រដ្ឋសភាកម្ពុជាសម្រេចលុបចោលកិច្ចព្រមព្រៀង CLV-DTA ជាផ្លូវការ

7News

រដ្ឋសភាកម្ពុជាសម្រេចលុបចោលកិច្ចព្រមព្រៀង CLV-DTA ជាផ្លូវការ

រដ្ឋសភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទ លុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ជាផ្លូវការ នៅថ្ងៃសុក្រទី៨វិច្ឆិកានេះ។ រដ្ឋសភាកម្ពុជាអះអាងថា ការអនុម័តលុបចោលកិច្ចព្រមព្រៀង CLV-DTA បន្ទាប់ពីកិច្ចព្រមព្រៀងមួយនេះបានធ្វើឱ្យប្រទេសទាំង ៣ឈានទៅសម្រេចគោលដៅរបស់ខ្លួន។ ម៉្យាងវិញទៀត រដ្ឋសភាកម្ពុជាមានជំនឿថា ប្រទេសកម្ពុជា ឡាវ និងវៀតណាមមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាឲ្យបាននូវការអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន។

ដូចការគ្រោងទុក នៅថ្ងៃសុក្រទី៨វិច្ឆិកានេះ រដ្ឋសភាកម្ពុជាបានសម្រេចលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ជាផ្លូវការ។ ការអនុម័តនេះគឺធ្វើឡើងជាឯកច្ឆន្ទតែម្តង ដោយសមាជិករដ្ឋ សភាចូលរួមគាំទ្រចំនួន ១០៩សំឡេង។ អ្វីជាការកត់សម្គាល់ កិច្ចប្រជុំរដ្ឋសភានេះក៏មានការ ចូលរួមពីសំណាក់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត និងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួនទៀត។

ក្នុងសេចក្តីប្រកាសព័ត៌មាន រដ្ឋសភាកម្ពុជាបានបញ្ជាក់ថា ការអនុម័ត លុបចោលកិច្ចព្រមព្រៀង CLV-DTA ពីព្រោះកិច្ចព្រមព្រៀងមួយនេះបានធ្វើឱ្យប្រទេសទាំង ៣ឈានទៅសម្រេចបានគោលដៅរបស់ខ្លួន។ ម៉្យាងវិញទៀត រដ្ឋសភាកម្ពុជាមានជំនឿថា ប្រទេសកម្ពុជា ឡាវ និងវៀតណាមមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន។ ចំពោះរដ្ឋសភាកម្ពុជា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជាជាមួយឡាវ និងវៀតណាមក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះបាននាំឱ្យប្រទេសទាំង ៣ឈានសម្រេចគោលដៅជាតិ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់នោះ។

ការសម្រេចអនុម័តនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់លុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ទៅកាន់គណៈកម្មការជំនាញត្រួតពិនិត្យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា នៅមុនការសម្រេចរបស់រដ្ឋសភានេះ ក្រុមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៩តុលាដែលថា ការដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍រួមជាមួយឡាវ និងវៀតណាម មិនចាំបាច់ឆ្លងរដ្ឋសភា និងឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រទេ ព្រោះវាជាកិច្ចសហប្រតិបត្តិការធម្មតារវាងរដ្ឋាភិបាលនៃប្រទេសទាំង ៣។

សំណុំរឿងតំបន់ត្រីកោណ CLV-DTA ជាប្រធានបទដ៏ក្តៅគគុករវាងអ្នកនយោបាយប្រឆាំង និងរដ្ឋាភិបាល ហើយក៏ជាប្រធានបទដែលពលរដ្ឋខ្មែរជាច្រើនយកចិត្តទុកដាក់ និងសម្តែងការព្រួយបារម្ភជុំវិញអធិបតេយ្យភាព និងបូរណភាពទឹកដី។ បន្ទាប់ពីមានបាតុកម្មជាបន្តបន្ទាប់របស់ប្រជាជនខ្មែរនៅបរទេស រដ្ឋាភិបាលកម្ពុជាបានសម្រេចកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTAជាមួយវៀតណាម និងឡាវ ក្រោមហេតុផលគិតគូពីក្តីកង្វល់របស់ប្រជាជនកម្ពុជាលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ។ នៅក្នុងក្រសែភ្នែកសាធារណជនមួយចំនួន  ការដកខ្លួនរបស់រដ្ឋាភិបាលកម្ពុជាចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA នេះនៅតែបន្សល់ស្នាមស្រពិចស្រពិល។ ស្រពិចស្រពិលពីព្រោះថា ទោះបីកម្ពុជាដកខ្លួនចេញ តែកម្ពុជានៅតែអះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយឡាវ និងវៀតណាមដដែល។

គួរជ្រាបថា កម្ពុជា វៀតណាម និងឡាវបានព្រមព្រៀងគ្នាបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណក្នុងឆ្នាំ១៩៩៩ ដោយមានកិច្ចព្រមព្រៀងចំនួន ៥ដូចជា កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា វៀតណាម និងឡាវ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ និងកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោះដូរទំនិញ និងសេវាជាដើម។ ជាងនេះទៀត ក៏មានកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម អនុស្សារណៈយោគយល់គ្នាស្ដីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ៕ 


N.0033

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top