សហភាពអឺរ៉ុប ​ជំរុញឲ្យរដ្ឋសមាជិក ឯកភាព​ចុះកិច្ចព្រមព្រៀង​ EU - Mercosur

7NEWS

សហភាពអឺរ៉ុប ​ជំរុញឲ្យរដ្ឋសមាជិក ឯកភាព​ចុះកិច្ចព្រមព្រៀង​ EU - Mercosur

ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥៖

ថ្នាក់ដឹកនាំសហភាពអឺរ៉ុប បានជំរុញឲ្យសមាជិកទាំង២៧ប្រទេស​ ត្រូវយល់ព្រមចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម ជាមួយក្រុមប្រទេសស្ថិតក្នុងសហគមន៍សេដ្ឋកិច្ចប៉ែកខាងត្បូង ហៅកាត់ មែរកូសួរ (Mercosur)។ ដើម្បី​បន្ទន់ចិត្ត​ដល់​រដ្ឋ​សមាជិក​ដែល​មាន​ជំហរ​ជំទាស់ សហភាពអឺរ៉ុប​​បានសម្រេច​​បន្ថែម​មាត្រា​ច្បាប់ថ្មីមួយ​ទៅក្នុង​គំរូ​កិច្ចព្រមព្រៀង ដោយ​បញ្ជាក់​ថា​ត្រូវ​ការពារ​និងធ្វើ​អន្តរាគមន៍​ជួយ​ប្រជាកសិករ​អឺរ៉ុបនិង​ទំនិញ​អឺរ៉ុប​ដែល​រងផល​ប៉ះពាល់ព្រោះតែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​។​ ​

ប្រសិនបើសហភាពអឺរ៉ុបយល់ព្រមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ Mercosur មែននោះ អឺរ៉ុបនឹងមានទីផ្សារធំជាងមុនសម្រាប់នាំចេញផលិតផលឧស្សាហកម្ម មានដូចជា រថយន្ត និង គ្រឿងម៉ាស៊ីន ជាដើម។ ទន្ទឹមគ្នានេះ អឺរ៉ុបក៏នឹងនាំចូលវិញនូវផលិតផលកសិកម្ម ដូចជា សាច់គោ ស្ករ ស្រូវ អង្ករ ទឹកឃ្មុំ និងសណ្តែក។ល។ តែការចរចាគ្នា ស៊ីពេល ​ប្រមាណ​ជា​២៥ឆ្នាំហើយ នៅ​មិនទាន់​រកឃើញ​កិច្ចព្រមព្រៀង​ ជារូបរាង​ទេ។ រហូតមកទល់ពេលនេះ អាល្លឺម៉ង់ និងអេស្ប៉ាញយល់ព្រម។ រីឯ បារាំង អ៊ីតាលី និងប៉ូឡូញ ជំទាស់។ ​ជំទាស់ ដ្បិតថា ក្រុមប្រទេស Mercosur មានច្បាប់ និងបទដ្ឋានក្នុងវិស័យកសិកម្មផ្សេងៗគ្នា និងផ្ទុយពីបទដ្ឋានកសិកម្មរបស់អឺរ៉ុប​។ ក្រៅពីបារម្ភចំពោះ​បញ្ហាសុខភាពអ្នកប្រើប្រាស់ ប្រទេសអឺរ៉ុបខ្លះក៏ព្រួយខ្លាចក្រែងលក់ទំនិញចាញ់ក្រុមប្រទេស Mercosur ព្រោះតែទំនិញរបស់​ពួកគេនោះ លក់ក្នុងតម្លៃថោកជាងឆ្ងាយពីទំនិញអឺរ៉ុប។

ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ​សហភាពអឺរ៉ុប បាន​រន្ថើនជំរុញ​ ​ឲ្យ​រដ្ឋសមាជិក​ទាំង​២៧ ត្រូវ​ឯកភាពគ្នា​ចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម ជាមួយ​ក្រុមប្រទេសស្ថិតក្នុងសហគមន៍សេដ្ឋកិច្ចប៉ែកខាងត្បូង Mercosur។ ទន្ទឹម​នឹង​ការអំពាវនាវជាថ្មីឲ្យ​សមាជិក​យល់ព្រម​ចុះកិច្ចព្រមព្រៀង​  ​ថ្នាក់ដឹកនាំសហភាពអឺរ៉ុប​​ក៏បាន​ធ្វើ​សម្បទាន​​ ដោយ​បន្ថែម​មាត្រា​ច្បាប់​ថ្មីមួយ ស្តីពី​​ការ​ជួយ​រក្សា​ការពារ​ទៅដល់​ប្រជា​កសិករ​អឺរ៉ុបនិងទំនិញអឺរ៉ុប ដែល​រងផលប៉ះពាល់ ឬ​អាច​នឹង​រងគ្រោះ​ធ្ងន់ធ្ងរ​។​ ប្រទេស​បារាំង​ តាមរយៈ​អ្ន​កនាំពាក្យ​រដ្ឋាភិបាល លោកស្រី Sophie Primas បាន​សាទរ​​ដែល​សហភាព​អឺរ៉ុប​គិតគូរពីក្តីបារម្ភ​របស់ខ្លួន​ តែរដ្ឋាភិបា​លក្រុង​​ប៉ារីស​​នៅតែ​រក្សា​ជំហរ​បន្ត​ពិចារណាសិន​។​

ជាការ​កត់សម្គាល់ គិត​ចាប់តាំងពី​លោក ដូណាល់ ត្រាំ ឡើង​កាន់​អំណាច​សេតវិមាន​អាមេរិកនិង​បាន​ធ្វើ​ឲ្យ​ពិភព​ពាណិជ្ជកម្មអន្តរជាតិ​រញ្ជួយ​​តាមរយៈ​រនាំងពន្ធគយ​ សហភាព​អឺរ៉ុប​ខំប្រឹង​រក​ដៃគូ​ពាណិជ្ជកម្ម​បន្ថែមទៀត។ ជាក់ស្តែង សហភាពអឺរ៉ុប​ ក៏​បាន​ពន្លឿន​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ ចិន ឥណ្ឌា ឥណ្ឌូណេស៊ី អេម៊ីរ៉ាត់​អារ៉ាប់រួម ព្រមទាំង​បន្ត​ពង្រឹង​ទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស កាដាណ និង​ជប៉ុន ​ជាដើម។ ម្ល៉ោះហើយទើប ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានសង្កត់ធ្ងន់​​ថា ក្នុង​បរិបទ​ពិភពលោក​បច្ចុប្បន្ន​ សហភាព​អឺរ៉ុបខំប្រឹង​​បន្ត​ធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម​ ពង្រីកទំនាក់ទំនង​ដៃគូ​រកស៊ី​​ឲ្យច្រើន​​ ហើយ​បង្កើត​ឱកាស​សក្តានុពលពាណិជ្ជកម្ម​បន្ថែមទៀត។

Nº.0981

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top