កូរ៉េខាងត្បូង៖ លោក យូន សុកយោល សុំទោសប្រជាជន តែមិនព្រមចុះចេញពីតំណែងទេ

7News

 កូរ៉េខាងត្បូង៖ លោក យូន សុកយោល សុំទោសប្រជាជន តែមិនព្រមចុះចេញពីតំណែងទេ

កូរ៉េខាងត្បូង កំពុងតែស្ថិតនៅក្នុងភាពចលាចលនយោបាយ បន្ទាប់ពីលោក ប្រធានាធិបតី យូន សុកយោល បាន ចេញច្បាប់អាជ្ញាសិកកាលពីយប់ថ្ងៃអង្គារ ទី ៣ធ្នូ។ ក៏ប៉ុន្តែ លោក បានបង្ខំចិត្ត ដកច្បាប់អាជ្ញាសិកនេះចោលវិញ បន្ទាប់ពីសភាបានបោះឆ្នោតប្រឆាំង ។ បាតុកម្ម បានផ្ទុះឡើង ដោយគណបក្សប្រឆាំងបានទាមទារ ឲ្យ លោក យូន សុកយោល ត្រូវតែចុះចេញពីតំណែង ។ នៅព្រឹកថ្ងៃសៅរ៍ នេះ លោក យូន សុកយោល បានចេញថ្លែងសារ ប្រកាសសុំទោសប្រជាជន តែលោក អះអាងថាលោក មិនចុះចេញពីតំណែងឡើយ។ យ៉ាងណា ក៏ដោយ សមាជិក សភាកូរ៉េខាងត្បូង បានរៀបចំបោះឆ្នោតនៅរសៀលថ្ងៃសៅរ៍នេះ ដើម្បីទំលាក់ លោក ប្រធានាធិបតី យូន សុកយោល ។


