លោកដូណាល់ត្រាំ បញ្ជូនទាហានម៉ារីន និង ឆ្មាំជាតិទៅ Los Angeles
ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥៖
នៅទីក្រុងLos Angeles ក្នុងរដ្ឋកាលីហ្វ័រញ៉ា បាតុកម្មតវ៉ាប្រឆាំងនឹងការចាប់បណ្តេញជនអន្តោប្រវេសន៍បានរីករាលដាលទៅជាការដំឡើងសរសៃ ក ប្តឹងផ្តល់គ្នារវាងលោកប្រធានាធិបតីដូណាល់ ត្រាំ និងអាជ្ញាធរគ្រប់គ្រងរដ្ឋ។ បន្ទាប់ពីលោកដូណាល់ ត្រាំប្រកាសបញ្ជូនទាហានម៉ារីន ៧០០នាក់ និងឆ្មាំជាតិ២ពាន់នាក់បន្ថែមទៀតទៅពង្រឹងសន្តិសុខ ការពារប៉ូលិសអន្តោប្រវេសន៍នៅទីក្រុង Los Angeles អភិបាលរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃចន្ទទី ៩ មិថុនា បានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីប្តឹងលោកដូណាល់ ត្រាំ ពីបទរំលោភដែនអធិបតេយ្យភាពរដ្ឋដែលមានចែងនៅក្នុងមាត្រា១០នៃរដ្ឋធម្មនុញ្ញអាមេរិក។
មួយថ្ងៃទៅមួយថ្ងៃ ទំហំបាតុកម្ម និង ការប្រឈមមុខដាក់គ្នា រវាង បាតុករ និង ប៉ូលិសចេះតែរីកធំ និង ហិង្សា នៅ ទីក្រុង Los Angeles ជាទីដែល មនុស្សជាច្រើនរយនាក់ ធ្វើ បាតុកម្ម ប្រឆាំង នឹង ការចាប់ខ្លួន បណ្តេញជនអន្តោប្រវេសន៍។ បាតុកម្ម ដំបូងផ្ទុះឡើង នៅ ថ្ងៃសុក្រទី ៦មិថុនា នៅពេល មនុស្ស ជាង ១០០នាក់ លើកគ្នា ទៅតវ៉ានៅ មុខ ការិយាល័យ របស់ប៉ូលិសអន្តោប្រវេសន៍ ដើម្បីទាមទារ ឲ្យគេ ដោះលែង ជនបរទេស ប្រមាណ ៥៦នាក់ ដែល ប៉ូលិស អន្តោប្រវេសន៍ ហៅកាត់ថា ICE ចាប់ឃុំខ្លួន និង ប្រុងចាប់ បញ្ជូន ចេញពីទឹកដីអាមេរិក។ ឡានប៉ូលិស ត្រូវដុត បំផ្លាញ ចំណែក ហាងទំនិញ ត្រូវគេចូលគាស់លួចយ៉ាង អនាធិបតេយ្យ។
ដោយសារតែបាតុកម្មកាន់តែហិង្សា ជាពិសេសការប្រមូលផ្តុំតវ៉ារបស់បាតុករនៅមុខការិយាល័យរបស់ប៉ូលិសអន្តោប្រវេសន៍ទើបលោកដូណាល់ ត្រាំបានសម្រេចបញ្ជូនដំបូងនូវឆ្មាំជាតិចំនួន២ពាន់នាក់កាលពីថ្ងៃសៅរ៍ ទី៧ មិថុនា។ គឺទើបនៅថ្ងៃចន្ទ ទី៩ មិថុនាដែលលោកត្រាំបានសម្រេចបញ្ជូនទាហានម៉ារីនដែលជាកងទ័ពឆ្នើមពិសេសរបស់អាមេរិកចំនួន ៧០០នាក់ រួមទាំងឆ្មាំជាតិ២ពាន់នាក់បន្ថែមទៀតទៅ ពង្រឹងសន្តិសុខជួយការពារប៉ូលិសអន្តោប្រវេសន៍។ តាមលោកដូណាល់ ត្រាំ ប៉ូលិសអន្តោប្រវេសន៍កំពុងអនុវត្តនយោបាយប្រឆាំងជនអន្តោប្រវេសន៍របស់លោក។
បើតាមក្រសួងការពារជាតិ នៅក្រោយបទបញ្ជារបស់លោកដូណាល់ ត្រាំនាយប់ថ្ងៃចន្ទ ទី៩ មិថុនា ទាហានម៉ារីន ៧០០នាក់ត្រូវបានដឹកចេញពីមូលដ្ឋានទ័ពភាគខាងត្បូងទីក្រុងLos Angeles ដើម្បីទៅប្រចាំការបណ្តោះអាសន្ននៅកន្លែងបាតុកម្មក្នុងអំឡុងពេលរង់ចាំក្រុមឆ្មាំជាតិថ្មីធ្វើដំណើរមកដល់ Los Angeles។
លោកដូណាល់ ត្រាំ បញ្ជូនទ័ព ទៅជួយពង្រឹង សន្តិសុខនៅ Los Angeles ប៉ុន្តែ ហេតុអ្វីអភិបាលរដ្ឋ និង រដ្ឋអាជ្ញានៅ Los Angeles បែរជា ដាក់ពាក្យ ប្តឹងប្រធានាធិបតី?
