លោកដូណាល់ត្រាំ លើកសំណើស្តីពីការធានាសន្តិសុខ ឲ្យ អ៊ុយក្រែន ដែលស្រដៀងគ្នា នឹង ការធានារបស់ អូតង់
ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥៖
នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយ ប្រធានាធិបតីអ៊ុយក្រែន និង ថ្នាក់ដឹកនាំ ប្រទេស អឺរ៉ុប កាលពីថ្ងៃសៅរ៍ ទី ១៦ សីហា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបាន លើកសំណើស្តីពីការធានាសន្តិសុខ ឲ្យអ៊ុយក្រែន ដោយ មិនចាំបាច់ ឲ្យ ប្រទេស នេះ ចូលជា សមាជិក របស់ អង្គការ អូតង់។ នៅក្នុង កិច្ចសន្ទនាតាមទូរស័ព្ទនោះដែរ លោកដូណាល់ត្រាំ បង្ហាញគំនិត គាំទ្រ ការលើកឡើង របស់ ប្រធានាធិបតី រុស្ស៊ីដែល ចង់ឲ្យ អ៊ុយក្រែន ដកខ្លួន ទាំងស្រុង ចេញពីតំបន់ ដុនបាស់ ជាថ្នូរ នឹង ការឈប់ វាយប្រហារ របស់ កងទ័ព រុស្ស៊ី នៅ តំបន់ ពីរផ្សេងទៀត គឺ Kherson និង Zaporizhzhia។ តំបន់ពីរនេះគ្រប់គ្រង មួយផ្នែក ដោយកងទ័ពអ៊ុយក្រែនដែលកំពុង វាយរុញច្រាន កងទ័ពរុស្ស៊ី។
ជំនួបកំពូលទ្វេភាគី អាមេរិក រុស្ស៊ី នៅ មូលដ្ឋានទ័ពក្នុងទឹកដីអាឡាស្កា បាន បិទបញ្ចប់ ទៅ ដោយ គ្មាន សេចក្តីថ្លែងការណ៍រួម ទាក់ទង នឹង កិច្ច ព្រមព្រៀង សន្តិភាព នៅអ៊ុយក្រែន។ ប៉ុន្តែ នៅក្នុង ជំនួប ជិត ៣ម៉ោង ជាមួយ មេដឹកនាំ រុស្ស៊ី ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានទទួល នាំ ព័ត៌មានជាច្រើន មក ប្រាប់ លោក ហ្សេឡេនស្គី និង ថ្នាក់ដឹកនាំ អឺរ៉ុប។
នៅក្នុងជំនួប តាម ទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែនកាលពី ថ្ងៃសៅរ៍ លោកដូណាល់ ត្រាំ បាន លើកសំណើស្តីពីការធានាសន្តិសុខ ឲ្យអ៊ុយក្រែន ដោយ យកលំនាំ តាមមាត្រាទី ៥ របស់ អង្គការ អូតង់។
មាត្រាទី ៥ ដែលជា សរសរគ្រឹះ នៃបក្ស សម្ព័ន្ធប្រទេស អាត្លង់ទិក អូតង់ ចែងថា បើប្រទេស សមាជិកមួយ រងការវាយប្រហារ នោះ សមាជិកផ្សេងទៀត របស់អូតង់ នឹង ចេញជួយការពារ។ ចំពោះ មេដឹកនាំអាមេរិក អ៊ុយក្រែន នឹង អាចទទួលបានការធានាសន្តិសុខ ដោយ មិនចាំបាច់ ចូលជាសមាជិកពេញសិទ្ធិ របស់អូតង់ ហើយ បើសិនជា មាន ការយល់ព្រមពីលោកពូទីន។ នេះបើតាម ការលើកឡើង របស់ ប្រភពមន្រ្តីទូតខាងលើ។
