ប្រមុខការ ទូតតួកគី រុស្ស៊ី និងអ៊ីរ៉ង់ ជួបប្រជុំគ្នាបន្ទាន់នៅ ដូហា និយាយអំពីស្ថានការណ៍ ចលាចលនៅស៊ីរី

7News

 ប្រមុខការ ទូតតួកគី រុស្ស៊ី និងអ៊ីរ៉ង់ ជួបប្រជុំគ្នាបន្ទាន់នៅ ដូហា និយាយអំពីស្ថានការណ៍ ចលាចលនៅស៊ីរី

នៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃសៅរ៍ទី ៧ធ្នូម្សិលមិញ ប្រមុខការទូតតួកគី រុស្ស៊ី និងអ៊ីរ៉ង់បានជួបប្រជុំគ្នាបន្ទាន់ ដើម្បី និយាយអំពី ស្ថានការណ៍ ចលាចលនៅស៊ីរី។ ក្រុមឧទ្ទាម ប្រឆាំងរដ្ឋាភិបាល លោក បាស្ហា អាល់អាសាដ កំពុងតែ សំរុកវាយ ដណ្តើម គ្រប់គ្រងដែនដី និងរំកិល ទៅខិតកាន់តែជិតដល់រដ្ឋធានីដាម៉ាស នៅសល់តែជាង ២០គីឡូម៉ែត្រទៀតប៉ុណ្ណោះ។ ដោយឡែករដ្ឋាភិបាលស៊ីរីអះអាងថា លោក បាស្ហា អាល់អាសាដ កំពុងស្ថិតនៅទីក្រុងដាម៉ាស មិនបានរត់ចោលស្រុកដូចពាក្យចចាមអារ៉ាមឡើយ ។

កាតាបានរៀបចំការប្រជុំបន្ទាន់មួយ រវាង រដ្ឋមន្ត្រីការបរទេសតួកគី រុស្ស៊ី និងអ៊ីរ៉ង់ ដើម្បីនិយាយអំពីស្ថានការណ៍ អាសន្ន នៅ ស៊ីរី។ ប្រទេសទាំង ៣នេះ គឺសុទ្ធតែជាភាគី មានចំណែក ពាក់ព័ន្ធ នៅ ក្នុង ដំណើរការដោះស្រាយវិបត្តិស៊ីរី ដែល បានចុះហត្ថលេខានៅទីក្រុងអាសតាណា កាលពីឆ្នាំ ២០១៧។ រុស្ស៊ីនិងអ៊ីរ៉ង់ គឺជាអ្នកជួយ ការពាររបបដឹកនាំរបស់បាស្ហា អាល់អាសាដ។ ផ្ទុយទៅវិញតួកគី បើទោះបីពេលនេះមិន ទាន់លូកដៃបញ្ជូនទ័ព តែកន្លងមកតួកគីជួយគាំទ្រខាង ក្រុមឧទ្ទាម ប្រឆាំងរដ្ឋាភិបាល លោក បាស្ហា អាល់អាសាដ។

នៅដូហា កាលពីថ្ងៃសៅរ៍ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថាមុនការប្រជុំត្រីភាគី លោក បានជួប ជាមួយសមភាគី តួកគី និ ងបាននិយាយគ្នាដោយ ត្រង់ទៅត្រង់មកស្តីពីស្ថានការណ៍ នៅស៊ីរី ។ លោក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានប្រាប់អ្នកកាសែតថា ឆ្លងកាត់ការប្រជុំ ភាគីទាំង ៣បាន យល់ស្របដូចគ្នា ថា ត្រូវតែមាន ការចរចា នយោបាយជាបន្ទាន់ រវាង រដ្ឋាភិបាលស៊ីរី និង ក្រុមឧទ្ទាមស្របច្បាប់ ។ ចំណែក លោកប្រមុខការទូតរុស្ស៊ី Sergueï Lavrov បាន លើកឡើងថា វាជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត ដែលប្រទេសស៊ីរី ត្រូវធ្លាក់ទៅក្នុងដៃពួក ឧទ្ទាមជីហាតភេរវកម្ម ។

ដោយឡែក ពីតួកគី ឯនោះ លោក ប្រធានាធិបតី អ៊ែរដូហ្កាន់ បានថ្លែងថា លោកសង្ឃឹមថា ស៊ីរីនឹង បានសុខសន្តិភាព ស្ថិរភាព ដូចអ្វីដែលប្រជាជនស៊ីរីបានស្រម៉ៃចង់បាន ១៣ឆ្នាំមកហើយ ។ សំដី នេះ គឺលោក អ៊ែរដូហ្កាន់ ចង់សំដៅ ទៅដល់ ចលនាបះបោរប្រឆាំងរដ្ឋា ភិបាលលោក បាស្ហា អាល់អាសាដ កាលពីឆ្នាំ ២០១១ ហើយដែលទីបំផុតត្រូវ បាន រលាយសាបសូន្យទៅវិញ ដោយសារតែលោកបាស្ហា អាល់អាសាដ បានទទួលជំនួយពីរុស្ស៊ីនិងអ៊ីរ៉ង់ដើម្បី បង្ក្រាប ប្រជាជនស៊ីរី ។