ដោយសម្រេចបញ្ជូនទាហានម៉ារីន និងឆ្មាំជាតិទៅពង្រឹងសន្តិសុខនៅ Los Angeles លោកដូណាល់ ត្រាំបានលើកឡើងពីហេតុផលសន្តិសុខជាតិនៅចំពោះមុខពួកបាតុករដែលលោកចាត់ទុកថា ជាអ្នកបះបោរ មានជំនាញខាងអុកឡុក បង្កចលាចលក្នុងទីក្រុង។ បន្ទាប់ពីរិះគន់អភិបាលរដ្ឋកាលីហ្វ័រញ៉ាថាគ្មានសមត្ថភាពធ្វើការ បណ្តោយឲ្យក្រុមបាតុករប្រព្រឹត្តអំពើហិង្សាតាមចិត្ត លោកដូណាល់ ត្រាំនៅបាននិយាយបែបចំអកថា រដ្ឋកាលីហ្វ័រញ៉ានឹងរលាយហិនហោចគ្មានសល់ ប្រសិនបើលោកមិនបញ្ជូនឆ្មាំជាតិទៅអន្តរាគមន៍ទាន់ពេលវេលាទេ។ ប៉ុន្តែ អភិបាលរដ្ឋកាលីហ្វ័រញ៉ា និងចៅហ្វាយក្រុងLos Angeles ដែលសុទ្ធសឹងជាសមាជិកគណបក្សប្រជាធិបតេយ្យបានប្រតិកម្មរិះគន់លោកដូណាល់ត្រាំថា កំពុងប្រព្រឹត្តខ្លួនជាមេដឹកនាំផ្តាច់ការ។
ចំពោះអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោកGavin Newsom វិធានការពង្រាយទាហានម៉ារីន និងឆ្មាំជាតិរបស់លោកដូណាល់ ត្រាំ គឺជាការធ្វើជ្រុលហួសប្រមាណ មិនស៊ីគ្នានឹងស្ថានការណ៍ជាក់ស្តែង។ បាតុករនៅLos Angelesភាគច្រើនជាបាតុករសន្តិនិយម ពោលមិនមែនជាក្រុមបះបោរ ងើបប្រឆាំងរដ្ឋអំណាចដែលគេចាំបាច់ត្រូវប្រើកម្លាំងឆ្មាំជាតិដូចការលើកឡើងរបស់លោកប្រធានាធិបតីត្រាំនោះទេ។ ម្យ៉ាង ប៉ូលិសក្រុងLos Angeles ក៏នៅមានសមត្ថភាពគ្រប់គ្រងស្ថានការណ៍ ដោយមិនចាំបាច់ការប្រើកម្លាំងទាហានដែរ។ បើតាមអភិបាលរដ្ឋកាលីហ្វ័រញ៉ា ការពង្រាយកងទ័ព ឆ្មាំជាតិរបស់ប្រធានាធិបតីនឹងបង្កើតបញ្ហាជាជាងផ្តល់ដំណោះស្រាយ។
វាមិនខុសពីការចាក់សាំងលើភ្លើង បញ្ឆេះកំហឹងបាតុករឲ្យកាន់តែពុះកញ្ជ្រោលថែមទៀតនោះទេ។ ត្រូវដឹងថា ក្រុមម៉ារីនជាកម្លាំងទ័ពឆ្នើមរបស់អាមេរិកដែលមានបទពិសោធប្រយុទ្ធនៅក្នុងសមរភូមិ ប៉ុន្តែពួកគេមិនចេះគ្រប់គ្រងនៅចំពោះមុខក្រុមបាតុករស៊ីវិលនោះទេ។ ដូច្នេះគេបារម្ភថា ទាហានម៉ារីន និងឆ្មាំជាតិអាចប្រើកម្លាំងបង្រ្កាបហួសជ្រុលទៅលើបាតុករដែលជារឿងគ្រោះថ្នាក់គំរាមកំហែងដល់សន្តិសុខប្រជាជន។ គឺដោយសារហេតុផលនេះហើយទើបអភិបាលរដ្ឋកាលីហ្វ័រញ៉ា រួមជាមួយរដ្ឋអាជ្ញាក្រុងLos Angeles បានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីប្តឹងលោកដូណាល់ ត្រាំពីបទរំលោភអំណាច បញ្ជូនកម្លាំងឆ្មាំជាតិ ទៅLos Angeles ដោយគ្មានការយល់ព្រមពីអាជ្ញាធរគ្រប់គ្រងរដ្ឋ។
រដ្ឋអាជ្ញាក្នុងក្រុងLos Angeles បានពន្យល់ថា ដោយផ្គើនតាមរយៈការបញ្ជូនកងកម្លាំងឆ្មាំជាតិ និងទាហានម៉ារីនដែលជាកងកុម្ម៉ង់ដូរឆ្នើមរបស់អាមេរិក លោកដូណាល់ត្រាំបានរំលោភដែនអធិបតេយ្យរដ្ឋ រំលោភច្បាប់ស្តីពីសិទ្ធិដែលមានចែងនៅក្នុងមាត្រា១០នៃរដ្ឋធម្មនុញ្ញជាតិ។
នៅពេលណា ទើប ប្រធានាធិបតីមានសិទ្ធិបញ្ជូនឆ្មាំជាតិ?
