ស្លាប់៤នាក់ និងរបួស៥នាក់ក្នុងហេតុការណ៍ប្រជ្រៀតគ្នាយកអាំងប៉ាវនៅ ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់
ចេញផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
(ម៉ោង១:៣០នាទីរសៀល)
ភ្នំពេញ)៖ ករណីប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ (លុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម) ហើយខ្យល់គ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានស្លាប់កើនដល់៤នាក់ និងសង្គ្រោះ៥នាក់ផ្សេងទៀតនៅមន្ទីរពេទ្យ។
បើតាមសេចក្ដីរាយការណ៍, ក្នុងចំណោមអ្នកខ្យល់គហើយបញ្ជូនទៅសង្គ្រោះនោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្លាប់២នាក់ និងនៅមន្ទីរពេទ្យអង្គឌួងស្លាប់២នាក់។
ថ្លែងប្រាប់បណ្តាញព័ត៌មាន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស២នាក់ និងស្រី២នាក់) ហើយជនរងគ្រោះទាំង៤នាក់ មានអាយុច្រើន ហើយប្រហែលជាខ្សោយខ្លាំងទើបបណ្តាលឲ្យស្លាប់ពេលប្រជ្រៀតគ្នានៅទីនោះ។
ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕
លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់ថា អត្តសញ្ញាណជនរងគ្រោះ រួមមាន៖
* សង្គ្រោះនៅពេទ្យអង្គឌួង ចំនួន ៤នាក់ ស្លាប់ចំនួន ០២នាក់ (ស្រី០១នាក់ ប្រុស០១នាក់)៖
- អ្នកស្លាប់ រួមមាន៖
១. ឈ្មោះ ម៉ាន់ ស៉ីយ៉ាន ភេទប្រុស អាយុ៧១ឆ្នាំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ២. ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ ៦៧ឆ្នាំ ភូមិដំរៀងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
- អ្នកសង្គ្រោះបន្ទាន់៖
១. ឈ្មោះ ជិន តុន ភេទប្រុស អាយុ៧៥ ឆ្នាំ ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ២. ឈ្មោះ ភេទប្រុស អាយុ (មិនទាន់ស្គាល់អត្តសញ្ញាណ)។
* សង្គ្រោះនៅពេទ្យកាល់ម៉ែត្រ ចំនួន៥នាក់
- សង្រោះបន្ទាន់ (៣នាក់)៖
១. ឈ្មោះ កែវ ភឿន អាយុ៦៥ ឆ្នាំ ភេទ ប្រុស ២. ឈ្មោះ ហេង សានី ភេទប្រុស អាយុ ១៣ឆ្នាំ ៣. ឈ្មោះ នូ ស៉ី ភេទស្រី អាយុ ៣៥ឆ្នាំ ករណីនេះគាត់ទៅមើលគេ ហើយលឺថាបងខ្លួនស្លាប់ក៏សន្លប់តែម្តង។
- ករណីស្លាប់ ចំនួន ២នាក់ (ស្រី០១នាក់ ប្រុស០១នាក់)៖
១. ឈ្មោះ រឿន ចេក ភេទស្រី អាយុប្រហែល ៣៧ ឆ្នាំ ស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ២. ឈ្មោះ យស់ សារឿន ភេទប្រុសអាយុ ៤៥ឆ្នាំ ស្រុកកំណើត ភូមិកន្សោមអក ស្រុកកំពង់កំត្របែក ខេត្តព្រៃវែង៕