មាន ដំណឹង ថា លោក អេឡុន ម៉ាសក៍ បានជួបដោយ ស្ងាត់ៗជាមួយ អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអ.ស.ប.
លោក អេឡុន ម៉ាសក៍ ដែលជាមនុស្សជំនិតបំផុត នឹងលោក ដូណាល់ ត្រាំ បានស្កាត់ជួបដោយ ស្ងាត់ ៗ ជាមួយនឹង អគ្គ រដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ នៅឯទីក្រុងញូយ៉ក ។ នេះបើតាមការចុះផ្សាយ របស់កាសែត New York Times។ ផ្អែកតាមប្រភពខាងលើ ជំនួបដោយសម្ងាត់នេះ គឺដើម្បីបើកផ្លូវស្វែងរកការចរចាបន្ធូបន្ថយ ភាពតានតឹង រវាងសហរដ្ឋអាមេរិកនិង អ៊ីរ៉ង់ ។ តែយ៉ាងណា បណ្តាញសារព័ត៌មាន នៅអ៊ីរ៉ង់បានប្រតិកម្មខុសៗគ្នា ខ្លះវិជ្ជមាន ខ្លះទៀតរិះគន់ថាជាអំពើក្បត់ ។
កាសែត New York Times បានចុះផ្សាយ ថាកាលពីថ្ងៃទី ១៥វិច្ឆិកា ថាលោកអេឡុន ម៉ាសក៍ បានស្កាត់ជួបជាមួយលោក Amir Saeid Iravani អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ នៅក្រុងញូយ៉ក។ សារព័ត៌មានអាមេរិកដ៏ល្បី ឈ្មោះនេះ បានស្រង់ប្រភពពីរផ្សេងគ្នាពីភាគីអ៊ីរ៉ង់ ថាពិតជាមានជំនួបនេះ ដោយ លោក អេឡុន ម៉ាសក៍ និង លោកអគ្គរដ្ឋទូតអ៊ីរ៉ង់បានជួបនិយាយ គ្នារយៈពេលជាង១ម៉ោង ស្តីអំពីលទ្ធភាពនៃការបន្ធូរបន្ថយ ភាពតានតឹង រវាង សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ។ ដោយឡែក គិតត្រឹមពេលនេះ ទាំងភាគីរដ្ឋាភិបាលអ៊ីរ៉ង់ ទាំង ក្រុមការងារ របស់ លោកដូណាល់ ត្រាំ គឺគ្មាននរណាម្នាក់ បញ្ជាក់ ព័ត៌មាន ថាពិត ជាមានជំនួប នេះមែនឬក៏អត់ទេ។
នៅអ៊ីរ៉ង់ បណ្តាញព័ត៌មានអ៊ីរ៉ង់ ពីគ្រប់ទំនោរ បានចុះផ្សាយ ព្រោងព្រាត ធ្វើអត្ថាធិប្បាយវិចារណកថា ទាក់ទិននឹងដំណឹងនេះ ។ កាសែត Joumhouri Islami ដែលត្រូវបាន បង្កើតឡើងដោយ បដិវត្តអ៊ីស្លាម ១៩៧៩ បាន ផ្សាយថា ប្រសិនបើមានជំនួបនេះមែន គឺវាជាចំណុចចាប់ផ្តើម មួយដ៏វិជ្ជមាន នៃនយោបាយការទូតថ្មីរបស់អ៊ីរ៉ង់។ កាសែតនេះ មិនបានសរសេរ បញ្ចេញឈ្មោះលោកអេឡុន ម៉ាសក៍ ទេ ដោយ គ្រាន់តែថា “មនុស្ស មានឥទ្ធិពលម្នាក់ដែលមានឥទ្ធិពលខ្លាំង ទៅលើ លោក ដូណាល់ ត្រាំ។
