យ៉េមែន៖ អាមេរិក បានវាយប្រហារកម្ទេចលើទីតាំងយោធារបស់ក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែន

7News

 យ៉េមែន៖ អាមេរិក បានវាយប្រហារកម្ទេចលើទីតាំងយោធារបស់ក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែន

កងទ័ពអាមេរិកបានឲ្យដឹងនៅថ្ងៃសៅរិ៍ ទី២១ធ្នូ ថាបានវាយប្រហារកម្ទេចទីតាំងយោធាសំខាន់ៗរបស់ក្រុមឧទ្ទាមហ៊ូទីយ៉េមែន នៅរដ្ឋធានីសាណា។ ការវាយប្រហារនេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុមឧទ្ទាមហ៊ូទី បានបាញ់មីស៊ីលចូលភាគកណ្តាលនៃប្រទេសអ៊ីស្រាអែល ដែលបានបង្កឲ្យមានអ្នករបួសចំនួន ១៦នាក់។

នៅយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរិ៍ ទី២១ធ្នូ ក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែនបានបាញ់ផ្លោងមីស៊ីលបាលីស្ទីកអ៊ីពែរសូនិក លើទីតាំងយោធាមួយរបស់អ៊ីស្រាអែលនៅតំបន់ចាហ្វា ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុង Tel-Aviv របស់អ៊ីស្រាអែល។ ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីនេះ បានបង្កឲ្យមានអ្នករបួសស្រាលចំនួន ១៦នាក់។ ភ្លាមៗនោះ អាមេរិកដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អ៊ីស្រាអែល បានបញ្ជាឲ្យកងទ័ពរបស់ខ្លួនដែលប្រចាំការនៅសមុទ្រក្រហមបើកការវាយប្រហារ និងបានកម្ទេចឃ្លាំងស្តុកគ្រាប់និងទីតាំងប្រតិបត្តិការមួយកន្លែងរបស់ក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែន។ នេះបើយោងតាមការប្រកាសនៅលើបណ្តាញសង្គម X របស់ទីបញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំនៅមជ្ឈិមបូព៌ា។ ទីបញ្ជាការដ្ឋានកងទ័ពអាមេរិកនេះក៏បានអះអាងទៀត ថាបានបាញ់កម្ទេចដ្រូននិងមីស៊ីលមួយចំនួនរបស់ក្រុមឧទ្ទាមហ៊ូទី ដែលហោះនៅលើសមុទ្រក្រហម។  

ដោយឡែក ទូរទស្សន៍ Al-Massirah របស់ក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែនបានរាយការណ៍ ថាមានការវាយប្រាហារនៅលើតំបន់ Attan នៃរដ្ឋធានីសាណា ប្រទេសយ៉េមែន។ រីឯអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រចាំនៅយ៉េមែន បានបញ្ជាក់ថាបានឮសំឡេងផ្ទុះជាច្រើនគ្រាប់កក្រើករដ្ឋធានីសាណា ។

សូមបញ្ជាក់ថា កងទ័ពអាមេរិកប្រចាំការនៅសមុទ្រក្រហមបានបាញ់មីស៊ីលចេញពីនាវាចម្បាំង ច្រឡំចំយន្តហោះចម្បាំងរបស់ខ្លួន F/A-18 ដែលហោះចេញពីនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman។ នៅលើយន្តហោះចម្បាំង F/A-18 នេះ មានទាហានអាមេរិកពីររូប។ លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថា អ្នកបើកបរម្នាក់រងរបួសស្រាល។ នេះបើយោងតាមទីបញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំនៅមជ្ឈិមបូព៌ា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអាទិត្យ ទី២២ ធ្នូ។

គួររម្លឹកថា ចាប់តាំងពីសង្រ្គាមវាងអ៊ីស្រាអែលនិងក្រុមហាមាសជ្រុលនិយមបាលីស្ទីននៅលើទឹកដីអ៊ីស្រាអែល នៅថ្ងៃទី៧ តុលា ឆ្នាំ២០២៣ ក្រុមឧទ្ទាមហ៊ូទីយ៉េមែននិងអ៊ីស្រាអែលបានវាយប្រហារគ្នាទៅវិញទៅមកឥតឈប់ឈរ ដែលបង្កឲ្យមានអ្នកស្លាប់និងអ្នករបួសជាច្រើននាក់ ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអ៊ីស្រាអែលនិងប្រទេសយ៉េមែន៕

Nº.0260


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top