គួរដឹងថា ប្រធានាធិបតី រុស្ស៊ី ប្រឆាំង ដាច់ខាត មិន ឲ្យ អ៊ុយក្រែន ចូលជា សមាជិក ពេញសិទ្ធ របស់អូតង់ ដែលរុស្ស៊ីចាត់ទុកជា ការគំរាមកំហែង ដល់ សន្តិសុខជាតិរុស្ស៊ី។
នៅក្នុង សេចក្តីថ្លែងការណ៍ កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីអ៊ីតាលីបាន បញ្ជាក់ដែរថា លោកដូណាល់ត្រាំ នឹង លើក សំណើនេះ ទៅដាក់ លើតុចរចាស្តីពីសន្តិភាពនៅអ៊ុយក្រែន។ នាយករដ្ឋមន្រ្តី អ៊ីតាលី សង្កត់ធ្ងន់ដែរថា លោកស្រី គាំទ្រ គំនិតរបស់ លោកដូណាល់ត្រាំ ព្រោះ វា បើកផ្លូវ ឲ្យ គេ កំណត់ បាន នូវកិច្ចព្រមព្រៀងរួមមួយ ដែលអនុញ្ញាតឲ្យ អ៊ុយក្រែន ទទួលបានការការពារ សន្តិសុខ ពីប្រទេស ដៃគូ ក្នុងនោះ មាន អាមេរិក ក្នុងករណីមានការវាយប្រហារសាជាថ្មី។ បារាំង និងអង់គ្លេស ផ្ទាល់ ធ្លាប់បាន បង្ហាញ ជំហរ បញ្ជូន កងទ័ព ទៅប្រចាំការ នៅអ៊ុយក្រែន ដើម្បីតាមដាន បទឈប់បាញ់ នៅក្រោយ ការចុះកិច្ចព្រមព្រៀង សន្តិភាពណាមួយ ប៉ុន្តែ បដិសេធមិនបញ្ជូនទ័ព ទៅ សមរភូមិមុខ។
នៅក្នុងការប្រឹងប្រែង ជំរុញ ឲ្យ មាន កិច្ចព្រមព្រៀងបិទបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែន ប្រធានាធិបតីអាមេរិក បាន និយាយ(ដោយមិនលាក់) ប្រាប់ ប្រធានាធិបតី អ៊ុយក្រែនឲ្យ ពិចារណា សំណើ របស់ មេដឹកនាំ រុស្ស៊ី ដែលផ្តាំផ្ញើ តាម លោក ថា អ៊ុយក្រែន ត្រូវ តែដាច់ចិត្ត បោះបង់ ចោល តំបន់ ដូនបាស់ ដែលមាន ដូនែតស្ក៍ និងលូហ្កង់ទៅឲ្យ រុស្ស៊ី។ ជាថ្នូរមកវិញ កងទ័ពរុស្ស៊ី នឹង ឈប់វាយប្រហារដណ្តើម ដែនដី នៅ តំបន់ ពីរទៀត គឺ Kherson និង Zhaporizhzhia និង នៅសមុទ្រខ្មៅ។ លោកដូណាល់ត្រាំ ផ្ទាល់និយាយ ថា លោក យល់ស្រប តាមគំនិត របស់ លោកពូទីន។ ការពិភាក្សា លម្អិត ពីរឿងនេះ នឹង មាននៅក្នុងជំនួបទល់មុខ រវាង លោកដូណាល់ ត្រាំ និង ប្រធានាធិបតី អ៊ុយក្រែន លោក ហ្សេឡេនស្គី នៅ វ៉ាស៊ីនតោន នៅថ្ងៃចន្ទទី ១៨ ខែសីហា។
គួរបញ្ជាក់ថា ដូច តំបន់ ដូនែតស្ក៍ និង លូហ្កង់ តំបន់ Kherson Zhaporizhzhia ត្រូវ បាន រុស្ស៊ី កាត់យក ជា ដែនដី របស់ខ្លួន នៅប៉ុន្មាន ខែ ក្រោយ វាយឈ្លានពាន ទឹកដី អ៊ុយក្រែន។ ប៉ុន្តែ បញ្ហា នៅត្រង់ថា កងទ័ពរុស្ស៊ី វាយចូលគ្រប់គ្រង បាន តែ មួយផ្នែក ដោយ ទីក្រុង ធំ របស់ តំបន់ ពីរនេះ នៅស្ថិតក្រោម ការគ្រប់គ្រង របស់ កងទ័ពអ៊ុយក្រែននៅឡើយ៕
Nº.0939