សូមបញ្ជាក់ថា ស្ថានការណ៍ កំពុងតែចលាចលយ៉ាងខ្លាំងនៅស៊ីរី បន្ទាប់ពី ក្រុម ឧទ្ទាមប្រដាប់អាវុធ មានច្រើនក្រុម បាន រួម សហការគ្នា ចាប់តាំងពីថ្ងៃទី ២៧វិច្ឆិកាមក វាយសំរុកដណ្តើម គ្រប់គ្រងទីក្រុង ធំៗជាច្រើន នៅទិសខាងជើង។ បន្ទាប់ពី ដណ្តើមបានទីក្រុង Alep កម្លាំងក្រុមឧទ្ទាមបានបន្តចុះទៅខាងត្បូង ដល់ក្រុងIdleb ហើយ បន្ទាប់មកទៀតដណ្តើម បាន ទីក្រុង Hama ហើយ កំពុងសំរុក វាយ ដណ្តើមយកទីក្រុង Homs ដែលជាទីក្រុងធំទី ៣។

ផ្អែកតាមដំណឹងចុងក្រោយ នៅរសៀលថ្ងៃសៅរ៍ទី ៧ធ្នូ កម្លាំងក្រុមឧទ្ទាម បានរុលដល់កៀក ស្ថិតនៅចម្ងាយ តែជាង ២០គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីដាម៉ាស ហើយ កំពុងពង្រាយកម្លាំងឡោមព័ទ្ធ។ Ahmed al-Chareh មេធំរបស់ ក្រុមឧទ្ទាម អ៊ីស្លាមជ្រុលនិយម Hayat Tahrir al-Sham (HTS) ដែលដឹកនាំប្រតិបត្តិការប្រយុទ្ធនេះ បានថ្លែងប្រាប់កូនចៅខ្លួន ឲ្យត្រៀមសំរុកចូលរដ្ឋធានីដាម៉ាស ដើម្បីផ្តួលរំលំរបបផ្តាច់ការ បាស្ហា អាល់អាសាដ។

តែដោយឡែក ប្រភពពីកងទ័ពជាតិស៊ីរីវិញ បាន អះអាងថា គេមិនបានដកថយ ចេញពីរដ្ឋធានីដាម៉ាសឡើយ។ ចំណែក វិមានប្រធានាធិបតីស៊ីរីវិញ បានឲ្យដឹងថា លោក បាស្ហា អាល់អាសាដ កំពុងស្ថិតនៅ ក្នុងទីក្រុងដាម៉ាសបន្តការងារដឹកនាំប្រទេស មិនបានរត់គេចខ្លួនទៅ ណា ដូចពាក្យចចាមអារ៉ាមឡើយ ។ យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ មិនអាច ផ្ទៀងផ្ទាត់ ព័ត៌មានឲ្យ បានច្បាស់ឡើយ ដោយសារតែស្ថានការណ៍ កំពុងចលាចលខ្លាំង ហើយ មិនមានអ្នករាយការណ៍ ព័ត៌មានផ្ទាល់ ឲ្យជាក់ច្បាស់ ។

ទោះជាយ៉ាងនេះក្តី ការវាយសំរុករបស់ ក្រុម ឧទ្ទាមស៊ីរី ដែល ដណ្តើមបានទីក្រុងធំៗផ្ទួន ក្នុងពេល ដ៏ លឿនរហ័សនេះ សបញ្ជាក់ថា កងទ័ពរដ្ឋាភិបាលស៊ីរី ហាក់កំពុងតែបាក់ ទ័ព ។ ប្រភពពីមន្ត្រីសន្តិសុខអ៊ីរ៉ាក់បាន ឲ្យ ដឹងថា គិតត្រឹមរសៀលថ្ងៃសៅរ៍ទី ៧ធ្នូ មានទាហានស៊ីរីយ៉ាងហោច២០០០នាក់ហើយ ដែលបាននាំគ្នា រត់ទៅអ៊ីរ៉ាក់ គេចពីការ ប្រយុទ្ធ ។ អាយុជីវិតនៃ របបដឹកនាំរបស់ លោក បាស្ហា អាល់អាសាដ ហាក់ដូចជាដើរដល់ដង្ហើមចុងក្រោយ ហើយ ៕

Nº.0221


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top