តើសង្គ្រាម នុយក្លេរអ៊ែរ អាច នឹង ផ្ទុះ ឬ បន្ទាប់ ពី លោក ពូទីន គំរាម ប្រើ អាវុធ នុយក្លេអ៊ែរ?

7News
2 minute read

 តើសង្គ្រាម នុយក្លេរអ៊ែរ អាច នឹង ផ្ទុះ ឬ បន្ទាប់ ពី លោក ពូទីន គំរាម ប្រើ អាវុធ នុយក្លេអ៊ែរ?

បន្ទាប់ពីអ៊ុយក្រែន បាន បាញ់ មីស៊ីល ចម្ងាយឆ្ងាយ ដែលអាមេរិកបាន ប្រគល់ ឲ្យ ចូលទៅក្នុងទឹកដីរុស្ស៊ី លោក ពូទីន បាន ចុះហត្ថលេខាកាលពីថ្ងៃអង្គារ លើក្រិត្យ ច្បាប់ថ្មីមួយកែប្រែ ទ្រឹស្ត្រី នុយក្លេអ៊ែររបស់រុស្ស៊ី ។ ពោលគឺ តាមរយៈទ្រឹស្តីថ្មីនេះ រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរទៅលើអ៊ុយក្រែន បាន ។ នេះគឺជាការគំរាមជាថ្មីម្តងទៀត ដែលលោកពូទីនធ្លាប់ធ្វើច្រើនដងមកហើយ។ ទាំងអ៊ុយក្រែន ទាំងក្រុមប្រទេសលោកខាងលិច បាន លើកឡើងថា ការគំរាម របស់លោកពូទីននេះ គឺជា ទង្វើ ដុតភ្លើងសង្គ្រាម បន្ថែម ដោយ គ្មានការទទួលខុសត្រូវ ។ តែយ៉ាងណា តើគេគួរ បារម្ភខ្លាចដែរឬទេ ថាសង្គ្រាមនុយក្លេអ៊ែរអាចនឹងផ្ទុះឡើងពិតមែននោះ?

ទ្រឹស្តីនុយក្លេអ៊ែររបស់រុស្ស៊ី ដែលបាន ចេញផ្សាយ ជាសាធារណៈកាលពីឆ្នាំ ២០២០ គឺ រុស្ស៊ីអាចប្រើអាវុធ នុយក្លេអ៊ែរ បាន ក្នុងករណីដែលរុស្ស៊ីរងនូវការវាយ ប្រហារទ្រង់ទ្រាយធំណាមួយ មិនថា ដោយ អាវុធ នុយក្លេអ៊ែរ ឬដោយ សព្វាវុធសាមញ្ញ ឲ្យតែការវាយ ប្រហារនោះអាចគំរាមមកលើ អាយុជីវិតរបស់ ប្រទេសរុស្ស៊ី ។ ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារទី ១៩ វិច្ឆិកា លោក ពូទីនបានចុះហត្ថលេខា លើក្រិត្យច្បាប់ថ្មីដើម្បី កែប្រែទ្រឹស្តី នុយក្លេអ៊ែរថ្មីរបស់រុស្ស៊ី ។

ទ្រឹស្តីថ្មីដែល ចេញផ្សាយ ជាសាធារណៈនេះ បានកំណត់ថា រុស្ស៊ី អាចប្រើអាវុធនុយក្លេអ៊ែរទៅលើប្រទេសណាមួយ ប្រសិន បើ រុស្ស៊ីបានរងនូវ ការវាយ ប្រហារទ្រង់ទ្រាយធំ ទោះបី ប្រទេសនោះមិនមែនជាប្រទេសមានអាវុធនុយក្លេអ៊ែរក៏ដោយ តែ ប្រទេសនោះមានការជួយគាំទ្រ ពី ប្រទេសនុយក្លេអ៊ែរ។ តាមរយៈខ្លឹមសារថ្មីនេះ គឺរុស្ស៊ីចង់សំដៅ យ៉ាងច្បាស់ ទៅលើអ៊ុយក្រែនដែលជាប្រទេសគ្មាននុយក្លេអ៊ែរ និងសហរដ្ឋអាមេរិក ដែលជាប្រទេសនុយក្លេអ៊ែរចាំជួយ អ៊ុយក្រែន ។

