គ្រួសារជនរងគ្រោះទារសំណងម្នាក់៥០ម៉ឺនដុល្លារបន្ថែម ក្រោយទណ្ឌិតស្រី ស៊ីណាប្តឹងទៅឧទ្ធរណ៍

7News

 គ្រួសារជនរងគ្រោះទារសំណងម្នាក់៥០ម៉ឺនដុល្លារបន្ថែម ក្រោយទណ្ឌិតស្រី ស៊ីណាប្តឹងទៅឧទ្ធរណ៍

ចេញផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥៖

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គ្រួសារជនរងគ្រោះបានបន្តដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ក្រោយអតីតឧកញ៉ាស្រី ស៊ីណាប្តឹងទៅសាលាឧទ្ធរណ៍ពាក់ព័ន្ធនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចឱ្យស្រី ស៊ីណាជាប់ក្នុងពន្ធនាគាររយៈពេល ៣១ឆ្នាំ និងបង់សំណងជំងឺចិត្តឲ្យគ្រួសារជនរងគ្រោះជាង២លាន៥០ម៉ឺនដុល្លារ។ នៅក្នុងការបន្តប្តឹងទៅសាលាឧទ្ធរណ៍នេះ គ្រួសារជនរងគ្រោះបានទារសំណងជំងឺចិត្តបន្ថែមម្នាក់៥០ម៉ឺនដុល្លារ និងស្នើឱ្យតុលាការកាត់ទោសដាក់ទណ្ឌិតស្រី ស៊ីណាមួយជីវិត។ 

ទណ្ឌិតស្រី ស៊ីណា បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ដោយមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដែលតម្រូវឱ្យខ្លួនសងសំណងខូចខាតជាង ២លាន៥០ម៉ឺនដុល្លារ និងចោទប្រកាន់ពីបទឃាតកម្ម ប៉ុនប៉ងឃាតកម្ម ការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើលំនៅឋាន។ 

អ្នកស្រី ស៊ីន សុខគីម ម្តាយជនរងគ្រោះបានបញ្ជាក់ថា គ្រួសារជនរងគ្រោះមិនចង់បន្តរឿងក្តីក្តាំដល់សាលាឧទ្ធរណ៍ទេ ពោលចង់បិទបញ្ចប់ត្រឹមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ ចំណែកការប្តឹងបន្តទៅសាលាឧទ្ធរណ៍ត្រូវបានអ្នកស្រី ស៊ីន សុខគីមដែលតំណាងឱ្យគ្រួសារជនរងគ្រោះទាំងសងខាងបញ្ជាក់ដោយសង្ឃឹមថា សាលាឧទ្ធរណ៍នៅតែបន្តសម្រេចតម្កល់សាលក្រមកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។  

តាមអ្នកស្រី ស៊ីន សុខគីម ទណ្ឌិតស្រី ស៊ីណា ហាក់មិនទទួលស្គាល់កំហុស និងថែមទាំងគឃ្លើនដោយឥតក្រែងច្បាប់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តុលាការ ពិសេសរដ្ឋាភិបាលកម្ពុជា។ អ្នកស្រីចង់បញ្ជាក់ក្នុងន័យនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សុទ្ធតែបានសាទរចំពោះការសម្រេចរបស់តុលាការ។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី២២ មករានេះ អ្នកស្រី ស៊ីន សុខគីមបានទាមទារឱ្យទណ្ឌិតស្រី ស៊ីណា បង់ជំងឺចិត្តបន្ថែម៥០ម៉ឺនដុល្លារទៀតទៅឲ្យក្រុមគ្រួសារជនរងគ្រោះទាំងសងខាង និងស្នើឱ្យសាលាឧទ្ធរណ៍កាត់ទោសទណ្ឌិតស្រី ស៊ីណាដាក់ពន្ធនាគារអស់មួយជីវិត។ ហេតុផលនៃការទារសំណងបន្ថែមទៀតនេះ គឺដោយសារទណ្ឌិតស្រី ស៊ីណាមិនព្រមទទួលស្គាល់ការកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញដោយបន្តប្តឹងទៅឧទ្ធរណ៍។ 

បើសាលាឧទ្ធរណ៍សម្រេចដូចការទាមទាររបស់អ្នកស្រី ស៊ិន សុខគីមមែន ទណ្ឌិតស្រី ស៊ីណាត្រូវសងសំណងទៅឲ្យគ្រួសារខាងស្រីចំនួន ១លាន៥០ម៉ឺនដុល្លារ និងគ្រួសារខាងប្រុសចំនួន១លាន៥២ម៉ឺនដុល្លារ។ ចំណែកជនរងគ្រោះ២នាក់ផ្សេងទៀតនៅបន្តទាមទារសំណងម្នាក់ចំនួន២០ម៉ឺនដុល្លារ និងម្នាក់ទៀតចំនួន៣០ម៉ឺនដុល្លារដដែល។

យោងតាមមាតា្រ៣៧៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ បណ្តឹងឧទ្ធរណ៍ត្រូវបានធ្វើឡើង ក្រោយពេលដែលព្រះរាជអាជ្ញា ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី ឬតំណាងស្របច្បាប់មិនសុខចិត្តចំពោះសាលក្រមដែលសម្រេចពីសាលាដំបូងរាជធានីភ្នំពេញ ឬហៅថាតុលាការជាន់ដំបូង។ នេះមានន័យថា ទណ្ឌិត ស្រី ស៊ីណានៅមានសិទ្ធិអាចបណ្តឹងឧទ្ធរណ៍ដើម្បីឱ្យសាលាឧទ្ធរណ៍ពិនិត្យមើលលើសេចក្តីសម្រេចរបស់តុលាការជាន់ទាប។

គួររម្លឹកថា អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីបានព្យាយាមរត់គេចខ្លួនពីកន្លែងប្រព្រឹត្តិអំពើឃាតកម្មលើជនរងគ្រោះជាគូដណ្តឹង២នាក់ គឺលោក ឡុង លីសុង អាយុ២៧ឆ្នាំ និងកញ្ញា ឃិន កញ្ចនា អាយុ២៦ឆ្នាំ ដែលមានទីតាំងស្ថិតក្នុងបុរីប៉េងហួត ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

Nº.0377

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top