អ្នកសារព័ត៌មាន Al Jazeera ៥នាក់ ស្លាប់ ក្រោម ការវាយប្រហារ របស់អ៊ីស្រាអែល
ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥៖
អ្នកសារព័ត៌មាន Al Jazeera ចំនួន ៥ នាក់ រួម មាន អ្នក ឆ្លើយ ឆ្លង ព័ត៌មាន និង អ្នក ថតវីដេអូ បាន ស្លាប់ព្រោះការវាយប្រហារ របស់ អ៊ីស្រាអែល នៅ ថ្ងៃ អាទិត្យ ទី ១០សីហា។ នេះបើតាម មន្ទីរពេទ្យ al-Shifa នៅ ទីក្រុង ហ្កាហ្សា និង បើតាម ការបញ្ជាក់ របស់ ក្រុមហ៊ុន ប្រព័ន្ធ ផ្សាយផ្សាយព័ត៌មាន Al Jazeera ដែល មាន មូលដ្ឋាន ក្នុង ប្រទេស កាតា។ កងទ័ព អ៊ីស្រាអែល បាន ទទួល ស្គាល់ ថា ពិតជា ស្នាដៃ របស់ ខ្លួន និង ចាត់ទុកថា ការវាយប្រហារ នោះសំដៅ ផ្ទាំង ស៊ីប «ភេរវជន»។
លោក Anas al-Sharif ជាអ្នកឆ្លើយ ឆ្លង ព័ត៌មាន ដ៏ក្លាហាននៃ បណ្តាញផ្សព្វផ្សាយ ព័ត៌មាន Al Jazeera ដែល ហ៊ាន ឈរជើង រាយការណ៍ ចេញពី សមរភូមិ ហ្កាហ្សា ។ តែ អ្នករាយការណ៍ ដ៏ ល្បីលេចធ្លោ វ័យ ២៨ឆ្នាំរូប នេះ បានទទួលមរណភាពជាមួយ សហការី ៤នាក់ទៀត ក្រោម ការវាយប្រហារ របស់ អ៊ីស្រាអែល ។ ក្រុមហ៊ុនប្រព័ន្ធផ្សាយផ្សាយព័ត៌មាន Al Jazeera បាន បញ្ជាក់ពី ការបាត់បង់ជីវិត របស់ បុគ្គលិក ខ្លួន ចំនួន ៥នាក់ ក្នុងនោះ មាន អ្នក ឆ្លើយឆ្លង ព័ត៌មាន២នាក់ គឺ Anas al-Sharif និង Mohammed Qreiqeh ហើយ ជាងថតវីដេអូ ៣នាក់ គឺ Ibrahim Zaher, Mohammed Noufal និង Moamen Aliwa។ មរណភាព អ្នកសារព័ត៌មាន ទាំង ៥នាក់នេះ បាន ធ្វើឲ្យ បញ្ជីឈ្មោះ អ្នក កាសែត Al Jazeera ដែល ស្លាប់ ក្នុង សង្គ្រាម ហ្កាហ្សា កើតឡើង ចំនួន ១០នាក់ ។
ជាការកម្រ ដែល កងទ័ពអ៊ីស្រាអែលទទួលស្គាល់ការ សម្លាប់ អ្នកកាសែត ថាពិតជាស្នាដៃរបស់ខ្លួន និងអះអាង ថា ការវាយប្រហារនោះសំដៅផ្ទាំងស៊ីប«ភេរវជន»។ ក្នុង បណ្តាញ តេលេក្រាម កងទ័ពអ៊ីស្រាអែលបានចោទប្រកាន់ថា លោក Anas al-Sharif បាន បន្លំខ្លួន ធ្វើជាអ្នក កាសែត តែប៉ុណ្ណោះ តែតាម ពិត រូប គេ ជា មេខ្លោង ភេរវជន ម្នាក់ របស់ ពួក ប្រដាប់ អាវុធ ហាម៉ាស និង បាន រៀប ចំ គម្រោង ផែនការ វាយប្រហារ ប្រឆាំង នឹង ពលរដ្ឋ និង យោធា អ៊ីស្រាអែល ។
អង្គការគណៈកម្មការគាំពារអ្នកសារព័ត៌មាន (CPJ) មូលដ្ឋាននៅទីក្រុងញូវយ័ក បាន បរិហារអ៊ីស្រាអែល ថា ប្រទេស មួយ នេះតែងតែ ចោទប្រកាន់អ្នក សារព័ត៌មាន ថាជា បណ្តាញ ភេរវជន និងចេះ តែ វាយ តម្លៃ អ្នក កាសែតថា ផ្សាយ ព័ត៌មាន បំភាន់ ការពិត ដោយ គ្មា នភស្តុតាង ច្បាស់ លាស់ ។ ទង្វើ របស់ អ៊ីស្រាអែលយ៉ាងដូច្នេះ មាន ចេតនា បំផ្លាញ គោលការណ៍ សេរីភាព សារព័ត៌មាន ។ នេះបើតាម លោកស្រី Sara Qudah អគ្គនាយិកា ប្រចាំតំបន់មជ្ឈិម បូព៌ា របស់ អង្គការ គណៈ កម្មការ គាំពារ អ្ន កសារព័ត៌មាន (CPJ) ដោយ បញ្ជាក់ទៀតថា អ្នកសារព័ត៌មាន ជាជន ស៊ីវិល និង មិន គួរ ត្រូវ ឋិត ក្នុង ផ្ទាំង ស៊ីប នៃការ វាយប្រហារ ទាល់តែសោះ ។
បង្កើត នៅ ឆ្នាំ១៩៩៦ Al Jazeera មាន បុគ្គលិក ជាង ៣ ០០០នាក់ និង មា នការិយាល័យ ចំនួន ៧០ ហើយ ធ្វើ សេចក្តីរាយការណ៍ ព័ត៌មាន ប្រមាណ ៩៥ ប្រទេស ។ ១០ឆ្នាំក្រោយ ផ្សាយ ជា ភាសា អារ៉ាប់ Al Jazeera បាន បន្ថែម ការ ផ្សាយ ជាភាសា អង់គ្លេស នៅ ឆ្នាំ ២០០៦។
នៅខែមេសា ឆ្នាំ២០២៤ រដ្ឋាភិបាល អ៊ីស្រាអែល បាន សម្រេច បណ្តេញអ្នក កាសែត Al Jazeera និង ហាម ឃាត់ មិនឲ្យ ធ្វើការ នៅលើទឹកដី អ៊ីស្រាអែល ដោយ ចោទប្រកាន់ ថា Al Jazeera ជា ភ្នាក់ងារ ភេរវនិយម និង បម្រើ ផលប្រយោជន៍ ឲ្យ បណ្តាញ ពួក ប្រដាប់ អាវុធ ហាម៉ាស។
អង្គការ អ្នក គ្មាន ព្រំដែន Reporters sans frontières (RSF) ដែល មាន មូលដ្ឋាន នៅទី ក្រុង ប៉ារីស បង្ហាញតួលេខ ទិន្នន័យថា គិត ចាប់ពី ផ្ទុះ សង្គ្រាម ហ្កាហ្សា នាថ្ងៃទី ៧តុលា ឆ្នាំ២០២៣មក យ៉ាងហោច អ្នកសារព័ត៌មាន ជាង ២០០នាក់ បាត់បង់ជីវិត នៅ ហ្កាហ្សា ។ ក្នុងចំណោម នោះ ៤៧នាក់ ស្លាប់ ក្នុង ពេល បំពេញ ការងារ ៕
Nº.0925