គួរបញ្ជាក់ថា ការប្រកាសផ្សាយជាសាធារណៈនូវទ្រឹស្តីនុយក្លេអ៊ែរថ្មីរបស់ រុស្ស៊ីនេះ គឺបន្ទាប់ពីរដ្ឋបាលលោក ចូ បៃដិន បាន អនុញ្ញាតឲ្យ អ៊ុយក្រែន ប្រើមីស៊ីលតាក់ទិកចម្ងាយ ឆ្ងាយ បាញ់ចូលទៅកំទេចទីតាំងយោធាក្នុងទឹកដីរុស្ស៊ី។ គ្រាន់តែអាមេរិកបើក ភ្លើងខៀវភ្លាម អ៊ុយក្រែនបានបាញ់មីស៊ីល អាមេរិកប្រភេទ ATACMS ចំនួន ៦គ្រាប់ ចូលទៅប៉ុនប៉ង វាយប្រហារទីតាំងយោធារុស្ស៊ី នៅតំបន់Briansk នៅវេលាម៉ោង ៣និង ២៥នាទីទៀបភ្លឺ ថ្ងៃអង្គារទី ១៩វិច្ឆិកា ។ ផ្អែកតាមការអះអាងរបស់កងទ័ពរុស្ស៊ី ៥គ្រាប់ត្រូវបាន ប្រព័ន្ធ ខែល មីស៊ីល រុស្ស៊ី បាញ់កម្ទេចបាន និង១គ្រាប់បានរងការខូចខាត។

ក្រោយ ការប្រកាសគំរាមរបស់រុស្ស៊ីនេះ ក្រសួងការបរទេសអាមេរិកវិញ បាន ឲ្យដឹងថាគេកំពុងតាមដានយ៉ាងប្រុងប្រយ័ត្នបំផុត ទៅលើសកម្មភាពកងទ័ពរុស្ស៊ី ហើយសម្រាប់ពេលនេះ គឺមិនទាន់មានសញ្ញាអ្វីបញ្ជាក់ថា រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរទេ។ លោករដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន បានថ្លែងនៅមុខ គណៈកម្មការសភាអាមេរិកថា ពិភពលោក មិនត្រូវចាញ់ច្រាបរុស្ស៊ីជាដាច់ខាត ព្រោះថាទ្រឹស្តីនុយក្លេអ៊ែរថ្មីរបស់ពូទីននេះ គឺគ្មានអ្វីក្រៅតែពីការគំរាមសម្លុត តែប៉ុណ្ណោះ។

នៅប្រេស៊ីល ក្នុងឱកាសជំនួបកំពូលG20 លោក ប្រធានាធិបតីម៉ាក្រុង បាន ថ្លែងប្រាប់អ្នកកាសែត អំពាវនាវ ឲ្យ លោកពូទីន ត្រូវតែភ្ញាក់ខ្លួនឡើង ឈប់ប្រើទ្រឹស្តីគំរាមសម្លុត គេបែបនេះតទៅទៀត ព្រោះថា រុស្ស៊ីខ្លួនឯងដែល ជាអ្នក ឈ្លានពាន បញ្ឆេះសង្គ្រាម នៅអ៊ុយក្រែន ។ លោក ម៉ាក្រុង បាន បញ្ជាក់ថា លោក បានជួបជាមួយ លោក ស៊ី ជីនពីង ដើម្បីសូមឲ្យ លោក ទៅនិយាយពន្យល់ប្រាប់លោកពូទីនផង ។ អ្នកនាំពាក្យ ក្រសួងការបរទេសចិនបាន ថ្លែងប្រាប់អ្នកកាសែតថា ចិនសូមអំពាវនាវ ឲ្យ ភាគីទាំងអស់រក្សាការស្ងៀមស្ងាត់ ឈប់យក ប្រេងទៅចាក់លើភ្លើង ហើយត្រូវងាក មក និយាយគ្នា រកដំណោះស្រាយ ដោយសន្តិវិធី ជាជាងការគំរាមប្រើអាវុធនុយក្លេអ៊ែរ។

គួរកត់សំគាល់ថា នេះមិនមែនជាលើកទី ១ទេ ដែល លោកពូទីន បានប្រកាសគំរាម ថារុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរ ទៅលើអ៊ុយក្រែន ។ កាលពីខែ កញ្ញា លោកពូទីនធ្លាប់ បានគំរាមរួចហើយកែប្រែទឹ្រស្តីនុយក្លេអ៊ែរ ដើម្បី បើកឲ្យ ប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណី ដែល អ៊ុយក្រែនប្រើអាវុធបញ្ចឹមលោក វាយ ប្រហារក្នុងទឹកដីរុស្ស៊ី ។ យោងតាម លោក Vassili Kachine អ្នកវិភាគកកងទ័ពរុស្ស៊ី ធាតុពិតទៅអ៊ុយក្រែនបានប្រើអាវុធរបស់ អាមេរិក បារាំង អង់គ្លេស វាយប្រហារច្រើនដងហើយ នៅតំបន់គ្រីម៉េ និងដុនដាស ដែលរុស្ស៊ីបានរាប់បញ្ចូលតែម្នាក់ឯងថាជាទឹកដីរបស់រុស្ស៊ី តែយ៉ាងណារុស្ស៊ីដឹង ថាសហគមន៍អន្តរជាតិ មិនគិតថាវាជាទឹកដីរុស្ស៊ីទេ ។ បណ្តាញតេឡាក្រាម Rybar ដែលស្និទ្ធនឹងកងទ័ពរុស្ស៊ីវិញបាន អះអាងថា រុស្ស៊ីត្រូវ ប្រើយុទ្ធសាស្ត្រសម្លុត ឲ្យខ្លាំងពេលនេះ ព្រោះថាកន្លងគេ មិនសូវ ខ្លាច សម្តី រុស្ស៊ី សោះ ។

