បាតុកម្ម​ហិង្សានៅឥណ្ឌូណេស៊ី​៖ ​ក្រុម​ជន​ខិលខូច​ចូល​លួច​ក្នុង​ផ្ទះ​រដ្ឋមន្ត្រី ​និង​ឥស្សរជន

7NEWS

បាតុកម្ម​ហិង្សានៅឥណ្ឌូណេស៊ី​៖ ​ក្រុម​ជន​ខិលខូច​ចូល​លួច​ក្នុង​ផ្ទះ​រដ្ឋមន្ត្រី ​និង​ឥស្សរជន

ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥៖

នៅឥណ្ឌូណេស៊ី ​​បាតុកម្ម​ហិង្សា​ប្រឆាំង​នគរបាលនិងអាជ្ញាធរ​រដ្ឋ​ កាន់តែ​រីករាយដាលខ្លាំងឡើងៗ​។  ក្រៅពី​ដុត​បំផ្លាញ​ស្ថាប័ន​សាធារណៈពីសំណាក់​បាតុករហិង្សា ក៏មាន​ក្រុម​ជន​ខិលខូច​បាន​ឆ្លៀត​ឱកាស​ចូល​លួច​របស់របរ​នៅ​ក្នុងគេហដ្ឋាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ផ្ទះ​សមាជិកសភា ជាច្រើន​នាក់។​ ភ្លាមៗ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បាន​ចេញវិធានការ​ក្តៅ​ប្រឆាំង​នឹង​ក្រុមចោរ។ ចំណែក​​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បា​នចាត់ទុក​ក្រុម​ចោរ​ឆ្លៀត​ឱកាស​នោះ ថា ភេរវជន ក្បត់ជាតិ ​។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ដែល​ជាអតីត​មេទាហាន បាន​រិះគន់ក្រុម​​បាតុករហិង្សាថា កំពុងតែ​​ប្រព្រឹត្តិ​អំពើ​ក្បត់​ជាតិ និង​ភេរវកម្ម។​ ប្រមុខរដ្ឋ​រូប​នេះទទួល​ស្គាល់​ថា សិទ្ធិបាតុកម្ម​ដោយ​សន្តិវិធី​ ​គួរតែ​ត្រូវ​គោរព​និងការពារ ក៏ប៉ុន្តែ​​រដ្ឋាភិបាល​មិន​អាច​បិទភ្នែក​ ឬ​​អត់​ឱន​ចំពោះ​ទង្វើផ្ទុយ​ពី​ច្បាប់​នោះឡើយ។​​ ប្រតិកម្ម​ក្នុង​សម្តី​ធ្ងន់​ៗបែបនេះ ឆ្លើយតបទៅនឹង​សកម្មភាព​ហិង្សារបស់បាតុករឥណ្ឌូណេស៊ី ​ និង​ការ​ចូល​លុកលុយ​លួច​របស់របរ​ នៅក្នុង​គេហដ្ឋាន​រដ្ឋមន្ត្រី និង​សមាជិក​សភា​ មួយ​ចំនួន​។​

