ប្រមុខការទូតអ៊ីរ៉ង់ថាបើអឺរ៉ុបដាក់ទណ្ឌកម្មជាថ្មី នោះដូចរុញ ឲ្យអ៊ីរ៉ង់ឈានទៅមានអាវុធនុយក្លែអ៊ែរ

7News

 ប្រមុខការទូតអ៊ីរ៉ង់ថាបើអឺរ៉ុបដាក់ទណ្ឌកម្មជាថ្មី នោះដូចរុញ ឲ្យអ៊ីរ៉ង់ឈានទៅមានអាវុធនុយក្លែអ៊ែរ

ប្រសិនបើក្រុមប្រទេស អឺរ៉ុប សម្រេច ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឡើងវិញមកលើអ៊ីរ៉ង់ នោះអ៊ីរ៉ង់អាចនឹងឈានទៅមាន អាវុធនុយក្លេអ៊ែរ។ នេះ គឺជាសំដីបែប គំរាម នៅថ្ងៃទី ២៩ វិច្ឆិកានេះ របស់ លោកប្រមុខការទូតអ៊ីរ៉ង់ នៅក្នុងបទសម្ភាសន៍ មួយ ឲ្យសារព័ត៌មានអង់គ្លេស The Guardian។ ការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ គឺធ្វើឡើងមួយថ្ងៃមុនមានការប្រជុំ ចរចាគ្នានៅទីក្រុងវីយែន រវាងអ៊ីរ៉ង់ និង ក្រុមប្រទេសអឺរ៉ុប៣ បារាំង អង់គ្លេស អាល្លឺម៉ង់ ដើម្បីរកដំណោះស្រាយ ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ។

នៅក្នុងបទសម្ភាសន៍ មួយ ចុះផ្សាយដោយសារព័ត៌មាន The Guardian លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានលើកឡើងថា បច្ចុប្បន្ននេះ នៅអ៊ីរ៉ង់កំពុងតែ មានការចោទសួរ ទាក់ទិននឹងគំនិតចង់សើរើ ច្បាប់គ្រិះមួយ ដែល ហាមមិន ឲ្យ អ៊ីរ៉ង់ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ មានការជជែកដេញដោលច្រើន ថា ដោយផ្អែកលើបរិបទ គំរាមកំហែងនាពេលបច្ចុប្បន្ននេះ តើអ៊ីរ៉ង់គួរតែរក្សាច្បាប់ហាមឃាត់នេះទៀត ឬក៏ត្រូវផ្លាស់ ប្តូរគោលនយោបាយ?

លោក ប្រមុខការទូតអ៊ីរ៉ង់បាន និយាយបន្ថែមថា ប្រសិន បើ ប្រទេសអឺរ៉ុប នាំគ្នា សម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឡើងវិញមកលើ អ៊ីរ៉ង់ នោះគឺវាហាក់ដូចជា ជំរុញឲ្យ មតិយោបល់ទូទៅគ្រប់គ្នា នៅអ៊ីរ៉ង យល់ថាដល់ពេលហើយ ដែល អ៊ីរ៉ង់ត្រូវតែ លុបច្បាប់ ហាម ឃាត់នោះចោល ព្រោះវាជាទ្រឹស្តី ដែល អ៊ីរ៉ង់យល់ខុសកន្លង មក។ គ្រប់គ្នានៅអឺរ៉ង់ នឹងយល់ថា ថា តើអ៊ីរ៉ង់នៅបន្ត ប្រឹងហាមខ្លួនឯងធ្វើអ្វីទៀត បើក្រុមប្រទេសលោកខាងលិចនៅតែដាក់ទណ្ឌកម្ម លើអ៊ីរ៉ង់ដដែលជាដដែល?

គួរកត់សំគាល់ថា សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់កំពុងតែឈានកាន់ក្តៅខ្លាំងឡើង បន្ទាប់ពី ក្រុម ប្រទេស លោកខាងលិច បាននាំគ្នាស្តីបន្ទោសអ៊ីរ៉ង់ ថាមិន បានសហការ ប្រកបដោយភាពស្មោះត្រង់។ ប្រតិកម្ម ទៅ នឹងការចោទប្រកាន់ជាលាយលក្ខណ៍អក្សរ សម្រេច ដោយក្រុមប្រឹក្សាទេសាភិបាល នៃ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ នេះ អ៊ីរ៉ង់បាន ប្រកាសកាលដើមសប្តាហ៍នេះ ថាអ៊ីរ៉ង់ នឹង ដាក់ ឲ្យ ប្រើប្រាស់ នូវ ម៉ាស៊ីនចម្រើនធាតុអ៊ុយរ៉ានីញ៉ូមទំនើបបំផុត ដើម្បី ពន្លឿន ការងារ។ ផ្អែកតាម លោក Behrouz Kamalvandi អ្នកនាំពាក្យ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ អ៊ីរ៉ង់ត្រូវការ ពេលតែ ពី ៤ទៅ ៦ខែទៀតប៉ុណ្ណោះ ដើម្បី ឲ្យ ដំណើរការពន្លឿន ការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម អាចពេញ លេញទៅតាមកម្មវត្ថុចង់បាន ។

