ម៉ាឡេស៊ីគំរាម​​TikTok ឲ្យចាត់​​វិធានការពិនិត្យអាយុអ្នកប្រើប្រាស់

7NEWS

ម៉ាឡេស៊ីគំរាម​​TikTok ឲ្យចាត់​​វិធានការពិនិត្យអាយុអ្នកប្រើប្រាស់ 

ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥៖

រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានទាមទារ​ទៅកាន់​បណ្តាញសង្គម ​TikTok ឲ្យរិតបន្តឹងនូវវិធានការ ដើម្បី​​ត្រួតពិនិត្យ​អាយុរបស់អ្នកប្រើប្រាស់ និង​ទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យា Deepfake ឆបោក​មនុស្ស​។ ពុំនោះទេ បណ្តាញសង្គមនេះ នឹងរកនូវទណ្ឌកម្ម។​ ផ្អែកតាមក្រសួង​ទូរគមនាគមន៍ម៉ាឡេស៊ី មួយរយៈចុងក្រោយនេះ​ គឺមានផ្ទុះឡើងនូវករណី​បៀតបៀនតាមបណ្តាញសង្គម ដែលមានជងរងគ្រោះជាអនិតីជន​ ព្រមទាំង​អំពើឆបោក​អនឡាញ​ ជាច្រើនករណី​ផ្សេងទៀត​។

អំពើឆបោក​ និង​ការ​បៀតបៀនតាម​អនឡាញ​ បាន​ស្ទុះកើតឡើងច្រើនករណី នៅលើបណ្តាញសង្គមនៅម៉ាឡេស៊ី ជាពិសេសគឺលើបណ្ដាញ​ TikTok និងបណ្តាញFacebook។ នេះបើផ្អែកតាម​ការអះអាង របស់​លោក Fahmi Fadzil រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍​ទី​៤កញ្ញា។ អំពើឆបោកអនឡាញ ដោយ​ប្រើប្រាស់បច្ចេកវិទ្យា Deepfake បាននិងកំពុងបង្កឲ្យ​មានជនរងគ្រោះជាច្រើននាក់ នៅតាមបណ្តាញសង្គម​ពេញនិយមទាំង​២នេះ​។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងគូឡាឡាំពួរ លោក​រដ្ឋមន្ត្រីទូរគមនាគមន៍​​​ម៉ាឡេស៊ី​បានលើកឡើងថា តាមធម្មតា បណ្តាញ​សង្គម TikTok អះអាងថា​កុមារអាយុ​ក្រោម​១៣ឆ្នាំ គឺមិនអនុញ្ញាតឲ្យ​បើក​គណនី TikTok បានឡើយ​។ ក៏ប៉ុន្តែការពិតជាក់ស្តែង គឺនៅតែមានក្មេងអាយុក្រោម១៣ឆ្នាំ​លេងTikTokដដែល​។ មានន័យថា បណ្តាញសង្គមTikTok បានធ្វើព្រងើយ​កន្តើយ មិនអនុវត្តវិធានការពារក្មេងក្រោមអាយុ ​ដូចដែលខ្លួនបានសន្យាឡើយ​។ ប្រឈមនឹងបញ្ហានេះ រដ្ឋាភិបាលម៉ាឡេស៊ី ទាមទារ​ទៅកាន់​បណ្តាញTikTok ត្រូវតែ​ចាត់វិធានការកែតម្រូវជាបន្ទាន់ ពុំនោះទេនឹងរងទណ្ឌកម្មពីអាជ្ញាធរម៉ាឡេស៊ី។

លោក​រដ្ឋមន្ត្រីម៉ាឡេស៊ី បានអះអាង​ទៀតថា ត្រូវតែមាន​យន្តការបច្ចេកវិទ្យា ដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ TikTok។ លោកបាន​​បញ្ជាក់ទៀត ក្រុមហ៊ុន TikTok ត្រូវតែសហការដោះស្រាយ​បញ្ហានេះ ជា​មួយ​គណៈកម្មការ​ទូរគមនាគមន៍ និង​ប្រព័ន្ធបច្ចេកវិទ្យា​​​ម៉ាឡេស៊ី MCMC ព្រមទាំង​សមត្ថកិច្ចនគរបាល​ម៉ាឡេស៊ី។

សូមបញ្ជាក់ថា មុននឹង​ធ្វើសន្និសីទកាសែតខាងលើ គឺលោករដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍​ម៉ាឡេស៊ី បានទៅជួបតំណាង​របស់ក្រុមហ៊ុន TikTok នៅឯអគ្គស្នងការដ្ឋាននគរបាលម៉ាឡេស៊ី​ នៅទីក្រុងគូឡាឡាំពួរ ដើម្បីនិយាយអំពី​បញ្ហា​អំពើឆបោក និងករណីបទល្មើសបៀតបៀន ​នៅលើបណ្តាញសង្គមនេះ​​។ 

គួរបញ្ជាក់ដែរថា នៅម៉ាឡេស៊ី ច្បាប់ថ្មីមួយនឹងចូលជាធរមាន​ចាប់ពីខែតុលាទៅ ដើម្បីពង្រឹងសន្តិសុខ​តាមបណ្តាញ​អនឡាញ និងជាពិសេសគឺដើម្បីការពារ​កុមារ​ អនីតិជន ដែលប្រឈមគ្រោះថ្នាក់បំផុតនៅតាមបណ្តាញសង្គម។ ផ្អែកតាម​អង្គការUnicef ម៉ាឡេស៊ី ជាប្រទេសស្ថិតនៅលំដាប់ទី​៥នៃពិភពលោក ដែលសំបូរ​ករណី​បៀតបៀនតាម​អនឡាញ និងស្ថិតនៅលេខរៀងលំដាប់ទី​២ប្រចាំទ្វីបអាស៊ី បន្ទាប់ពីចិន​។

គួរកត់សំគាល់ថា បណ្តាញសង្គម TikTok ដែលសំបូរទៅដោយរូបភាពវីដេអូ លេងសើចឡិកឡក់ឥតបានការ កំពុងតែធ្វើអាជ្ញាធរប្រទេសជាច្រើនមានការព្រួយបារម្ភ ព្រោះវាគឺជាការគំរាម​ដ៏គ្រោះថ្នាក់ មក​លើ​សតិអារម្មណ៍​​របស់​មនុស្សងាយរងគ្រោះ ជាពិសេសគឺក្មេង​ៗមិនទាន់គ្រប់អាយុ។ 

Nº.0983

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top