ចិន បានប្រកាសសងសឹកអាមេរិកវិញ ដោយដំឡើងពន្ធលើទំនិញមួយចំនួនពីអាមេរិក
ចេញផ្សាយថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២៥៖
ទីបំផុតនៅថ្ងៃចន្ទ ទី៣ កុម្ភៈ និងបន្ទាប់ពីបានជួបជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីម៉ិកស៊ិក និងនាយករដ្ឋមន្រ្តីកាណាដាមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានយល់ព្រមពន្យាររយៈពេល ១ខែ ចំពោះការដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា។ ការសម្រេចរបស់លោកត្រាំធ្វើឡើង ១ថ្ងៃមុនក្រិត្យដំឡើងពន្ធលើទំនិញនាំចូលពីកាណាដា ម៉ិកស៊ិក និងចិនចូលជាធរមាននាថ្ងៃអង្គារ ទី៤ កុម្ភៈ។ ដោយឡែក ការដំឡើងពន្ធលើទំនិញចិនត្រូវបានលោកត្រាំរក្សាទុកដដែល និងត្រូវបានចិនវាយបកសងសឹកវិញដោយដំឡើងពន្ធលើទំនិញមួយចំនួននាំចូលពីអាមេរិក។
ដើម្បីឆ្លើយតបនឹងការគំរាមរបស់លោក ដូណាល់ ត្រាំដែលបានដំឡើងពន្ធ ១០% លើទំនិញរបស់ខ្លួនដែលចូលជាធរមាននៅថ្ងៃអង្គារ ទី៤ កុម្ភៈនេះ ចិនក៏បានប្រកាសដំឡើងពន្ធគយ ១០% វិញលើទំនិញមួយចំនួនមកពីអាមេរិក មានជាអាទិ៍ រថយន្ត ប្រេងសាំង និងគ្រឿងម៉ាស៊ីនកសិកម្ម។ បន្ថែមពីនេះ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានដំឡើងពន្ធចំនួន ១៥% លើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវនាំចូលពីអាមេរិកដែរ។ ការដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកនេះនឹងត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃចន្ទ ទី១០ កុម្ភៈ ខាងមុខ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃអង្គារ ទី៤ កុម្ភៈ រដ្ឋាភិបាលចិនបានបង្ហាញភាពត្រឹមត្រូវលើការសម្រេចចិត្តនេះ និងបានចោទអាមេរិកថាបានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់។ ការដំឡើងពន្ធគយដោយឯកតោភាគីរបស់រដ្ឋាភិបាលអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ ការធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន មិនអាចជួយដោះស្រាយបញ្ហារបស់អាមេរិកបានឡើយ និងថែមទាំងបានធ្វើឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរទៀតផង។
ក្រៅពីការសងសឹកដោយដំឡើងពន្ធ ចិនបានសងសឹកអាមេរិក ដោយដាក់បណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក។ ទន្ទឹមគ្នានេះ ចិនក៏កំពុងរឹតបន្តឹងច្បាប់នាំចេញរ៉ែយុទ្ធសាស្ត្រ រួមមាន តង់ស្តែន តេលូរីម ប៊ីស្មុត ម៉ូលីបដិន និងផលិតផលដែលទាក់ទងនឹងអាំងឌីយ៉ូម។ រ៉ែទាំងនេះគឺចាំបាច់សម្រាប់ប្រើប្រាស់ក្នុងវិស័យទំនើបៗមួយចំនួន ដូចជា អេឡិចត្រូនិច ថាមពលកកើតឡើងវិញ អាកាសចរ លំហអាកាស និង វិស័យការពារជាតិ។ បន្ទាប់មក ចិនក៏បានប្រកាសស៊ើបអង្កេតលើក្រុមហ៊ុន Google របស់អាមេរិកដែលរងការសង្ស័យពីបទរំលោភបំពានលើបទប្បញ្ញត្តិ និងច្បាប់ប្រឆាំងសិទ្ធិគ្រប់គ្រងទីផ្សារផ្តាច់មុខនៅក្នុងប្រទេសចិន។