ការបញ្ជូនឆ្មាំជាតិទៅគ្រប់គ្រងបាតុកម្មនៅ Los Angeles មិនមែនជាករណីដំបូងនោះទេ។ នៅឆ្នាំ ២០២០ ប្រធានាធិបតីដូណាល់ត្រាំធ្លាប់បានបញ្ជូនឆ្មាំជាតិទៅអន្តរាគមន៍ នៅLos Angeles ម្តងហើយក្នុងពេលមានកុបកម្ម បាតុកម្មហិង្សា ប្រឆាំងនឹងការរើសអើងពូជសាសន៍ ក្រោយបុរសស្បែកខ្មៅ George Floyd ស្លាប់ក្នុងដៃប៉ូលិសស្បែក សនៅរដ្ឋមីនីសូតា។ ប៉ុន្តែកាលណោះ គឺអភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsomដែលបានស្នើសុំផ្ទាល់អន្តរាគមន៍ពីរដ្ឋាភិបាលសហព័ន្ធដឹកនាំដោយលោកដូណាល់ ត្រាំ បន្ទាប់ពីមើលឃើញថា កុបកម្មកាន់តែរីករាលដាលធំ ហើយប៉ូលិសក្នុងរដ្ឋលែងអាចទប់ទល់ និងគ្រប់គ្រងបាន។
រួម ប្រធានាធិបតីត្រូវទទួលបានការយល់ព្រមព្រៀងពីអ្នកគ្រប់គ្រងរដ្ឋជាមុនសិន និងមានភស្តុតាងបញ្ជាក់ថា ពិតជាមានសកម្មភាពបះបោរគ្រោះថ្នាក់ដល់សន្តិសុខជាតិ ទើបអាចបញ្ជូនកម្លាំងឆ្មាំជាតិ ទៅអន្តរាគមន៍។ ប៉ុន្តែ ក្នុងករណីនៅLos Angeles លើកនេះ អភិបាលរដ្ឋកាលីហ្វ័រញ៉ាបានប្រឆាំងដាច់ខាតមិនឲ្យពង្រាយឆ្មាំជាតិក្នុងហេតុផលថា បាតុកម្មធ្វើឡើងដោយសន្តិវិធី គឺលើកលែងតែមនុស្សមួយក្តាប់តូចដែលហិង្សា ឆ្លៀតឱកាសនិយម។
តើលោកដូណាល់ ត្រាំ ចង់ បំបាក់មុខ គណបក្ស ប្រជាធិបតេយ្យដែលគ្រប់គ្រងរដ្ឋ កាលីហ្វ័រញ៉ា?
ដោយបញ្ជូនឆ្មាំជាតិរហូតដល់កងទ័ពម៉ារីនដែលជាទាហានឆ្នើមមានសមត្ថភាពប្រយុទ្ធនៅសមរភូមិទៅបង្រ្កាបក្រុមបាតុករនៅ los Angeles ដែលលោកចាត់ទុកជាក្រុមបះបោរ លោកដូណាល់ ត្រាំចង់បាញ់ព្រួញ១ បានសត្វពីរ។ ទីមួយ គឺដើម្បីបង្ហាញអំណាច និងការសន្យារបស់លោកទៅកាន់អ្នកបោះឆ្នោតថា លោកអនុវត្តច្បាប់ប្រឆាំងនឹងជនអន្តោប្រវេសន៍នៅក្នុងរដ្ឋមួយដែលសម្បូរដោយជនអន្តោប្រវេសន៍ដូចជាកាលីហ្វ័រញ៉ា និងទី២
អភិបាលរដ្ឋកាលីហ្វ័រញ៉ាអាចជាអនាគតបេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យនៅឆ្នាំ ២០២៨។ ការបញ្ជូនទ័ពទៅរដ្ឋកាលីហ្វ័រញ៉ាដើម្បីបង្រ្កាបបាតុកម្មអហិង្សា លោកដូណាល់ត្រាំកំពុងចង់បំបាក់មុខបក្សប្រឆាំងដែលលោកចោទថា គ្មានសមត្ថភាពគ្រប់គ្រងដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់៕
Nº.0759