សូមបញ្ជាក់ថា តាមការគ្រោងទុក នៅថ្ងៃសុក្រទី ២៩វិច្ឆិកា នេះ ភាគីអ៊ីរ៉ង់នឹងជួបចរចាជាមួយ តំណាង បារាំង អាល្លឺម៉ង់ និង អង់គ្លេស ដែលជាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់។ មហាអំណាចអឺរ៉ុបទាំង៣នេះ បានលើកឡើងពីចេតនា ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ប្រសិន បើអ៊ីរ៉ង់មិនសហការ ហើយ នៅតែបន្ត ធ្វើសកម្មភាពចម្រើនធាតុអ៊ុយរ៉ានីញ៉ូម លើសពីអ្វីដែលមានកំណត់ ក្នុងកិច្ចព្រមព្រៀង។

យោងតាម លោក Mostafa Shirmohammadi នយោបាយវិទូជំនាញអ៊ីរ៉ង់ គឺតាមរយៈការចរចានេះ អ៊ីរ៉ង់ កំពុងតែព្យាយាម បញ្ចៀសស្ថានការណ៍ លំបាក២ស្ទួន ដែលអាចសង្កត់ កអ៊ីរ៉ង់ក្នុងពេលអនាគតដ៏ខ្លី ។ នោះគឺទណ្ឌកម្មសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរ សម្រេចដោយ រដ្ឋបាលថ្មីរបស់ លោក ដូណាល់ ត្រាំ ផង និង ទណ្ឌកម្មសេដ្ឋកិច្ចដែលក្រុមប្រទេសអឺរ៉ុប អាចដាក់ មកលើអ៊ីរ៉ង់ ផង។ អ៊ីរ៉ង់កំពុងតែព្យាយាម បញ្ចុះបញ្ចូលក្រុមប្រទេសអឺរ៉ុប តែសម្រាប់ពេលនេះ គឺមានលំបានបន្តិចហើយ ដោយសារតែក្រុមប្រទេសអឺរ៉ុបខឹងអ៊ីរ៉ង់ ដែលជួយផ្តល់អាវុធ ឲ្យរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន ។

គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀងឆ្នាំ ២០១៥ បានដាក់កំហិត មិន ឲ្យ អ៊ីរ៉ង់ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម លើសពី កម្រិត ៣,៦៧ទេ។ តែក្រោយ ពេល លោកដូណាល់ ត្រាំដកខ្លួនសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើអ៊ីរ៉ង់ អ៊ីរ៉ង់បានចាប់ផ្តើម ពន្លឿនការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម រហូតដល់ កម្រិត ៦០%។ ដើម្បីអាចផលិតអាវុធនុយក្លេអ៊ែរបានគឺគេត្រូវយកធាតុអ៊ុយរ៉ានីញ៉ូមទៅចម្រើនធាតុ ក្នុងកម្រិត ៩០%។ តែយ៉ាងណាក៏ដោយ លោក ប្រមុខ ការទូត អ៊ីរ៉ង់បានអះអាងប្រាប់កាសែត The Guardian ថាសម្រាប់ពេលនេះ អ៊ីរ៉ង់គ្មានចេតនា ទៅចម្រើនធាតុ អ៊ុយរ៉ានីញ៉ូម ឲ្យលើសពី ៦០%ទេ។

ដោយឡែក នៅ ក្នុងបទសម្ភាសន៍ មួយ តាមទូរទស្សន៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៨វិច្ឆិកា លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ បាន លើកឡើងថា លោកនឹងប្រើគ្រប់មធ្យោបាយ ដើម្បីរារាំង មិន ឲ្យ អ៊ីរ៉ង់ក្លាយជាមហាអំណាចនុយក្លេអ៊ែរ ព្រោះវាជារឿងស្លាប់រស់របស់ ប្រទេសអ៊ីស្រាអែល៕

Nº.0113


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top