Oxfam៖ ហ្កាហ្សា ខាង ជើង បាន ជំនួយ ទឹក និង ស្បៀង តែជាង ១០ ឡាន ក្នុង មួយ ខែ
ជំនួយ មនុស្សធម៌ ជា ទឹក និង ស្បៀង អាហារ តែប្រមាណ ជាង ៣០ ឡាន កាមីញ៉ុង តែ ប៉ុណ្ណោះ បាន ទៅ ដល់ តំបន់ ហ្កាហ្សា ភាគ ខាង ជើង នារយៈ ពេល ពីរ កន្លះ ចុងក្រោយ នេះ។ នេះ បើ តាម សេចក្តី ថ្លែងការណ៍ របស់ អង្គការ ស្បៀង អាហារ ពិភពលោក Oxfam។ ប៉ុន្តែ អ៊ីស្រាអែល បាន បដិសេធ នៅ ថ្ងៃ ចន្ទទី ២៣ ធ្នូ នេះ និង បានអះអាង ថា ជំនួយ បាន ទៅ ហ្កាហ្សា ក្នុង ចំនួន ជាង ២០០០ ឡាន។
នៅក្នុង សេចក្តី ថ្លែងការណ៍ ដែល កត់ត្រា លម្អិត អំពី បរិមាណ ជំនួយ ហូរ ទៅ ដល់ តំបន់ ហ្កាហ្សា ត្រឹម ថ្ងៃ សៅរ៍ ទី២១ ធ្នូ អង្គការ Oxfam បាន រាប់ ឃើញ មាន កាមីញ៉ុង ដឹក ទឹក និង ស្បៀង អាហារ ប្រមាណ តែ ៣៤ គ្រឿងបាន ទៅ ដល់ ភាគ ខាង ជើ ងហ្កាហ្សា ក្នុង រយៈ ពេល ពីរ ខែកន្លះ ចុងក្រោយ នេះ។ ប៉ុន្តែដោយ ភាព យឺតយ៉ាវដោយចេតនា និង ការ រារាំង ជា ស្វ័យ ប្រវត្តិ ពី សំណាក់ យោធា អ៊ីស្រាអែល មាន ជំនួយ តែ ១២ ឡាន ប៉ុណ្ណោះ ដែលបាន ចែកចាយ ដល់ ដៃ ពលរដ្ឋ ប៉ាឡេស្ទីន អត់ ឃ្លាន។ នេះ បើ តាម អង្គការ Oxfamដដែល ដែល ពន្យល់ ទៀត ថា Oxfam និង អង្គការ មនុស្សធម៌ អន្តរជាតិ ផ្សេងៗ តែង រង ការ បង្អាក់ រារាំង មិន អាច ចែកចាយ ជំនួយ ចាំបាច់ បានតាំងពី ថ្ងៃទី ៦ តុលា មក ព្រោះអ៊ីស្រាអែល បង្កើន ការ វាយប្រហារសន្ធាប់ ខ្លាំងពេក ។ ជា សរុប មាន ប្រជាពលរដ្ឋ ប៉ាឡេស្ទីន រាប់ ពាន់ នាក់ ដែល មិនអាច កំណត់ ចំនួន ឱ្យ ពិត ប្រាកដ បាន កំពុង រស់ ឯកា កាត់ ផ្តាច់ ពី គេ និង គ្មាន ជំនួយ ទៅ ដល់។ កាលពី ដើម ខែ អង្គការ បាន ទទួល ទូរស័ព្ទ ពី ជន រងគ្រោះ ជាប់ កុន ក្នុង តំបន់ ភាគ ខាង ជើង ថា ពួកគេ អស់ ទឹក អស់ ស្បៀង ហើយ។ នេះ បើ តាមប្រភព oxfamដដែល។
ប៉ុន្តែ ស្ថាប័ន ការពារ ជាតិអ៊ីស្រាអែល ទទួល បន្ទុក គ្រប់ គ្រង សកម្មភាព ស៊ីវិល ក្នុង ទឹក ដីប៉ាឡេស្ទីន បាន ច្រាន ចោល ទាំង ស្រុង របាយការណ៍ របស់ Oxfam ដោយ គូស បញ្ជាក់ ថា គិត ចាប់ ពី ថ្ងៃ ទី ២ តុលា មក មាន ឡាន កាមីញ៉ុង ជាង ២១០០ គ្រឿង បាន ដឹក ជំនួយ មនុស្សធម៌ ចូល ទៅ ភាគ ខាង ជើង តំបន់ ហ្កាហ្សា។ របាយការណ៍ របស់ អង្គការ ក្រៅ រដ្ឋាភិបាល មិន ដឹង និង និយាយ មិន ពិត អំពី កិច្ចខិត ខំ ប្រឹង ប្រែងមនុស្សធម៌ ដ៏ ធំធេង របស់ អ៊ីស្រាអែល ក្នុង តំបន់ ភាគ ខាង ជើង ហ្កាហ្សា ។
អ៊ីស្រាអែល ត្រួតពិនិត្យ យ៉ាង តឹង តែង បំផុត លំហូរ ជំនួយ អន្តរជាតិដ៏ ចាំបាច់ បំផុត សម្រាប់ ពលរដ្ឋ ប៉ាឡេស្ទីន ជាង ២លាន បួន សែន នាក់ នៅ ហ្កាហ្សា តាំងពី សង្គ្រាម បង្ក ឡើង ដោយ ចលនា ហាម៉ាស បាន ផ្ទុះ ឡើង នៅថ្ងៃទី ៧ តុលា ២០២៣។ រដ្ឋ អ៊ីស្រាអែលក៏ រង ការ ចោទ ប្រកាន់ ពី សំណាក់ អង្គការ និង រដ្ឋ ជា ច្រើន ពី បទ ប្រព្រឹត្ត អំពើ បែប ប្រល័យ ពូជ សាសន៍ នៅ ហ្កាហ្សា ហើ យខ្លះ បាន ប្តឹង ទៅ តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ទៀត ផង។ កាលពី ថ្ងៃព្រហស្បតិ៍ សប្តាហ៍ មុន អង្គការ សហប្រជាជាតិ បាន បោះឆ្នោត អនុម័ត ក្នុង សំឡេង ភាគ ច្រើន ខ្លាំង លើ សេចក្តី សម្រេច សុំ ឱ្យ តុលាការយុត្តិធម៌ អន្តជាតិ ចេញ សាលក្រម កំហិត អ៊ីស្រាអែលបំពេញ កាតព្វកិច្ច មនុស្សធម៌ ចំពោះ ប៉ាឡេស្ទីន៕
Nº.0261