លោក ត្រាំ ដាក់ សម្ពាធ សហភាពអឺរ៉ុប ឲ្យ រកកិច្ចព្រមព្រៀង ដោយ ប្រកាស ពន្ធ គយ ៣០%
ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥៖
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន ជំរុញ យ៉ាង រន្ថាន់ឲ្យ ចរចាធ្វើ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដោយ ដាក់ សម្ពាធបន្ថែម ទៅលើ សហភាពអឺរ៉ុប និងម៉ិកស៊ិក តាមរយៈ ការ ប្រកាស ដំឡើង ពន្ធ ៣០%។ ការ ប្រកាស នេះ នៅមុន ពេល តែ ជាង ២ សប្តាហ៍ ប៉ុណ្ណោះ ដែលជា ថ្ងៃ ឱសានវាទ អនុវត្តអត្រាពន្ធថ្មី ត្រូវ ចូល មកដល់ ។ សហភាព អឺរ៉ុបបានប្រញាប់ប្រញាល់ ប្រជុំគ្នា ដើម្បី រក វិធានការ ឆ្លើយតប ។
ភាព តាន តឹង ពាណិជ្ជកម្ម រវាង សហរដ្ឋអាមេរិក និង សហភាព អឺរ៉ុប កំពុងតែ បន្តក្តៅគគុក។ ថ្ងៃសៅរ៍ ទី ១២កក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញយ៉ាងរន្ថាន់ឲ្យ សហភាពអឺរ៉ុប ប្រញាប់ រុះរាន់ចរចាធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ បើ ពុំ ដូច្នោះទេ រដ្ឋអំណាចក្រុង វ៉ាស៊ីនតោន នឹង ដាក់ពន្ធគយ ៣០% ចំពោះទំនិញ អឺរ៉ុប ដែល នាំចូល អាមេរិក ហើយ ត្រូវអនុវត្ត នៅ ថ្ងៃទី ១សីហា ខាងមុខនេះ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានប្រតិកម្ម ដោយ ព្រមាន លោក ត្រាំ ថា វិធានការ ដាក់ពន្ធដ៏ ធ្ងន់ បែបនេះ ច្បាស់ ជា នឹងជះផលវិបាកដល់ ចង្វាក់ ផលិតកម្ម បំផ្លាញក្រុមហ៊ុន ប៉ះពាល់ ដល់ អ្នកប្រើប្រាស់ និង អ្នក ជំងឺ ទាំង នៅ សហភាពអឺរ៉ុប និង ទាំង នៅ អាមេរិក ខ្លួន ឯង ដែរ។
ក្រៅពី សម្តែង ការមិនពេញចិត្ត ចំពោះរនាំងពន្ធគយ របស់ វ៉ាស៊ីនតោន លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បាន អំពាវនាវឲ្យ សហភាព អឺរ៉ុប គិតគូរ ពី ចំណាត់ ការ វាយបក ឲ្យ សក្តិសម ។
នៅថ្ងៃអាទិត្យ ទី១៣កក្កដា នេះ បណ្តា ឯកអគ្គរដ្ឋទូត សមាជិក ទាំង ២៧ប្រទេស ត្រូវជួប ប្រជុំគ្នា ជាបន្ទាន់ ហើយបណ្តា ថ្នាក់ដឹកនាំ សមាជិកសហភាពអឺរ៉ុប ត្រូវ ជួប ប្រជុំ គ្នា បន្ថែមទៀត ថ្ងៃ ចន្ទ ទី ១៤កក្កដា ដើម្បី រក ដំណោះស្រាយ និងវិធានការ រួម។ ប្រទេសចំនួន ច្រើន នៃ រង្វង់ សហភាពអឺរ៉ុប ទំនងជា យល់ព្រមចំពោះ អត្រាពន្ធ គយ បន្ថែម ១០ %។
ប្រទេសនីមួយៗក្នុង ចំណោម រដ្ឋសមាជិក សហភាពអឺរ៉ុប ២៧ប្រទេស អាច នឹង រកផលវិបាកប៉ះពាល់ ខុសគ្នាៗ ទៅតាម វិស័យជំនួញ ដែល ខ្លួន រក ស៊ីជាមួយ អាមេរិក។ ជាក់ស្តែង អាល្លឺម៉ង់ ជាក្បាលម៉ាស៊ីន សេដ្ឋកិច្ចទី១ របស់ សហភាព អឺរ៉ុប នឹងអាច ប៉ះពាល់ខ្លាំងជាងគេ ទៅលើ ផ្នែក ផលិត រថយន្ត សារធាតុ គីមី ឱសថ គ្រឿង ម៉ាស៊ីន និង ដែកថែប។ល។ ការនាំចេញទំនិញ អាល្លឺម៉ង់ ទៅអាមេរិក មាន ទំហំ ដល់ទៅ ៨៤,៨ពាន់ លាន ដុល្លារ ។ អ៊ីតាលី នឹង រងផលប៉ះពាល់ ខ្លាំង ទី២ ដ្បិត ទំហំ នាំចេញទំនិញ អ៊ីតាលីទៅ អាមេរិក មានកម្រិត ខ្ពស់ ដល់ ទៅ ៤៤ពាន់ លាន ដុល្លារ ។ ចំណែក បារាំង ទំហំ នាំចេញទំនិញ ទៅអាមេរិក ត្រឹមតែ ១៦,៤ពាន់ លាន ដុល្លារ តែប៉ុណ្ណោះ តែបារាំង អាច នឹង រងការលំបាក ខ្លាំងទៅ លើ វិស័យ ផលិត យន្តហោះ គ្រឿង សម្អាងការ ថ្លៃៗ ស្រា និងកសិកម្ម ជាដើម។ អៀរឡង់ អាច ជួប ការលំបាក ក្នុងវិស័យ ឱសថ ដ្បិត ក្រុមហ៊ុនឱសថ ធំៗ របស់ អាមេរិក សុទ្ធតែ ដាក់ មូលដ្ឋាន ស្នាក់ការ ពន្ធ នៅអៀរឡង់៕
Nº.0847