OTANនិងសហភាព អឺរ៉ុបប្រជុំគ្នាអំពីបញ្ហា ការពារជាតិ

7News

 OTANនិងសហភាព អឺរ៉ុបប្រជុំគ្នាអំពីបញ្ហា ការពារជាតិ

ចេញផ្សាយថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០២៥៖

នៅថ្ងៃទី ៣កុម្ភៈ ក្រុមប្រទេសសមាជិក សហភាពអឺរ៉ុបទាំង ២៧ រួមទាំងអង់គ្លេស បានបើក ជំនួបកំពូលពិសេសមួយជាមួយ អង្គការសម្ព័ន្ធមិត្តអូតង់ នៅទីក្រុង ព្រុចស៊ែល ។ កម្មវត្ថុនៃជំនួបកំពូលនេះ គឺនិយាយគ្នា អំពី បញ្ហាការពារសន្តិសុខ ដែល ជារឿងដ៏ស្មុគស្មាញ និង កាន់តែបន្ទាន់បំផុត ព្រោះថា រុស្ស៊ី កាន់តែគំរាមខ្លាំងឡើង ហើយចំណែក សហរដ្ឋអាមេរិក ក្រោម ការដឹកនាំរបស់ លោក ដូណាល់ ត្រាំវិញ កាន់តែរករឿងលែងចង់ជួយការពារអឺរ៉ុប ប្រសិន បើមិនបង់ប្រាក់ ឲ្យ បានច្រើន ទេនោះ ។


នេះជាលើកទី ១ដែល អង្គការសម្ព័ន្ធភាព អាត្លង់ទិកខាងជើង ហៅកាត់ថាអូតង់ឬណាតូ បើកជំនួបកំពូលជាមួយសហភាពអឺរ៉ុប បន្ទាប់ពី លោកដូណាល់ ត្រាំបានត្រលប់ចូលមកកាន់អំណាចវិញ។ ជំនួបកំពូល នេះ មានលក្ខណៈពិសេសថែមទៀត ព្រោះវាមានកម្មវត្ថុ និយាយ ផ្តោតតែទៅលើ បញ្ហា ការពារជាតិ ។ លោក នាយករដ្ឋមន្ត្រីអង់គ្លេស Kir Starmer ក៏មានវត្តមានជាពិសេសនៅ ទីក្រុង ព្រុចស៊ែល ថ្ងៃទី ៣ កុម្ភៈដែរ ដើម្បីចូល ជំនួបកំពូល ដ៏មានសារៈសំខាន់ នេះ ។

គួរ បញ្ជាក់ថា បញ្ហា សន្តិសុខការពារជាតិ នៅអឺរ៉ុបនាពេលនេះ គឺវាស្ថិតនៅ ក្នុងបរិបទមួយដែលមានសំពាធ កាន់តែធ្ងន់។ ទីមួយ រុស្ស៊ីគំរាមកាន់តែខ្លាំង។ មាន ការព្រួយ បារម្ភធំឡើងថា ឆ្នាំនេះឬឆ្នាំក្រោយ រុស្ស៊ីប្រាកដជាចាប់ផ្តើមឈ្លានពានប្រទេសអឺរ៉ុបណាមួយ ទៀត ។ បញ្ហា ទី២នោះ គឺអឺរ៉ុបកាន់តែអស់សង្ឃឹម ក្នុងការទទួលបានការការពារពីអូតង់ ព្រោះថាលោកដូណាល់ ត្រាំ បាននិយាយគំរាម ថាអាមេរិក នឹងមិនជួយការពារអឺរ៉ុបទេ ប្រសិន បើអឺរ៉ុប មិនព្រមដំឡើងកញ្ចប់ប្រាក់ ចំណាយ មកលើ អូតង់ ឲ្យ បាន ម្នាក់ ៥%នៃចំណូលដុលរៀងៗខ្លួន ។

ជាងនេះទៀត លោកដូណាល់ ត្រាំ បានគំរាមដោយចំពោះមកលើ ប្រទេសដាណឺម៉ាក ទាក់ទិននឹង សំណុំរឿង កោះហ្ក្រូអិន ឡងដ៍ ដែល លោកដូណាល់ត្រាំ បាននិយាយហើយ និយាយទៀត ថាអាមេរិក ចង់ បាន យកមកធ្វើជារបស់ខ្លួន ។ មិនមែនតែរុស្ស៊ីទេដែលគំរាមសន្តិសុខអឺរ៉ុប សូម្បីតែអាមេរិកដែលជាសម្ព័ន្ធមិត្ត របស់អឺរ៉ុប ពេលនេះ ក៏គំរាមចង់បាន ទឹកដីអឺរ៉ុបដែរ ហើយថែមទាំង ប្រកាសសង្គ្រាម ពាណិជ្ជកម្ម ជាមួយអឺរ៉ុបទៀត។

