រុស្ស៊ី សម្រុកវាយដណ្ដើម ខ្លាំង ទៅ លើ អ៊ុយក្រែន ទាំង មីស៊ីល និងដ្រូន
ចេញផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥៖
កងទ័ពរុស្ស៊ី បានអះអាងកាលពីថ្ងៃសៅរ៍ ទី ១កុម្ភៈ ថាគេបានវាយដណ្តើម បាន ភូមិអ៊ុយក្រែនមួយទៀត ស្ថិតនៅមិនឆ្ងាយ ប៉ុន្មាន ពី ទីក្រុង តូរ៉េតស្ក៍ (Toretsk) នៅតំបន់ ដូណេតស្ក៍។ ប្រភព ពី អ៊ុយក្រែនវិញបាន ឲ្យដឹងថា ក្នុងវេលាយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ កងទ័ពរុស្ស៊ីបា នសម្រុក វាយ ប្រហារ ដោយ ប្រើមីស៊ីល ជាង ៤០គ្រាប់ និង ដ្រូន ជាង ១០០ គ្រឿង ទៀត បណ្ដាល ឲ្យ ស្លាប់ប្រជាជន អ៊ុយក្រែន យ៉ាងហោច ១១នាក់។
កងទ័ពរុស្ស៊ីកំពុងបន្តមានប្រៀប ខ្លាំងឡើងៗ ទៅលើ កងទ័ពអ៊ុយក្រែន ។ នៅថ្ងៃសៅរ៍ទី១កុម្ភៈ កងទ័ពរុស្ស៊ីអះអាងថាបានវាយ ដណ្តើមបានភូមិមួយកន្លែងទៀត ស្ថិតនៅ មិនឆ្ងាយ ប៉ុន្មានពីទីក្រុង Toretsk ក្នុងតំបន់ដូណេតស្ក៍។ បន្ថែមពីនេះ កងទ័ពរុស្ស៊ី បាននិងកំពុងបន្តរុលទៅមុខ នៅ តំបន់ ខារគីវ ហើយ កាន់តែខិតចូលទៅកៀកនឹងទីក្រុង Koupiansk របស់អ៊ុយក្រែន ។
ដោយឡែក លោកហ្សេឡេនស្គី បានបង្ហោះសារ តាម បណ្តាញតេឡេក្រាមថា នៅវេលាយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ កងទ័ពរុស្ស៊ីបានសំរុក បាញ់ ផ្លោង គ្រាប់យ៉ាងដំណំ ទៅលើទីក្រុង ធំៗជាច្រើនរបស់ អ៊ុយក្រែន។ ក្នុងតែមួយយប់ យ៉ាងហោចណាស់ កងទ័ពរុស្ស៊ីបាន បាញ់មីស៊ីលចំនួន ៤២គ្រាប់ និង ដ្រូនចំនួន ១២៣គ្រឿង មកបំផ្ទុះផ្តាច់ជីវិតប្រជាជន អ៊ុយក្រែន ចំនួន ១១នាក់យ៉ាងតិច។ ប្រភពពីកងទ័ពអ៊ុយក្រែនអះអាងថា ប្រព័ន្ធការពារផ្លូវអាកាស បានស្ទាក់កំទេច មីស៊ីល រុស្ស៊ី បានច្រើនគ្រាប់ ព្រមទាំងបានបាញ់កម្ទេចដ្រូន ចំនួន ៥៦គ្រឿង។
លោក ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះសារ លើកឡើងថា រុស្ស៊ី បន្ត វាយ ប្រហារភេរវកម្មជារៀងរាល់ថ្ងៃ ឈ្លានពាន មកលើទឹកដី និងសម្លាប់ អាយុជីវិតប្រជាជនស្លូតត្រង់អ៊ុយក្រែន។ គឺចំណុចនេះហើយ ដែល លោក សូមអំពាវនាវ ឲ្យ ប្រទេស សម្ព័ន្ធមិត្តបន្តជួយអ៊ុយក្រែន តាមរយៈការផ្តល់ ឲ្យ នូវប្រព័ន្ធការពារផ្លូវអាកាស ឲ្យ បានច្រើនគ្រឿង ដើម្បីឲ្យ អ៊ុយក្រែន មានលទ្ធភាពការពារខ្លួន ទប់ទល់នឹងចោរឈ្លានពាន ។
គួរកត់សំគាល់ថា សង្គ្រាមនៅ អ៊ុយក្រែនបានផ្ទុះឡើងជិតឈានចូលគ្រប់៣ឆ្នាំហើយ។ ជាច្រើនខែមកនេះ គេសង្កេតឃើញថាកងទ័ពអ៊ុយក្រែន បានវាយដកថយ កាន់តែខ្លាំង ដោយ សារខ្វះកម្លាំងទ័ពនិងគ្រឿងសព្វាវុធ ។ យោងតាមទីភ្នាក់ងារ ព័ត៌មានរុស្ស៊ី Interfax ក្រសួង ការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសៅរ៍ទី១កុម្ភៈថា កងទ័ពរុស្ស៊ី នឹង សម្រុក វាយ កំទេចហេដ្ឋារចនាសម្ព័ន្ធ បំពង់បង្ហូរឧស្ម័ន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ថាមពល ផ្សេងទៀត របស់អ៊ុយក្រែន។ យុទ្ធសាស្ត្ររុស្ស៊ី នៅពេលនេះ គឺ ចង់វាយបំបាក់ ឲ្យ អ៊ុយក្រែន ទំលាក់អាវុធព្រមចុះចាញ់តែម្តង ។
ក្រោយ ការវិល មក កាន់អំណាចវិញរបស់ លោក ដូណាល់ ត្រាំ នៅ ដើមឆ្នាំ ២០២៥នេះ មានការប្រមើលមើលរំពឹងកាន់តែខ្លាំង ថាអាចនឹងមាន ការចរចាបិទបញ្ចប់សង្គ្រាម ព្រោះថា អាមេរិក នឹងលែងជួយអ៊ុយក្រែនទៀតហើយ ។ លោកដូណាល់ ត្រាំ តែងតែបានរិះគន់ថាអាមេរិក បានចំណាយ ប្រាក់ច្រើនឥតប្រយោជន៍ នៅក្នុងការជួយ ការពារអ៊ុយក្រែន ។ យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ មិនទាន់មាន តម្រុយណាមួយ ស្តីអំពី ជំនួបចរចា រវាងភាគីពាក់ព័ន្ធនៅឡើយទេ ៕
Nº.0408