ពិភពលោកកំពុងតែប្រឈមនឹងការប្រណាំងប្រជែងនូវសព្វាវុធនុយក្លេអ៊ែរ
ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥៖
វិទ្យាស្ថានស៊ីព្រី (Sipri) ទើបបានចេញរបាយការណ៍ថ្មីមួយទៀតកាលពីថ្ងៃចន្ទទី១៦ មិថុនាដោយលើកឡើងថា ពិភពលោកយើងកំពុងតែប្រឈមខ្លាំងឡើងៗ នឹងការប្រណាំងប្រជែងគ្នាផ្នែកគ្រឿងសព្វាវុធនុយក្លេអ៊ែរ។ យោងតាមរបាយការណ៍នេះ សហរដ្ឋអាមេរិកក៏ដូចជារុស្ស៊ីដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតកំពុងតែធ្វើទំនើបកម្មផលិតក្បាលគ្រាប់នុយក្លេអ៊ែរថ្មីៗមកជំនួសគ្រាប់ចាស់ៗ។ ចំណែកចិនវិញ កំពុងតែប្រឹងប្រែងផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីតាមឲ្យទាន់អាមេរិក និងរុស្ស៊ី។
ពិភពលោកកំពុងតែឈានចូលជាថ្មីម្តងទៀតក្នុងការប្រកួតប្រជែងប្រណាំងគ្នាក្នុងវិស័យសព្វាវុធនុយក្លេអ៊ែរនៅក្នុងបរិបទភូមិសាស្ត្រនយោបាយកាន់តែតានតឹង។ នេះគឺជាការសន្និដ្ឋាននៅក្នុងរបាយការណ៍ថ្មីមួយរបស់វិទ្យាស្ថានអន្តរជាតិសិក្សាសន្តិភាពនៅទីក្រុងស្តុកខុលហៅកាត់ Sipri។ នៅក្រោយសង្គ្រាមត្រជាក់បានចប់ ប្រព័ន្ធសព្វាវុធ និងក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានគេរុះរើ ជម្រុះចោលជាបន្តបន្ទាប់ធ្វើឲ្យចំនួនក្បាលគ្រាប់នុយក្លេអ៊ែរបានធ្លាក់ចុះជាទូទៅ។
លោកអគ្គនាយកវិទ្យាស្ថាន Sipri បានលើកឧទាហរណ៍អំពីចិនដែលក្បាលគ្រាប់នុយក្លេអ៊ែរបានកើនឡើង ១០០គ្រាប់ក្នុងមួយឆ្នាំ គិតពីឆ្នាំ២០២៣មក។ បច្ចុប្បន្ននេះ ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួនសរុបប្រមាណ៦០០គ្រាប់។ ហើយនៅរវាង ៧ទៅ៨ឆ្នាំទៀត ក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិនអាចនឹងមានចំនួនសរុប១០០០គ្រាប់។ ថ្វីបើចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិននៅតិចជាងខ្លាំង បើប្រៀបធៀបទៅរបស់រុស្ស៊ី និងសហរដ្ឋអាមេរិកក៏ដោយក៏ទំនោរបច្ចុប្បន្ននេះបានបង្ហាញថា ចិនកំពុងតែក្លាយជាតួអង្គមួយដ៏សំខាន់ដែរនៅក្នុងវិស័យសព្វាវុធនុយក្លេអ៊ែរ។
សូមបញ្ជាក់ថា ចំនួនស្តុកក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់នៅទូទាំងពិភពលោក គឺមានប្រមាណ៩០% ស្ថិតនៅក្នុងដៃសហរដ្ឋអាមេរិក និងរុស្ស៊ី។ គិតត្រឹមខែមករា ឆ្នាំ២០២៥ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់ មាន១២២៤១គ្រាប់ ដែលក្នុងនោះ មានយ៉ាងហោច ៩៦១៤គ្រាប់ ដែលគេស្តុកត្រៀមទុកជាស្រេច ដើម្បីប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយ។ ជាងនេះទៀត ផ្អែកតាមរបាយការណ៍របស់Sipri រុស្ស៊ី និងសហរដ្ឋអាមេរិកបានធ្វើទំនើបកម្មយ៉ាងច្រើនដើម្បីផ្លាស់ប្តូរក្បាលគ្រាប់ចាស់ដាក់ក្បាលគ្រាប់ថ្មី។ អង់គ្លេសដែលជាមហាអំណាចនុយក្លេអ៊ែរមួយដែរ ទោះមិនបានផលិតបន្ថែមក្បាលគ្រាប់នុយក្លេអ៊ែរក្នុងឆ្នាំ២០២៤ ពិតមែន តែផ្អែកតាមច្បាប់ថ្មីមួយនៅឆ្នាំ២០២១ គឺប្រទេសនេះនឹងបន្ថែមក្បាលគ្រាប់នុយក្លេអ៊ែរឡើងពី ២២៥ ទៅ ២៦០គ្រាប់។
