងបញ្ជីពណ៌ទឹកក្រូច។

ចំពោះប្រទេសដែលស្ថិតក្នុង បញ្ជីពណ៌លឿង លោកដូណាល់ ត្រាំ បានទុកពេល ៦០ថ្ងៃ ដល់ក្រសួងការបរទេសអាមេរិក គិតចាប់ពីថ្ងៃទី២០ មករា ឆ្នាំ២០២៥ ពោលគឺនៅសប្តាហ៍ក្រោយ ដើម្បីធ្វើរបាយការណ៍ចុងក្រោយ ដាក់ជូនសេតវិមានអាមេរិកពិនិត្យ និងសម្រេច។ ដោយឡែក បើយោងតាមមន្រ្តីអាមេរិកមួយរូប ដោយមិនបញ្ចេញឈ្មោះ បានប្រាប់កាសែត the New York Times ថា កាលពីប៉ុន្មានសប្តាហ៍មុន ក្រសួងការបរទេសអាមេរិកបានកែសម្រួលបញ្ជីឈ្មោះប្រទេសដែលស្ថិតក្នុង បញ្ជីពណ៌លឿង។

សូមបញ្ជាក់ថា ការចេញក្រឹត្យរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃ២០ ខែមករា កន្លងមក បញ្ជាក់ពីការស្តារឡើងវិញនូវការរឹតត្បិត ឬ ហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិកដោយខុសច្បាប់ គឺដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋអាមេរិក ពីជនអន្តប្រវេសន៍ដែលមានបំណងធ្វើភេរវកម្ម គម្រាមកំហែងដល់សន្តិសុខជាតិ បង្កើតមនោគមន៍វិជ្ជាស្អប់ខ្ពើម ឬ កេងចំណេញពីច្បាប់អន្តោប្រវេសន៍ប្រព្រឹត្តអំពើទុច្ចរិតណាមួយ។

សូមរំឭកថា កាលពីអាណ្ណតិទី១ ចាប់ពីឆ្នាំ២០១៧ ទៅឆ្នាំ២០២១ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានចេញ បញ្ជាឲ្យរឹតបន្តឹងការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីប្រទេសកាន់សាសនាអ៊ីស្លាម ចំនួន៧ប្រទេស ក្រោមហេតុផលសន្តិសុខជាតិ។

Nº.0535

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top