តែយ៉ាងណាក៏ដោយ លោក Maxim Starchak អ្នកជំនាញគោលនយោបាយ នុយក្លេអ៊ែរនៅសកលវិទ្យាល័យ Queen’s University កាណាដា បានលើកឡើងថា កន្លងមក ពេលអ៊ុយក្រែន វាយ ប្រហារចូលទឹកដីរុស្ស៊ីនៅតំបន់Koursk រុស្ស៊ីនៅស្ងាត់ឈឹងមិនគំរាមសម្លុត អ្វីមកវិញទេ។ លោកបន្តថា ទ្រឹស្តីនុយក្លេអ៊ែរ ថ្មីរបស់រុស្ស៊ីនៅពេលនេះ គឺរុស្ស៊ីចង់ ធ្វើឲ្យគ្រប់គ្នា ភ័យលាយឡំដោយភាពស្រពិចស្រពិល ព្រោះថារុស្ស៊ីគំរាមប្រើអាវុធ នុយក្លេអ៊ែរ មែន តែទន្ទឹមនឹងនេះ រុស្ស៊ីមិននិយាយ ឲ្យច្បាស់ថា ក្នុងករណីគំរាមធំកម្រិតណាទើបប្រើវាទេ។ ជាង នេះទៀត បើរុស្ស៊ីអះអាងថាអ៊ុយក្រែន ប្រើមីស៊ីលអាមេរិក បាញ់ចូលដីរុស្ស៊ី គឺវាមានន័យថាអាមេរិកធ្វើសង្គ្រាមជាមួយរុស្ស៊ីហើយនោះ តែធាតុពិត គឺរុស្ស៊ីទេដែលជាអ្នករុញបញ្ហា ឲ្យ ឈាន ក្តៅឡើង តាមរយៈការទៅយកទាហានកូរ៉េខាងជើងឲ្យមកជួយច្បាំងខ្លួន ។ ដូច្នេះគឺរុស្ស៊ីខ្លួនឯងដែលជាអ្នក ពង្រីកជម្លោះនេះ ឲ្យក្លាយជាជម្លោះអន្តរជាតិ ។

ដោយឡែក លោកស្រី Tatiana Stanovaya អ្នកជំនាញនៅ មូលនិធិ Carnegie គឺលោកពូទីនកំពុង តែ ឆក់ឱកាស ដែលកងទ័ពរុស្ស៊ីកំពុងមានប្រៀបឈ្នះបានទឹកដី ចន្លោះពេលដែលអាមេរិកកំពុងស្ថិតនៅក្នុងសម័យ អន្តរកាល រវាងរដ្ឋបាលលោកចូ បៃដិន និងអនាគតរដ្ឋបាលលោកត្រាំ។ រុស្ស៊ី កំពុងប្រើយុទ្ធសាស្ត្រ ២ ក្នុងពេល តែ១។ ទី១ ត្រៀមខ្លួន បើក ការចរចាសន្តិភាព ដោយ មានលោកត្រាំជាអ្នកបើកផ្លូវ ហើយទី២ គឺដាក់សំពាធឲ្យ ក្រុមប្រទេសលោកលិច ឲ្យស្ថិតនៅចំពោះមុខ ជម្រើសដ៏លំបាក ២ គឺបើចង់ បានសង្គ្រាម នុយក្លេអ៊ែរ រុស្ស៊ី កំដរបាន តែបើអត់ចង់បាន ទេ គឺ ត្រូវតែ បិទបញ្ចប់សង្គ្រាមនេះ ដោយគោរពលក្ខខណ្ឌរបស់រុស្ស៊ី ។ លោកស្រី Héloïse Fayet អ្នកចំនាញនុយក្លេអ៊ែរនៅ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិបារាំង បាន លើកឡើងថា ជាង ២ឆ្នាំមកនេះ គេសង្កេតឃើញថា ពេលណារុស្ស៊ីនិយាយពីរឿងអាវុធនុយក្លេអ៊ែរ គឺគ្រប់គ្នាពិតជាភ័យ ឆោឡោ នាំគ្នា ស្តាប់រុស្ស៊ីពិតមែន ៕

N.0081


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
យល់ព្រម, ទទួលយក!
To Top