ជាការពិតណាស់ បន្ទាប់ពីរុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន ក្រុមប្រទេសអឺរ៉ុបបានចាប់ផ្តើមភ័យព្រួយ និង បាន ដំឡើងការចំណាយ លើវិស័យ ការពារជាតិព្រមៗគ្នា តាមរយៈការទិញគ្រឿងសព្វាវុធទំនើបៗមកទុក បម្រុង ។ តែទន្ទឹមគ្នានេះ ក្រុមប្រទេសអឺរ៉ុបទទួលស្គាល់ថា វានៅយឺតមិនលឿនដូចស្ថានការណ៍ បន្ទាន់។ គ្រប់ប្រទេសសមាជិកសហភាពអឺរ៉ុបយល់ស្របគ្នាលើចំណុច ថា ត្រូវតែដំឡើងការចំណាយ លើវិស័យកងទ័ព។ តែមានសំណួរជាច្រើន ដែលនៅមិនទាន់មានចម្លើយ។ ទីមួយតើត្រូវដំឡើងប្រាក់ចំណាយ ដោយ វិធីណា? បានប្រាក់មកពីណា? ហើយថាតើត្រូវទិញអាវុធមកពីណា? ទិញអាវុធផលិតនៅអឺរ៉ុបខ្លួនឯងដើម្បីការពារស្វ័យភាព ឬទិញពីខាងក្រៅ ?

ទាក់ទិននឹង ថវិកា ប្រទេសមួយចំនួនដូចជាបារាំង អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញជាដើម បាន អំពាវនាវ ឲ្យ ធនាគារវិនិយោគ អឺរ៉ុប BEI ត្រូវតែបញ្ចេញថវិកា ឲ្យ បានច្រើន ទៅក្នុងវិស័យផលិតនិងទិញសព្វាវុធ ។ តែប្រទេសខ្លះទៀត លើកឡើងថា ឧស្សាហកម្ម ផលិតសព្វាវុធរបស់អឺរ៉ុបរាល់ថ្ងៃនេះ ផលិត មិនទាន់តាមតម្រូវការ ទេ ដូច្នេះត្រូវតែ ទិញពីក្រៅមក ខ្លះ មិនត្រូវបិទផ្លូវឡើយ ។ អ្នកខ្លះទៀតបានស្នើថា ត្រូវតែបន្តទិញគ្រឿងសព្វាវុធពីអាមេរិកខ្លះ ព្រោះដើម្បី ថ្នមចិត្ត លោកដូណាល់ ត្រាំ។ ទន្ទឹមគ្នានេះ បារាំងត្រូវគេចោទថា កំពុងតែគិតការពារឧស្សាហកម្មផលិត អាវុធខ្លួន ដោយចង់តែទាញឲ្យ តែគេទិញអាវុធផលិត នៅអឺរ៉ុប។

ដោយឡែកអាល្លឺម៉ង់វិញ ដែលជិតបោះឆ្នោត សភា មិនចង់និយាយ អំពី ការរួមគ្នាខ្ចីប្រាក់ក្នុងក្របខណ្ឌអឺរ៉ុបដើម្បីយកមកទិញសព្វាវុធឡើយ ព្រោះ ប្រជាជនអាល្លឺម៉ង់កាន់តែរិះគន់ខ្លាំងអំពីការចំណាយ ច្រើនជ្រុល ។ តែយ៉ាងណាក៏ដោយ ផ្អែកប្រភពពីមន្ត្រីទូតអឺរ៉ុប ក្រុមប្រទេសអឺរ៉ុបត្រូវតែ អារកាត់ហ៊ាននិយាយត្រង់ទៅត្រង់មក ស្តីអំពីបញ្ហា ថវិកា ដើម្បីយកមកទិញអាវុធ បើទោះបីបញ្ហានេះ វាជារឿងមួយដ៏ទើសទាល់បំផុតក៏ដោយ ។ ពុំនោះទេ ជំនួបកំពូលជាមួយអូតង់នៅពេលនេះ វាគ្រាន់តែជាប្រជុំគ្នា ធ្វើ ឲ្យតែល្អមើលតែប៉ុណ្ណោះ៕

Nº.0418

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top