លោកដូណាល់ត្រាំត្រលប់ មកដឹកនាំអាមេរិក មេដឹកនាំអ៊ុយក្រែនថា ចង់បញ្ចប់សង្រ្គាមនៅឆ្នាំក្រោយតាមផ្លូវចរចា
ជ័យជម្នះ របស់ លោកដូណាល់ ត្រាំ ត្រលប់មក កាន់អំណាច នៅសហរដ្ឋអាមេរិក កំពុង ធ្វើ ឲ្យ អនាគតសង្រ្គាម នៅអ៊ុយក្រែន កាន់តែ មិន ច្បាស់លាស់។ លោក ដូណាល់ ត្រាំ និយាយ ដដែលៗថា រដ្ឋបាល របស់លោក នឹង បញ្ចប់សង្រ្គាម អ៊ុយក្រែន ដែលជា បន្ទុកចំណាយ ដ៏ធំមួយ របស់អាមេរិក។ ប៉ុន្តែ លោកមិនដែល បានលម្អិត តើ នឹង បញ្ចប់ សង្រ្គាម ដែល មានរយៈពេល ជីត ៣ឆ្នាំនោះ ដោយ របៀបណានោះ ទេ។ នៅក្រោយ ការអះអាង របស់ អនាគត ប្រធានាធិបតី អាមេរិក ដែលគិត ប្រយោជន៍អាមេរិក ដំបូងគេយ៉ាងដូច្នេះ ទាំង អ៊ុយក្រែន និង សម្ព័ន្ធមិត្ត អឺរ៉ុប ចាប់ផ្តើម ភ័យព្រួយបារម្ភ ខ្លាច ក្រែងថា នយោបាយ របស់ លោកដូណាល់ ត្រាំ បញ្ចប់ សង្រ្គាម អ៊ុយក្រែន នឹង ផ្តល់ ប្រយោជន៍ ទៅ ឲ្យ រុស្ស៊ី របស់ លោកពូទីន ច្រើនជាង អ៊ុយក្រែន។
នៅ ចំពោះមុខ អនាគត ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ដែល អរិភាព រិះគន់ កញ្ចប់ជំនួយ យោធា របស់ អាមេរិក សម្រាប់ជួយ អ៊ុយក្រែន សម្ព័ន្ធមិត្ត អឺរ៉ុប ជាពិសេស អ៊ុយក្រែន ផ្ទាល់តែម្តង គ្មាន ជម្រើស ច្រើន និងត្រូវបង្ខំចិត្ត បត់បែន តាម កាលៈទេសៈ។
នៅក្នុង យុទ្ធនាការ ឃោសនា បោះឆ្នោត លោក ដូណាល់ ត្រាំ ដែល ប្រឆាំង នឹង អន្តរាគមន៍យោធា របស់អាមេរិក នៅទឹកដីប្រទេស បាន អះអាងថា បើសិនលោកឈ្នះឆ្នោត ចូលកាន់អំណាច នោះ លោក នឹង បិទបញ្ចប់ សង្រ្គាម អ៊ុយក្រែន តែក្នុងរយៈពេល ២៤ម៉ោង។ នៅក្នុង ពិធីជប់លៀង ចុងសប្តាហ៍នេះ លោក នៅបានសន្យា ទៀត ថា លោក ខំប្រឹង ដើម្បី បញ្ចប់ សង្រ្គាម អ៊ុយក្រែន។ ប៉ុន្តែ រាល់លើក លោក មិន បាន លម្អិត តើ លោក នឹង បញ្ចប់ សង្រ្គាមអ៊ុយក្រែន ដែលបាន អូសបន្លាយពេល ១ពាន់ថ្ងៃមកហើយនោះ ដោយ វិធី មធ្យោបាយណានោះទេ។ សហភាពអឺរ៉ុប និងអ៊ុយក្រែន វិញ បារម្ភថា ដោយសារ នយោបាយ គិត ផលប្រយោជន៍អាមេរិកដំបូងគេ និងកាត់បន្ថយ ការចំណាយរបស់ រដ្ឋអាមេរិក លោកដូណាល់ ត្រាំ អាច ចរចាផ្ទាល់ ជាមួយ រុស្ស៊ី ដើម្បី បញ្ចប់ សង្រ្គាម នៅអ៊ុយក្រែន ដោយ មិន ខ្វល់ ពី អនាគត ជោគវាសនា របស់ អ៊ុយក្រែន។