ដោយឡែក កាសែត Kayhan ដែលមានទំនោរអភិរក្សនិយមខ្លាំង ធ្លាប់សរសេរជេរ សហរដ្ឋអាមរិកថាប្រទេសធ្វើភេរវកម្ម បាន ចោទជាសំណួរថា តើ ការដែល អគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បាន លួចស្កាត់ជួបដោយសម្ងាត់ ជាមួយ លោក អេឡុន ម៉ាសក៍ វាគឺជារឿងមួយដ៏ឆោតល្ងង់ ឬមួយក៏ជាទង្វើក្បត់ជាតិ? ចំណែក កាសែត Ham Mihan ដែលមានទំនោរ កំណែទម្រង់និយមវិញ បាន សរសេរអបអរសាទរថា ជំនួប រវាងលោកអេឡុន ម៉ាសក៍ ជាមួយ លោកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ វាគឺជាចំណុចបញ្ជាក់ថា ដំណោះស្រាយតាមផ្លូវ ការទូត គឺទាល់តែមានមកពីទាំងសងខាង ។ ដូចគ្នាដែរ កាសែតកណ្តាលនិយមអ៊ីរ៉ង់មួយទៀត ឈ្មោះ Shargh បាន ចុះផ្សាយ ថា ជំនួបនេះវាគឺ ការបោះជំហានវិជ្ជមានមែនហើយ តែក៏មិនគួរ ត្រេកអរជ្រុលដែរសម្រាប់ពេលនេះ ។
សូម បញ្ជាក់ថា លោក អេឡុន ម៉ាសក៍ ត្រូវគេស្គាល់ថាជាមនុស្ស មានឥទ្ធិពលនិងស្និទ្ធស្នាលខ្លាំងណាស់ ជាមួយ លោកដូណាល់ ត្រាំ។ នៅ ក្នុងរដ្ឋាភិបាល ថ្មី ដែលនឹងចូលធ្វើការចាប់ពីខែមករាឆ្នាំក្រោយ លោក ដូណាល់ ត្រាំ បានតែងតាំងមហាសេដ្ឋី រូបនេះ ឲ្យធ្វើជា រដ្ឋមន្ត្រីក្រសួង ទទួល បន្ទុក ប្រសិទ្ធភាពរដ្ឋភិបាល ។ ទំនោរយ៉ាងណារបស់អនាគតរដ្ឋបាល លោក ដូណាល់ ត្រាំ ជាមួយនឹងអ៊ីរ៉ង់ ក៏កំពុងត្រូវបាន ភាគី អ៊ីស្រាអែលតាមដាន យ៉ាងយកចិត្តទុកដាក់ បំផុត ។
គួររំលឹកដែរថា កាលពីអាណត្តិ មុនរបស់ លោក ដូណាល់ ត្រាំ គឺលោក បាន អនុវត្តគោលនយោបាយ ប្រើធម៌ក្តៅ សង្កត់កអ៊ីរ៉ង់យ៉ាងខ្លាំង តាមរយៈ ការដកខ្លួនសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និង បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើអ៊ីរ៉ង់។ ប្រភពពីអាមេរិកខ្លះ បាន លើកការសង្ស័យថា អ៊ីរ៉ង់អាចជាអ្នកនៅពីក្រោយ គម្រោង ធ្វើឃាតលោកដូណាល់ ត្រាំ កាលពីអំឡុងពេលឃោសនាបោះឆ្នោត ថ្មីៗនេះ ។ យ៉ាងណាក៏ដោយ ក្រោយ ការជាប់ឆ្នោតសារជាថ្មីកាលពីដើមខែវិច្ឆិកា អ៊ីរ៉ង់បានអំពាវនាវទៅកាន់លោកដូណាល់ ត្រាំ ថាសហរដ្ឋអាមេរិក គួរតែ កំណត់នូវគោលនយោបាយ ថ្មីបើកចំហជាមួយអ៊ីរ៉ង់៕
N.0065