ក្រោយសោកនាដកម្ម អគ្គិភ័យ ក្នុងឆ្នាំ២០២៣ វៀតណាម កាត់ទោស ម្ចាស់អគារដែលឆេះស្លាប់មនុស្ស ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ

7News

ក្រោយសោកនាដកម្ម អគ្គិភ័យ ក្នុងឆ្នាំ២០២៣ វៀតណាម កាត់ទោស ម្ចាស់អគារដែលឆេះស្លាប់មនុស្ស ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ

ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥៖

គ្រោះ អគ្គិភ័យដ៏ធំក្នុងខែកញ្ញា ឆ្នាំ២០២៣ បាន សម្លាប់មនុស្ស ៥៦ នាក់ ជា សោកនាដកម្មភ្លើងឆេះ ដ៏ ធ្ងន់ធ្ងរ ជាង គេ បំផុត នៅ វៀតណាម នា២ទសវត្សរ៍ ចុងក្រោយ។ ទីបំផុតទៅ តុលាការ ក្រុង ហាណូយបាន ផ្តន្ទាទោសម្ចាស់អគារ ដែលត្រូវភ្លើងឆេះនោះ ឲ្យ ជាប់ ពន្ធនាគារ ចំនួន ១២ ឆ្នាំ ។  តុលាការវៀតណាម ក៏ បាន កាត់ទោស ដាក់ពន្ធនាគារ ចំពោះ មន្ត្រី មូលដ្ឋាន ៧ នាក់ ដែលបាន ឃុប ឃិត ជាមួយ ម្ចាស់ អគារ ។

ម្ចាស់អគារ ដែលរងគ្រោះ អគ្គិភ័យ ឆេះស្លាប់មនុស្ស៥៦នាក់ និង៤៤នាក់ រងរបួស កាលពីឆ្នាំ២០២៣ បានត្រូវ តុលាការ វៀតណាម សម្រេច ផ្តន្ទាទោស ដាក់ ពន្ធនាគារចំនួន ១២ ឆ្នាំ។ សេចក្តី សម្រេច របស់ តុលាការក្រុងហាណូយ បញ្ជាក់ថា ម្ចាស់ អគារលំនៅដ្ឋាន ឈ្មោះ Nghiêm Quang Minh វ័យ ៤៥ ឆ្នាំ គួរតែត្រូវ ទទួល ទោស ពៃរ៍ ឲ្យ ធ្ងន់ធ្ងរ បំផុត។ ដ្បិត ថា ទង្វើ របស់ បុគ្គលនេះ បង្កគ្រោះថ្នាក់ខ្លាំង ដែល បណ្តាល ឲ្យ បាត់បង់ អាយុជីវិត មនុស្ស អស់ ជាច្រើន នាក់ និង ខូច ខាត ទ្រព្យសម្បត្តិ យ៉ាង សន្ធឹកសន្ធាប់ ។ ក្នុង ចំណោម អ្នក ស្លាប់ និងអ្នក រងរបួស ក៏ មាន កូនក្មេងតូចៗ ហើយ គ្រួសារខ្លះ ស្លាប់ មួយ ពូជ តែម្តង។ នេះបើតាម សាលាក្រម របស់ តុលាការ ក្រុងហាណូយ នៅ ថ្ងៃ សុក្រ ទី ១៤ មីនា។

ចំណែក ពិន័យ រដ្ឋប្បវេណី តុលាការ វៀតណាមក៏បាន បង្គាប់ ឲ្យម្ចាស់អគារ រូបនេះ ប្រគល់ សំណង ជំងឺចិត្ត ចំនួន ២៣,៧ ពាន់លានដុង ស្មើ នឹង ប្រហែល ៩០ ម៉ឺន ដុល្លារ ទៅឲ្យ ក្រុមគ្រួសារ ជនរងគ្រោះ និងអ្នក រស់ រានមានជីវិត ពី អគ្គិភ័យ ។

