លោក ពូទីន ត្រៀមចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន តែមិនចង់ជួបលោក ហ្សេឡេនស្គី ដោយផ្ទាល់

7News

 លោក ពូទីន ត្រៀមចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន តែមិនចង់ជួបលោក ហ្សេឡេនស្គី ដោយផ្ទាល់

ចេញផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៖

លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងថា រុស្ស៊ីកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបចរចាបិទបញ្ចប់ សង្គ្រាមនៅអ៊ុយក្រែន។ តែទន្ទឹមគ្នានេះ លោក ពូទីន បានបដិសេធ មិនជួបចរចាដោយផ្ទាល់ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេរឡេនស្គី។ មេដឹកនាំរុស្ស៊ី បន្ថែមទៀតថា ភាគីអ៊ុយក្រែន ពុំបង្ហាញឆន្ទៈ ជួបភិភាក្សាដើម្បីខណ្ឌចប់សង្គ្រាមដ៏រ៉ាំរ៉ៃនេះឡើយ។


ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងអះអាងថា ការប្រយុទ្ធនៅសមរភូមិអ៊ុយក្រែននឹងត្រូវចប់ យ៉ាងយូរណាស់ ក្នុង២ខែទៀត ប្រសិនបើបស្ចិមលោក លែងផ្តល់ជំនួយដល់ក្រុងកៀវ ដែលកំពុងជិតអស់ស្បៀង។ ប៉ុន្តែ ភាគីអ៊ុយក្រែន បានច្រានចោល ការលើកឡើងនេះ ទាំងស្រុង។

មេដឹកនាំរុស្ស៊ី បន្ថែមថា រាល់កិច្ចចរចាដែលប្រព្រឹត្តទៅឥឡូវនេះ គឺ មិនស្របច្បាប់ទេ នេះបើយោងតាម ក្រិត្យចេញដោយលោក ហ្សេឡេនស្គី ក្នុងខែតុលា ឆ្នាំ ២០២២ ដែលហាមមិនឲ្យធ្វើកិច្ចចរចាជា មួយរុស្ស៊ី ដរាបណាលោក ពូទីន នៅកាន់អំណាចនៅឡើយ។ ទោះយ៉ាងណា ប្រធានាធិបតីរុស្ស៊ី រំពឹងថា នឹងអាចរកឃើញ មធ្យោបាយតាមផ្លូវច្បាប់ណាមួយ ដើម្បីឈានទៅដល់ការចរចាគ្នា ប្រសិនបើក្រុងកៀវ ពិតជាមានបំណងមែន។

ថ្មីៗនេះដែរ លោក ពូទីន ក៏បានថ្លែងថា លោកត្រៀមជួបពិភាក្សា ជុំវិញប្រធានអ៊ុយក្រែន ជាមួយ លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ តែគិតមកទល់ពេលនេះ ភាគីទាំងពីរ នៅតែមិនទាន់កំណត់ កាលបរិច្ឆេទច្បាស់លាស់ នៅឡើយទេ។


គួរបញ្ជាក់ថា អ៊ុយក្រែន សម្តែងក្តីព្រួយបារម្ភ ខ្លាចក្រែងត្រូវគេបង្ខំឲ្យចូលតុចរចារួមមួយ ដែលមិនហុចប្រយោជន៍ តាមអ្វីដែលខ្លួនចង់បាន។ ជាពិសេស អ៊ុយក្រែន ខ្លាចត្រូវគេបង្ខំឲ្យលះបង់ ដែនដីមួយចំនួនរបស់ខ្លួន ដែលរុស្ស៊ីបានវាយដណ្តើមយក ចាប់តាំងពីសង្គ្រាមនេះបានផ្ទុះឡើង ក្នុងខែ កុម្ភៈ ឆ្នាំ ២០២២៕ 

Nº.0401

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top