នៅអឺរ៉ុប លោក នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ អូឡាហ្វ ស្ហុល៍ បានស្ទង់ ដឹងខ្លះ ពីជំហរ មិនច្បាស់លាស់ របស់លោកដូណាល់ ត្រាំ នៅក្នុង សំណុំរឿងអ៊ុយក្រែន នៅក្នុង កិច្ចសន្ទនា តាមទូរស័ព្ទ ជាមួយ លោកដូណាល់ ត្រាំ នៅ ដើម សប្តាហ៍នេះ។ ជំហរ ស្រពិចស្រពិល របស់ អនាគត ប្រធានាធិបតី អាមេរិក ទំនងអាច ជា ហេតុផល មួយ ដែលជំរុញ ឲ្យ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុល៍ សម្រេចចិត្ត ចុចទូរស័ព្ទ និយាយ ជាមួយ ប្រធានាធិបតី រុស្ស៊ី លោកពូទីន កាលពីថ្ងៃសុក្រទី ១៥ វិច្ឆិកា។ នេះជាលើកទី១ ដែល នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ និយាយ ផ្ទាល់ ជាមួយ លោកពូទីន នៅ ក្នុង រយៈពេល ២ឆ្នាំ នៃ សង្រ្គាម អ៊ុយក្រែន។ នៅក្នុង កិច្ចសន្ទនា ជាមួយ មេដឹកនាំ រុស្ស៊ី លោកអូឡាហ្វ ស្ហុល៍ បានទាមទារ ឲ្យ រុស្ស៊ី បង្ហាញ ឆន្ទៈ ចរចាជាមួយ អ៊ុយក្រែន ដើម្បី ស្វែងរក សន្តិភាព ដែល យុត្តិធម៌ និងយូរអង្វែង នៅអ៊ុយក្រែន។ លោក អូឡាហ្វ ស្ហ៊ុល៍ នៅបាន ទាមទារ ឲ្យ លោក ពូទីន ដកទ័ពរុស្ស៊ី និង បញ្ចប់ សង្រ្គាម អ៊ុយក្រែន។
ទោះភាគីអាល្លឺម៉ង់ បានជូន ដំណឹង ជាមុន ពី កិច្ចសន្ទនា រវាង លោក អូឡាហ្វ ស្ហុល៍ និងលោកពូទីន មេដឹកនាំ អ៊ុយក្រែន លោក ហ្សេឡេនស្គីនៅតែមិនពេញចិត្ត និង រិះគន់ ខ្លាំងៗ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ថា ដោយ បោះដៃ សន្ទនា ជាមួយមេដឹកនាំ រុស្ស៊ី នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ កំពុង បើក ប្រអប់ អពមង្គល នាំ មហន្តរាយ គ្មាន ថ្ងៃបញ្ចប់។
ដោយពិតទៅ នេះ មិនមែនជា កំហុស របស់ នាយក រដ្ឋមន្រ្តីអាល្លឺម៉ង់ នោះទេ។ ប្រធានាធិបតី អ៊ុយក្រែនសង្កេត ឃើញ ខ្យល់កំពុងបក់រេ ប្តូរទិស នៅក្រោយ លោកដូណាល់ ត្រាំ ឈ្នះឆ្នោត ត្រលប់ទៅកាន់អំណាច នៅអាមេរិក។ នៅចំពោះមុខ អនាគត ប្រធានាធិបតី អាមេរិក ដែល អរិភាព ប្រឆាំង ការចំណាយរបស់ អាមេរិក នៅក្នុង សង្រ្គាមអ៊ុយក្រែន លោក ហ្សេឡេនស្គី បាន បត់បែនខ្លះ ដោយ ថា សង្រ្គាម នឹង អាច ឆាប់ចប់ នៅពេល លោកដូណាល់ ត្រាំ ក្លាយជា ប្រធានាធិបតីអាមេរិក។