ក្រុមគ្រួសារ ជនរងគ្រោះមួយ ចំនួន បាន ប្រាប់ ថា សាលក្រមនេះ ដាក់ទោស ស្រាលណាស់ និង ថា ពួកគេ មិន ពេញចិត្តទេ។



ដោយឡែក តុលាការ ក្រុង ណាហូយ ក៏បាន ដាក់ទោស ព្រហ្មទណ្ឌ ចំពោះ មន្ត្រី រដ្ឋការ វៀតណាម ចំនួន ៧ នាក់ ឲ្យជាប់ក្នុង ពន្ធនាគារ ចន្លោះពី ៣០ខែ ទៅ ៧ឆ្នាំ ពីបទ បំពាន លើតួនាទី ទំនួល ខុសត្រូវ និង បណ្តាលឲ្យ មាន ផលវិបាកធ្ងន់ធ្ងរ។

គួរ ជ្រាបថា ម្ចាស់ អគារ ផ្ទះជួល នោះ បាន កែ ប្រែ គំរូ ប្លង់ អគារ ដោយ លួច សាងសង់ អគារ ៣ ជាន់ ថែមលើសចំនួន ក្នុង ប្លង់ដើមដែល បាន អនុញ្ញាតរួច ហើយ ដើម្បីបាន ចំណេញ សង់ បន្ទប់ ជួល ១២ បន្ទប់ បន្ថែមទៀត។ អគារ លំនៅដ្ឋាន នោះ ទៀតសោត បានរំលោភបំពានច្បាប់ស្តីពី សុវត្ថិភាពលំនៅដ្ឋាន។ ក្រៅពី គ្មាន ប្រព័ន្ធប្រកាសអាសន្ន អគ្គិភ័យ បន្ទប់ខ្លះ គ្មានបង្អួច មានតែ ប្រឡោះ ខ្យល់ ចេញចូល តូចមួយ។ អគារទាំង មូល មាន ជណ្តើរឡើងចុះ តែមួយគត់ និងគ្មាន ជណ្តើរផ្សេងនៅខាងក្រៅ ឬ ច្រក ផ្លូវ ចេញផ្សេង សម្រាប់ ពេល មាន គ្រោះអាសន្ននោះឡើយ ។ ការ ស៊ើបអង្កេតរបស់ សមត្ថកិច្ចវៀតណាម ក៏ បញ្ជាក់ ថា អាជ្ញាធរ មូលដ្ឋាន បាន ដឹង រឿងខុស ច្បាប់ ទាំង នេះ តែ បាន លាក់បាំង និង មិនព្រម រាយការណ៍ ទៅ ថ្នាក់លើ ដើម្បី ចាត់វិធានការ ។


ក្រោយសោកនាដកម្ម អគ្គិភ័យ ក្នុងឆ្នាំ២០២៣នោះ រដ្ឋាភិបាល វៀតណាម បាន ចេញបទបញ្ជាឲ្យ អាជ្ញាធរ ចុះ ត្រួត ពិនិត្យ គុណភាព អគារលំនៅដ្ឋាន ទូទាំង ប្រទេស ដោយ តម្រូវ ឲ្យ បំពាក់ ប្រព័ន្ធ សុវត្ថិភាព បង្ការ ភ្លើង ឆេះ ហើយអាជ្ញាធរ វៀតណាម ក៏បាន ចេញ ច្បាប់ កំណត់ វិធានការ សុវត្ថិភាព ចំពោះ សំណង់អគារ ដែលត្រូវសាងសង់ថ្មីដែរ។

វៀតណាម មាន ប្រជាជន ប្រមាណ ១០០ លាននាក់ តែពលរដ្ឋ១ភាគ ៣ ត្រូវ ប្រមូលផ្តុំ រស់ នៅ ក្នុង ទីក្រុង និង ទីប្រជុំជន ដ៏ ចង្អៀត ណែន។ ក្នុង ឆ្នាំ ២០២២ ក៏ មានភ្លើងឆេះ កន្លែង រង្គសាលច្រៀង ខារ៉ាអូខេ ស្លាប់ មនុស្ស ជាង ៣០នាក់៕

Nº.0530

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top