សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ២នាក់ក្នុងបទសង្ស័យបានចាប់មនុស្សញាត់វ៉ាលីដើម្បីជំរិតទារប្រាក់
ចេញផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលជាតិរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន ២នាក់ ក្រោមបទចោទ បង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់។ បើតាមការស៊ើបអង្កេតរបស់សមត្ថកិច្ច ជនសង្ស័យដែលជាជនជាតិចិនទាំង ២នាក់នេះបានញាត់មនុស្សស្រីចូលក្នុងវ៉ាលី និងយកទៅបង្ខាំងទុកក្នុងផ្ទះសំណាក់ដើម្បីជំរិតទារប្រាក់។
ជនសង្ស័យជនជាតិចិនទាំង ២នាក់ដែលសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនមានម្នាក់ឈ្មោះ JIAO YOUKE អាយុ២៧ឆ្នាំ និងមា្នក់ទៀតមានឈ្មោះ ZHENG NAIWEN អាយុ៣៧ឆ្នាំ។ នេះបើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៣០មករា និងថា ជនជាតិចិនទាំង ២នាក់ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួននៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីថ្ងៃទី២៦ មករា។ នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះ១នាក់ ដែលជាជនជាតិវៀតណាម អាយុ៣៧ឆ្នាំ។
តែបន្ថែមពីការអនុវត្តច្បាប់លើជនជាតិចិនពាក់ព័ន្ធក្នុងរឿងចាប់មនុស្សស្រីញាត់វ៉ាលីដើម្បីជំរិតទារប្រាក់នៅប្រទេសកម្ពុជានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក៏បានប្រាប់ឲ្យបណ្ដាផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់ត្រួតពិនិត្យរាល់ពេលឃើញមានអ្នកអូសវ៉ាលីធំៗខុសប្រក្រតីចូលកន្លែងស្នាក់នៅ និងត្រូវរាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ច៕
Nº.0400