ACU៖ ឯកសារបង្ហោះពីការសង្ស័យបែកធ្លាយវិញ្ញាសាប្រឡងគឺពិតជាដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ពី៨០% ទៅ ១០០%
ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥៖
ACU បានប្រកាសនៅថ្ងៃចន្ទ ទី១ ខែកញ្ញានេះថា មន្ត្រីរបស់ខ្លួនរហូតមកដល់ពេលនេះ នៅបន្តការងារស្រាវដែលរាប់ទាំងការប្រជុំបូកសរុប វាយតម្លៃ ការស្រាវជ្រាវពាក់ព័ន្ធព័ត៌មានថា មានការបែកធ្លាយវិញ្ញាសាប្រឡងនេះ។
ទោះយ៉ាងណា ACUបញ្ជាក់ថា៖«លទ្ធផលដំបូងឃើញថា រាល់ទម្រង់រូបវិញ្ញាសាប្រឡងដែលបានបង្ហោះមក ទោះជារូបភាពអត្ថបទវិញ្ញាសា វាយឡើងវិញក្តី, ការបង្ហោះជារូបព្រាលៗក្តី, ការបង្ហោះរូបវិញ្ញាសាច្បាស់មានហត្ថលេខាសង្ខេប (Griff) របស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឬគ្មានហត្ថលេខាសង្ខេបក្តី, ACUបានធ្វើកោសលវិច័យ ហើយឃើញថា ឯកសារទាំងនេះ ពិតជាដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី ២៩ ខែសីហា ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង១៦:៣០ប្រាកដមែន (ដូចពី ៨០% ទៅ ១០០%)។
ការធ្វើការស្រាវជ្រាវនេះធ្វើឡើង បន្ទាប់ពីបណ្តាញសង្គមមួយចំនួនដែលមានដូចជា គណនី Tik Tok រស្មី កែវរដ្ឋា, គណនី Facebook ស្រី ម៉ុង តាល់, គណនី Facebook ឃុន សុផានិត, គណនី Facebook គង់ សំណាង, គណនី Facebook ឡី សំបូរ, គណនី Facebook អ៊ុង ខេមរៈ, គណនី Facebook សាយ សេងហ៊ងជាដើម ជាអ្នកឈានមុខ ជូនដំណឹងពីការសង្ស័យថា អាចមានការលេចធ្លាយវិញ្ញាសាប្រឡងបាក់ឌុប។
គណនីទាំងនេះបានសំណូមពរទៅ ក្រសួង អប់រំយុវជន និងកីឡា ធ្វើការស្រាវជ្រាវ បកស្រាយ និងដោះស្រាយ ដើម្បីជាយុត្តិធម៌ដល់បេក្ខជន បេក្ខនារី។
ក្រុមការងារ ACUបានធ្វើការកោសលវិច័យលើគ្រប់ទម្រង់នៃ រូបថតដែលអះអាងថាជាវិញ្ញាសាគណិតវិទ្យា។រូបថតប្រធានវិញ្ញាសារ គឺជាទម្រង់វាយកុំព្យូទ័រ។ ជាលទ្ធផល ឃើញថា វាគឺជាវិញ្ញាសាវាយឡើងវិញ ដែលមានខ្លឹមសារដូច នឹងវិញ្ញាសាចេញថ្ងៃប្រឡង (សំណៅដើម)។ ប៉ុន្តែ វាគ្រាន់តែវិញ្ញាសាមានលំដាប់លេខរ៉ូម៉ាំង ខុសគ្នា នូវលំហាត់រ៉ូម៉ាំងទី I, II និង III និងលំហាត់ចំនួនពីរ ដែលមានតម្លៃលេខខុសគ្នា។
ក្រោយពីបញ្ចប់ការប្រឡងកាលពីថ្ងៃទី៩ ខែសីហា និងដាក់ដឹកជញ្ជូនវិញ្ញាសទៅកែនៅក្នុងរាជធានីភ្នំពេញ ក្រសួងអប់រំបាននឹងកំពុងតែដំណើរការកែ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី៦ ខែកញ្ញានេះ។
បន្ទាប់មក ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី១៨ ខែកញ្ញា ហើយ ដំណើរការបោះពុម្ពលទ្ធផលប្រឡង នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា។
ក្រសួងអប់រំកំណត់ យកថ្ងៃទី២០ ខែកញ្ញា សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស៕
Nº.0970