ព្យុះសង្ឃរាទីហ្វុងថ្មីមួយទៀត ឈ្មោះម៉ានយី បោកសង្គ្រុប លើ ហ្វីលីពីន
ជាថ្មីម្តងទៀត ហ្វីលីពីន កំពុងតែស្ថិតនៅក្នុ ងគ្រោះមហន្តរាយ ខ្យល់ព្យុះសង្ឃរា ។ នៅរសៀលថ្ងៃអាទិត្យ ទី ១៧ វិច្ឆិកា នេះ ព្យុះទីហ្វុងដ៏កំណាច ឈ្មោះម៉ានយី បាន បោក បក់ មកដល់ ដោះ លូសុន ដែលជាកោះធំ និងមានមនុស្ស រស់នៅច្រើនបំផុត នៅហ្វីលីពីន ។ មិនដល់ ១ខែផង មានព្យុះទីហ្វុង ចំនួន ដល់ទី ៦ ដែលបាន បោកសង្គ្រុប លើ ហ្វីលីពីន បណ្តាល ឲ្យ ស្លាប់មនុស្សជាច្រើនរយនាក់ និង ខូចខាតផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធសាធារណៈយ៉ាងដំណំបំផុត ។
រសៀលថ្ងៃអាទិត្យ ទី ១៧វិច្ឆិកា ខ្យល់ព្យុះទីហ្វុង ម៉ានយី (Man-Yi) បាន បោក សង្គ្រុប មកដល់ឆ្នេរកោះលូសុន ភាគខាងជើងហ្វីលីពីន ដែលជាកោះមាន មនុស្ស រស់នៅច្រើនចំផុត។ ផ្អែកតាម អាជ្ញាធរឧតុនិយមហ្វីលីពីន ព្យុះនេះមានកម្លាំងខ្យល់ ប្រមាណ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ពេលមកដល់ឆ្នេរខេត្ត Aurora។ យ៉ាងហោចណាស់ មានប្រជាជនប្រមាណ ១លាន២សែននាក់ ដែលបានភៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាព ទៅតាម ការ អំពាវនាវរបស់ អាជ្ញាធរ ។ សណ្ឋាគារ នៅតាមតំបន់ទេសចរណ៍ក្បែរឆ្នេរសមុទ្រ ត្រូវស្ងាត់ជ្រងំ ដោយសារតែ អាជ្ញាធរបានចេញបញ្ជាជម្លៀសទេសចរចេញទាំងអស់ ។
កាលពីល្ងាចថ្ងៃសៅរ៍ ព្យុះម៉ានយី បាន បោកបក់ឆ្លងកាត់កោះCatanduanes ដែលជាខេត្តមួយស្ថិតនៅភាគខាងកើត ។ នៅទីនោះ ខ្យល់ព្យុះដ៏កំណាចលាយឡំដោយទឹកភ្លៀងនេះ បានបង្កជាទឹករលកសមុទ្រកំពស់ ដល់ទៅ ១៤ម៉ែត្រ ។ កម្លាំងខ្យល់បាន បោក បំបាក់ដើមឈើ របើកប៉ើងដំបូលផ្ទះប្រជាជន និង បំបាក់បង្គោល ភ្លើងដួលរាយប៉ាយ ។ តែផ្អែកតាមអាជ្ញាធរហ្វីលីពីន គិតត្រឹមរសៀលថ្ងៃអាទិត្យ គឺពុំទាន់ មានដំណឹងថាមានមនុស្សស្លាប់ទេ។
គួរបញ្ជាក់ថា ខ្យល់ព្យុះម៉ានយី គឺជាព្យុះទីហ្វុងទី ៦ហើយ ដែល បានបោកសង្គ្រុប មកលើហ្វីលីពីន ក្នុងរវាង មិនដល់ ៣០ថ្ងៃចុងក្រោយ នេះ ។ បើគិតពីដើមខែ វិច្ឆិកនេះ ខ្យល់ព្យុះទីហ្វុង ៤ ផ្ទួនៗគ្នា បាន រំកិលខ្លួនឆ្លងកាត់ពីលើ ហ្វីលីពីន អស់ពីមួយចូលមួយ បង្កការខូចខាត និង ស្លាប់មនុស្សជាច្រើនរយ នាក់ ។ ជាក់ស្តែង ខ្យល់ព្យុះ Usagi ដ៏សែនកំណាចដែលបាន បោក សង្គ្រុប កាលពី ថ្ងៃទី ១៤វិច្ឆិកា បានបណ្តាល ឲ្យ មានមនុស្ស ស្លាប់ យ៉ាងហោច១៦៣នាក់ មនុស្ស រាប់ម៉ឺននាក់ទៀតត្រូវបាត់បង់ជម្រក ផ្ទះសម្បែង ហើយថែមទាំងបានបំផ្លាញផលដំណាំ ស្លាប់សត្វពាហនៈរាប់ពាន់ក្បាល ។
មាន ទីតាំងភូមិសាស្ត្រស្ថិតនៅចន្លោះ សមុទ្រចិនខាងត្បូង និង មហាសមុទ្រប៉ាស៊ីហ្វិក ប្រជុំកោះហ្វីលីពីន តែងតែរងនូវខ្យល់ព្យុះទីហ្វុង ខ្ទង់ ជាង ២០ដង ក្នុងមួយឆ្នាំ ចន្លោះពីខែ កក្កដាដល់ខែតុលា។ តែឆ្នាំនេះ គឺចម្លែកបំផុត ដែលរដូវកាលព្យុះទីហ្វុង បានបន្តពន្យារហូតដល់ខែវិច្ឆិកា។ ផ្អែកតាម ទីភ្នាក់ងារ ឧតុនិយមជប៉ុន ឆ្នាំ ២០២៤នេះ វាគឺជាលើកទី ១ហើយបើរាប់ពីឆ្នាំ ១៩៥១មក ដែលមាន ព្យុះទីហ្វុងក៏កំណាច ៥-៦ដងផ្ទួនៗគ្នាបែបនេះ នៅក្នុងខែវិច្ឆិកា ។
អ្នកជំនាញ វិទ្យាសាស្ត្រអាកាសធាតុនិងឧតុនិយម ធ្លាប់បាន ព្យាករណ៍ សន្និដ្ឋានរួចហើយ ថា បម្រែបម្រួល អាកាធាតុសកល សីតុណ្ហភាពទឹកសមុទ្រឡើងកំដៅ នឹងធ្វើ ឲ្យ មានគ្រោះមហន្តរាយធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ កាន់តែកាចសាហាវ ញឹកញាប់ផ្ទួនៗគ្នាមួយរំពេច៕
N.0068