ដូចគ្នាដែរ បារាំងដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន២៩០គ្រាប់ ក៏បានធ្វើទំនើបកម្មយ៉ាងសកម្មដែរនៅឆ្នាំ២០២៤។ ចំណែកឥណ្ឌា និងប៉ាគីស្ថានបានសំងំអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរប្រភេទថ្មី។ កាលពីដើមឆ្នាំ២០២៥នេះ ឥណ្ឌាមានស្តុកក្បាលគ្រាប់នុយក្លេអ៊ែរសរុប ១៨០គ្រាប់ ចំណែកប៉ាគីស្ថានវិញមានប្រមាណ១៧០គ្រាប់។
សម្រាប់កូរ៉េខាងជើង សព្វាវុធនុយក្លេអ៊ែរ គឺជាស្នូលដ៏រឹងមាំនៃយុទ្ធសាស្ត្រ ការពារសន្តិសុខជាតិ ។ ផ្អែកតាមទិន្នន័យ ប្រមូល បានដោយ វិទ្យាស្ថាន Sipri កូរ៉េខាងជើង អាចមាន ក្បាល គ្រាប់ នុយក្លេអ៊ែរប្រមាណ ជាង ៥០គ្រាប់។ ហើយ តាមការសន្និដ្ឋាន កូរ៉េខាងជើងមានវត្ថុធាតុដើមគ្រប់គ្រាន់ ដើម្បីឈានទៅផលិតបានដល់ ៩០គ្រាប់ ។ ចំណែកអ៊ីស្រាអែលវិញ តាមការប៉ាន់ស្មាន មាន ក្បាលគ្រាប់ នុយក្លេអ៊ែរ ប្រមាណ ៩០គ្រាប់ ហើយក៏កំពុងពន្លឿន អភិវឌ្ឍន៍ បន្ថែមដែរ បើ ទោះបីប្រទេសនេះ មិន ទទួលស្គាល់ជាផ្លូវការ ថាមាននុយក្លេអ៊ែរមែនក៏ដោយ ។
លោក Dan Smith បាន លើកឡើងទៀត ការប្រកួតប្រជែងគ្នា លើ សព្វាវុធនុយក្លេអ៊ែរ មិនមែន ពាក់ព័ន្ធត្រឹមតែ ការ ប្រណាំងគ្នា ថា នរណាមាន ចំនួន ក្បាល គ្រាប់នុយក្លេអ៊ែរ លើសអ្នកណា នោះទេ។ តែវា ជាការប្រកួតប្រជែង ដែលពាក់ព័ន្ធទៅដល់ ការ អភិវឌ្ឍន៍ ផលិតប្រព័ន្ធសព្វាវុធ ជាមួយ នឹងបច្ចេកវិទ្យាទំនើប មិនថានៅលើអវកាស និងនៅ ក្នុង ប្រព័ន្ធ លំហ ស៊ីបែរ (Cyberspace)។ កម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលអាច បញ្ជា អាវុធនុយក្លេអ៊ែរបាន យ៉ាងមានប្រសិទ្ធិភាព គឺជាវិស័យ មួយ ដែលមានការប្រកួតប្រជែងគ្នាជាខ្លាំង ។ អ្វីដែលជាការព្រួយបារម្ភថែមមួយកម្រិតទៀតនោះ គឺការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលគេអាចយកវាទៅប្រើ ក្នុងប្រព័ន្ធសព្វាវុធនុយក្លេអ៊ែរ។ លោកអគ្គនាយកSipri បារម្ភថា ប្រសិនបើអាវុធនុយក្លេអ៊ែរដ៏មហាប្រល័យ ត្រូវមនុស្ស ទុក ឲ្យ នៅ ក្នុងដៃ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាអ្នកគ្រប់គ្រងទាំងស្រុង នោះមនុស្សជាតិ យើង នឹងដើរចូលជ្រោះមរណៈដ៏ មហាវិនាស ជាក់ជាមិនខានឡើយ ៕
Nº.0781