នៅថ្ងៃសៅរ៍ ទី ១៦ មួយថ្ងៃ ក្រោយនាយករដ្ឋមន្រ្តី អាល្លឺម៉ង់ និយាយ ទូរស័ព្ទ ជាមួយ មេដឹកនាំ រុស្ស៊ី លោក ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បាននិយាយ ប្រាប់វិទ្យុ ក្នុងស្រុក ទៀត ថា លោក នឹង ព្យាយាម ធ្វើអ្វីគ្រប់យ៉ាង ដើម្បី ធ្វើ ឲ្យ សង្រ្គាម ចប់ នៅ ឆ្នាំ ក្រោយ ឆ្នាំ ២០២៥ តាមមធ្យោបាយ ការទូត។ ការបញ្ចប់ សង្រ្គាម តាមរយៈ ការចរចា ការទូត នេះសំខាន់ណាស់។
ប្រមុខដឹកនាំអ៊ុយក្រែន បានសង្កត់ធ្ងន់ ពី ការបញ្ចប់ សង្រ្គាម តាមការចរចា ការទូត នៅក្នុង កាលៈទេសៈ ដែល អ៊ុយក្រែន កំពុង បាក់ទ្រោម នៅក្នុង សមរភូមិ។ ជារៀងរាល់ ថ្ងៃ កងទ័ពរុស្ស៊ី រំកិល ចូលកាន់តែ ជ្រៅ ក្នុងទឹកដីអ៊ុយក្រែន។ បើតាម លោក ហ្សេឡេនស្គី គ្មាន ជំនួយ ពីអាមេរិក និង សម្ព័ន្ធមិត្ត អឺរ៉ុប អ៊ុយក្រែន នឹង ដួលរលំ។ សព្វថ្ងៃនេះ ស្ថានការណ៍ កាន់តែស្មុគស្មាញ នៅ សមរភូមិភាគខាងកើត អ៊ុយក្រែន។ កងទ័ពរុស្ស៊ី ចេះតែ រំកិលចូល ខណៈពេល ដែល អ៊ុយក្រែន កំពុង ខ្សត់ខ្សោយ ទាំង កម្លាំងទ័ព និងសព្វាវុធ ពិបាក ទប់ទល់ នឹង កងទ័ពរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន ចង់ ចរចា បញ្ចប់ សង្រ្គាម តាមផ្លូវការទូត ប៉ុន្តែ បើតាម លោក ហ្សេឡេនស្គី គឺ លោក ពូទីន ដែល មិន ចង់ បាន សន្តិភាព។ នៅក្នុង កិច្ចសន្ទនា តាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក ពូទីន បាន បញ្ជាក់ហើយថា លោក យល់ព្រម ចរចា ជាមួយ អ៊ុយក្រែន លុះណា តែ អ៊ុយក្រែន យល់ព្រម ការបាត់ទឹកដី នៅក្នុង តំបន់ ទាំងបួន ដែល រុស្ស៊ី បាន វាយចូលកាន់កាប់ នៅក្នុង សង្រ្គាម ជាង ២ឆ្នាំមកនេះ។ បើតាមវិមានក្រេមឡាំង លោកពូទីនបាន បញ្ជាក់សាជាថ្មី ថា ជំហរ របស់ រុស្ស៊ី នៅតែមិនផ្លាស់ប្តូរ។ នៅក្នុង ការចរចា សន្តិភាពជាមួយ អ៊ុយក្រែន គេ ត្រូវទទួល ស្គាល់ តថភាពជាក់ស្តែងនៅលើ សមរភូមិ ពោលគឺ ទឹកដី អ៊ុយក្រែន ដែល រុស្ស៊ី បានវាយចូលគ្រប់គ្រងនោះ រុស្ស៊ី មិនអាច ដកទ័ពចេញបានទេ។ មួយវិញទៀត អ៊ុយក្រែន ត្រូវ បោះបង់ចោល គំនិត ចង់ចូលរួម ក្នុង បក្សសម្ព័ន្ធអូតង់ ដែលរុស្ស៊ីចាត់ទុកជា គ្រោះថ្នាក់ដ៏ធំ ដល់ សន្តិសុខ ជាតិ រុស្ស៊ី៕
N.0066