កាលពី​យប់​ថ្ងៃ​សៅរ៍ ​ឈាន​ចូល​ថ្ងៃអាទិត្យ​ ទី​៣១សីហា មនុស្ស​មួយ​ក្រុម​ មាន​គ្នា​ជាង​១០០នាក់ បាន​ចូលលួច​អីវ៉ាន់ ​នៅគេហដ្ឋាន​របស់រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ​លោកស្រី Sri Mulyani Indrawati។ ខណៈ​ពេល​ពួក​ចោរកំពុង​ធ្វើ​សកម្មភាព​ លោកស្រី​រដ្ឋមន្ត្រី​មិន​នៅផ្ទះទេ។ ក្រៅពី​ផ្ទះ​រដ្ឋមន្ត្រី​រូបនេះ​ ​​គេហដ្ឋាន​របស់​​ស​មាជិកសភា​ យ៉ាងតិច ៣ នាក់ ក៏ត្រូវ​ពួក​ចោរ​ចូល​លួច​ដែរ។ នេះបើតាម​ទីភ្នាក់ងារព័ត៌មាន​ឥណ្ឌូណេស៊ី Antara ដោយ​សង្កត់ធ្ងន់ថា គេហដ្ឋាន​របស់​មន្ត្រី​អ្នក​មុខ​អ្ន​កការ​ជាន់​ខ្ពស់ ក៏​ឋិត​នៅក្នុង​ផ្ទាំង​មុខសញ្ញា​ស៊ើប​ដែរ​។​ ក្រៅពី​ដាក់​ពង្រាយប៉ូលិសទាហាន​យាម​កាម​ផ្ទះ​ឥស្សរជន​សំខាន់ៗ ​​រដ្ឋមន្ត្រីក្រសួង​ការពារជាតិឥណ្ឌូណេស៊ី លោក Sjafrie Sjamsoeddin បាន​ចាត់ទុកហ្វូង​បាតុករ​ថា​ជាក្រុម​អ្នកបះបោរ និងពួក​ចោរប្លន់ ហើយ​លោក​សន្យា​ចាត់​វិធានការតឹងរឹងប្រឆាំងនឹងពួក​បះបោរ ​និង​​ចោរ។

បាតុកម្ម​នៅ​ឥណ្ឌូណេស៊ី ​ធ្លាក់​ក្នុង​សភាព​ហិង្សា​ខ្លាំងឡើងៗ ក្នុង​រដ្ឋធានីហ្សាការតា​ និងនៅ​បណ្តាទីក្រុង​ធំៗ​។ ដើមហេតុ​ដែល​នាំឲ្យ​ភ្លើងកំហឹង​ពលរដ្ឋ​ឆេះខ្លាំង​ ព្រោះតែ​ ​សភា​បោះឆ្នោតសម្រេច​ឲ្យ​បន្ថែម​ប្រាក់​ឧបត្ថម្ភ​ ដល់​សមាជិកសភា​ដើម្បី​ជួល​ផ្ទះស្នាក់នៅ ក្នុងម្នាក់ៗ​ ចំនួន​ ៥០លាន​រូពី (Roupies) ប្រហែល​ជាង ៣ ០៣៤ ដុល្លារ។​ ​​លុយ​ឧបត្ថម្ភ​នេះ ប្រហែល​ ច្រើន​ជាង​ ១០ដង​ ធៀប​នឹង​ប្រាក់ឈ្នួល​​អប្បបរមា នៅក្រុង​ហ្សារតាកា។ មិនតែប៉ុណ្ណោះ​ ​​​ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​បើក​​ឡានបុកអ្នករត់ម៉ូតូឌុប ម្នាក់​ស្លាប់។ ហេតុការណ៍​ផ្ទួនៗនេះ​ ​ហាក់​ប្រៀប​បាន​នឹង​យកសាំង​ចាក់លើភ្លើង​​។​​ ពួក​បាតុករបាន​​ដុត​បំផ្លាញ​ក្រុមប្រឹក្សា​ក្រុង​ Makassar ហើយ​​បណ្តាល​ឲ្យ​​​មនុស្ស​ ៣ នាក់ ស្លាប់​ក្នុង​អគ្គិភ័យ​។

ប្រឈមមុខនឹងបាតុកម្មហិង្សា​រីករាលដាលខ្លាំងទៅៗ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បាន​សន្យា​ស្វែងរក​យុត្តិ​ធម៌​ឲ្យ​គ្រួសារ​សព ហើយ​​ដើម្បី​សម្រន់​កំហឹង​បាតុករ លោក​បាន​សម្រេច​លុប​ចោល​ច្បាប់​​ដ៏ចម្រូង​ចម្រាស​ស្តីពីការ​​ឧបត្ថម្ភប្រាក់​​ចំពោះ​សមាជិក​សភា​សម្រាប់​ជួល​ផ្ទះ​​។ ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី ក៏​បាន​សម្រេច​លុប​ចោល​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ដើម្បី​ទុកពេល​ដោះស្រាយ​វិបត្តិ​ក្នុងស្រុក​៕

Nº.0972

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top