នាយករដ្ឋមន្រ្តីបារាំង សន្យាស្ថាបនាកោះម៉ាយ៉ុតឡើងវិញរួចរាល់ ក្នុងពេលតែ ២ឆ្នាំ
នៅថ្ងៃចន្ទ ទី៣០ ធ្នូ លោកនាយករដ្ឋមន្រ្តីបារាំង ហ្រ្វង់ស័រ បៃរូ បានធ្វើដំណើរទៅដល់កោះម៉ាយ៉ុត ដែនដីបារាំងដែលស្ថិតនៅមហាសមុទ្រឥណ្ឌា ក្រោយកោះបារាំងមួយនេះបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារខ្យល់ព្យុះ Chido កាលពីពាក់កណ្តាលខែធ្នូ កន្លងទៅ។ លោក បៃរូ ដែលទើបឡើងកាន់តំណែងថ្មីថ្មោង បានសន្យានៅចំពោះមុខប្រជាជនបារាំងនៅកោះម៉ាយ៉ុតថា នឹងស្ថាបនាកោះនេះឡើងវិញរួចរាល់ ក្នុងពេលតែ ២ ឆ្នាំប៉ុណ្ណោះ។
លោក ហ្រ្វង់ស័រ បៃរូ អមដំណើរដោយរដ្ឋមន្រ្តីបារាំងចំនួន ៥រូប បានធ្វើដំណើរទៅដល់កោះម៉ាយ៉ុត នៅថ្ងៃចន្ទ ទី៣០ ធ្នូ ដោយបានដឹកទៅជាមួយតាមយន្តហោះ នូវជំនួយសប្បុរសធម៌ចំនួនជាង ២ តោន។ អំឡុងដំណើរទស្សនកិច្ចមួយថ្ងៃនៅកោះម៉ាយ៉ុត លោកបៃរូ បានលើកឡើងថា រដ្ឋាភិបាលបារាំងនឹងសង្គ្រោះកោះម៉ាយ៉ុតឡើងវិញ ដោយចែកចេញការងារនេះ ជាពីរដំណាក់កាល។ ក្នុងដំណាក់កាលទី១ រដ្ឋាភិបាលបារាំងបានបញ្ជូនជំនួយ និង ក្រុមជួយសង្គ្រោះបន្ទាន់ទៅកោះម៉ាយុត ក្រោយគ្រោះមហន្តរាយ ភ្លាមៗ។ ដំណាក់កាលបន្ទាប់ ពោលគឺក្នុងរវាងពីបីខែទៀត រដ្ឋាភិបាលបារាំងនឹងកសាងហេដ្ឋារចនាសម្ព័ន្ធលំនៅដ្ឋានដែលខូចខាត និង រៀបចំអនាគតកោះម៉ាយ៉ុតឲ្យប្រសើរឡើង។ ប្រមុខរដ្ឋាភិបាលបារាំងរូបនេះបានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហាខាងលើនេះជាបន្ទាន់ លោកនិងក្រុមការងារនឹងរៀបចំច្បាប់ពិសេសមួយសម្រាប់ម៉ាយ៉ុត ដាក់ជូនទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងអនុម័ត។
ឆ្លើយតបនឹងការលើកឡើងរបស់លោក បៃរូ ប្រជាជនម៉ាយ៉ុតចង់បានចម្លើយច្បាស់លាស់ពីរដ្ឋាភិបាលបារាំង និងការដោះស្រាយបញ្ហាចំពោះមុខ រួមមានស្បៀងអាហារ ទឹកស្អាត បណ្តាញទូរគមនាគមន៍ និងប្រេងសាំងជាដើម។
ដោយឡែក តំណាងរាស្រ្តកោះម៉ាយ៉ុតបានលើកឡើងថា ការខិតខំរបស់រដ្ឋាភិបាលបារាំងនៅមិនទាន់បានឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅឡើយទេ។ ជាអាទិ៍ ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងបរិវេណកោះម៉ាយ៉ុត នៅតែជាបញ្ហាធំបំផុតមួយ ដែលរដ្ឋាភិបាលបារាំងត្រូវដោះស្រាយជាចាំបាច់។ គួរបញ្ជាក់ថា ជនអន្តោប្រវេសន៍ខុសច្បាប់ដែលរស់នៅលើកោះម៉ាយ៉ុត មានចំនួនចន្លោះពី ១០ម៉ឺន ទៅ២០ម៉ឺននាក់ ពោលគឺស្មើនឹង ៣០% នៃចំនួនប្រជាជនសរុប នៅម៉ាយ៉ុត។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃបន្ទាប់ពីកោះម៉ាយ៉ុតរងគ្រោះដោយព្យុះកំណាច Chido លោក ហ្រ្វង់ស័រ បៃរូ បានធ្វើដំណើរទៅប្រជុំនៅក្រុមប្រឹក្សាឃុំ ប៉ូ (Pau) នៅភាគនីរតីនៃប្រទេសបារាំង ដែលលោកធ្វើជាមេឃុំតាំងពីឆ្នាំ ២០១៤។ បន្ថែមពីនេះទៀត ការប្រកាសសមាសភាពរដ្ឋបាលភិបាលថ្មីរបស់លោកនៅថ្ងៃចន្ទ ទី២៣ ខែធ្នូ គឺធ្វើឡើងចំពេលថ្ងៃកាន់ទុក្ខថ្នាក់ជាតិចំពោះប្រជាជានម៉ាយ៉ុត ដែលទង្វើនេះត្រូវរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ មតិសាធារណៈ និង អ្នកនយោបាយមួយចំនួន។Nº.0290