ម៉ោង១០ព្រឹកថ្ងៃសៅរ៍ ទី ៧ធ្នូ លោក ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយោល បានចេញមុខថ្លែងសារតាមកញ្ចក់ទូរទស្សន៍ ។ ក្នុងសុន្ទរកថា ដ៏ខ្លីត្រឹម តែប្រមាណ ២នាទី លោក យូន សុកយោល បាន ថ្លែងសុំការអភ័យ ទោសដោយ ស្មោះអស់ពីចិត្ត ទៅកាន់ ប្រជាជនកូរ៉េខាងត្បូង ចំពោះកំហុសឆ្គង ដែលលោក បាន ប្រកាស ចេញច្បាប់អាជ្ញាសិកកាលពីយប់ថ្ងៃអង្គារ ។ លោក យូន សុកយោល បានបញ្ជាក់ថាលោកនឹងមិនលាចុះពីមុខតំណែងឡើយ ហើយ លោក សូមធានាអះអាង ថាលោក នឹងមិន ចេញច្បាប់អាជ្ញាសិកជាលើកទី២ទៀតទេ ។ ទន្ទឹមគ្នានេះ លោក យូន សុកយោល បាន បន្ថែមថា លោកសូមទុក តួនាទីនេះជូន ទៅគណបក្សរបស់ លោក គឺគណបក្សអំណាចប្រជាជន ដើម្បីសម្រេច ដកឬមិន ដកលោកចេញពីគណបក្ស ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃសៅរ៍នេះ វេលាម៉ោង៥ល្ងាចនៅទីក្រុងសេអ៊ូល ក្រុម សមាជិក សភាសម្ព័ន្ធ បក្សប្រឆាំងទាំង ៦គណបក្ស បានបើកសម័យប្រជុំពិសេស ដើម្បីបោះឆ្នោត ទម្លាក់ លោក យូន សុកយោកពីតំណែង។ តាមច្បាប់កំណត់ គេត្រូវការ សំឡេងឆ្នោតចំនួន ២០០ ក្នុងចំណោម ទាំងអស់ ៣០០សំឡេង ទើបអាចដកសេចក្តីទុកចិត្ត ពី ប្រធានាធិបតីបាន។ សម្ព័ន្ធគណបក្ស ប្រឆាំង មាន ចំនួន អាសនៈសរុប ១៩២ ពោលគឺគេត្រូវការតែ ៨សំឡេងទៀតប៉ុណ្ណោះ ពីគណបក្ស អំណាចប្រជាជន របស់ លោកយូន សុកយោល ដែលមានគ្នាទាំងអស់ ១០៨។
ក៏ប៉ុន្តែ នៅពេលចាប់ផ្តើមបើកការបោះឆ្នោត សមាជិកសភា របស់គណបក្ស លោក យូន សុក យោល បាននាំគ្នាដើរចេញពីសភាសឹងតែទាំងអស់ ដើម្បីធ្វើពហិការមិនបោះឆ្នោត ទម្លាក់ លោក យូន សុកយោល។ យោងតាមការផ្សាយ របស់ បណ្តាញ ព័ត៌មានកូរ៉េខាងត្បូង គឺមានតែសមាជិកសភា២នាក់ទេ នៃគណបក្សអំណាចប្រជាជន ដែលបាននៅបោះឆ្នោតជាមួយសមាជិក សភាបក្សប្រឆាំង ។ ហើយ នៅវេលាម៉ោង ប្រមាណ ៦និង៥០នាទី ស្រាប់តែមានសមាជិក សភាម្នាក់ទៀតរបស់ បក្សកាន់អំណាច បានចូលមកបោះឆ្នោតដែរក្រោមសំឡេងទះដៃសាទរក្នុងសភា។ យោងតាមបណ្តាញផ្សព្វផ្សាយ កូរ៉េខាងត្បូង ការបោះឆ្នោតទម្លាក់ លោក យូន សុកយោលនេះ អាចមានរយៈពេល ដល់ទៅ ៧២ម៉ោងឯណោះ។ ពោលគឺមានតែ លោក ប្រធានសភាទេ ដែលជាអ្នកសម្រេចថា ត្រូវបិទបញ្ចប់ ការបោះឆ្នោតនេះនៅពេលណា ។
នៅខាងមុខសភាវិញ ផ្អែកតាមនគរបាល គឺ ប្រជាជនកូរ៉េខាងត្បូងប្រមាណ ១៥ម៉ឺននាក់ បាននាំគ្នា មកជួបជុំស្រែក ទាមទារ ថា លោក យូន សុកយោល ត្រូវតែចុះចេញពីតំណែងភ្លាម។ ដោយឡែក ក្រុមបាតុករវិញ អះអាងថា មានមនុស្សមិនក្រោម ១លាននាក់ទេ ដែល នាំគ្នាមកពីគ្រប់ទិសទី ទាមទារឲ្យ លោក យូន សុកយោលចុះពីអំណាច   ព្រោះលោកបានធ្វើអំពើក្បត់ ចង់នាំប្រទេសឲ្យវិលត្រលប់ទៅកាន់របបផ្តាច់ការ។
គួរបញ្ជាក់ថា នៅក្នុងផ្ទៃក្នុងគណបក្ស អំណាចប្រជាជនរបស់ លោក យូន ស៊ុកយោល ហាក់កំពុងតែប្រទាញប្រទង់គ្នាខ្លាំង។ ភ្លាម ៗក្រោយលោក យូន សុកយោល ថ្លែង សុន្ទរកថា សុំទោសចប់ លោក Han Dong-Hoon ប្រធានគណបក្សអំណាចប្រជាជន បាន អះអាងប្រាប់អ្នកកាសែតថា លោក យូន សុកយោល មិនអាច បន្តកាន់មុខងារជាប្រធានាធិបតី បានតទៅទៀតទេ។ លោក Han Dong-Hoon បានអះអាងទៀតថា លោក ទើបតែបានទទួលនូវភស្តុតាង មួយចំនួន បញ្ជាក់ថា កាលពីយប់ថ្ងៃចេញច្បាប់អាជ្ញាសិក លោក យូន សុកយោល បានចេញបញ្ជា ឲ្យចាប់អ្នកនយោបាយ មួយចំនួន ដែលទង្វើនេះ វាគឺជាការគំរាមធំណាស់ មកលើលទ្ធិប្រជាធិបតេយ្យ របស់ កូរ៉េខាងត្បូង ។
ដោយឡែក ក្រសួងការពារជាតិកូរ៉េខាងត្បូងវិញ បាន ឲ្យដឹងថា គេបានព្យួរមុខងារមេទ័ពធំ៣នាក់ ដែល បានចូលរួម ជាមួយ លោកយូន សុកយោល ក្នុងការប៉ុន ប៉ងប្រើច្បាប់អាជ្ញាសិក ។ លោក Lee Jae-Myung ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំជាងគេ បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យកូរ៉េខាងត្បូងពេលនេះ កំពុងតែស្ថិតនៅក្នុងកា លៈទេសៈមួយដ៏ លំបាក ប្រឈម គ្រោះថ្នាក់បំផុត ៕

Nº.0219

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top