រុស្ស៊ី និង ចិន ថ្កោលទោសការវាយប្រហារអ៊ីស្រាអែលទៅលើអ៊ីរ៉ង់
ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥៖
លោកវ៉្លាឌីមៀរ ពូទីន និង លោក ស៊ី ជីនពីង បានថ្លែងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ លើការវាយប្រហារ របស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់។ មេដឹកនាំទាំងពីរ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ ក៏បានអំពាវនាវឲ្យដោះស្រាយ ជម្លោះរវាងគូភាគីបដិបក្ខនេះ តាមផ្លូវនយោបាយ និងការទូត។ នេះបើតាមសេចក្តីប្រកាស នៅ ថ្ងៃព្រហស្បត៍ទី ១៩ មិថុនា ដោយវិមានក្រេមឡាំង ក្រោយកិច្ចសន្ទនាតាមទូរសព្ទ រវាង ប្រធានាធិបតីរុស្ស៊ី និង ប្រធានាធិបតីចិន ។
លោក ស៊ី ជីនពីង បានជំរុញភាគីទាំងពីរ ជាពិសេសអ៊ីស្រាអែល ឲ្យឈប់បាញ់ទៅតាម លទ្ធភាពដែលអាចធ្វើបាន ដើម្បីបញ្ចៀសកុំឲ្យស្ថានការណ៍រឹតតែធ្ងន់ធ្ងរទៅទៀត នេះបើតាមទីភ្នាក់ព័ត៌មានរដ្ឋចិន។ ចំណែកទីប្រឹក្សាចៅហ្វាយវិមានក្រេមឡាំង លោក យូរី អ៊ូស្ហាកូវ បានពោលថា ម៉ូស្គូ និង ប៉េកាំង ប្រកាន់គោលជំហរ ដូចគ្នា។
ជាការកត់សម្គាល់ លោកប្រមុខរដ្ឋរុស្ស៊ី បានស្នើយ៉ាងលឿនចង់ធ្វើជា អន្តរការី ក្នុងជម្លោះរវាង អ៊ីរ៉ង់ និង អ៊ីស្រាអែល ដែលជាសត្រូវស្លាប់រស់នឹងគ្នា។ ប៉ុន្តែសំណើនេះ ដែលបានធ្វើឡើងជាច្រើនលើកទៅហើយ តាំងពីអ៊ីស្រាអែលចាប់ផ្តើមវាយ ប្រហារទៅលើអ៊ីរ៉ង់ នៅតែមិនបានទទួល ការគាំទ្រជាឯកច្ឆន្ទឡើយ។ យ៉ាងណាមិញ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានគូសបញ្ជាក់ថា លោកមិនយល់ស្របឲ្យរុស្ស៊ី ដែលកំពុងលង់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន ទាំងមិនគោរពធម្មនុញ្ញ អង្គការសហប្រជាជាតិ អាចដើរតួជាអន្តរការី នោះឡើយ។
គួរបញ្ជាក់ដែរថា សព្វថ្ងៃនេះ រុស្ស៊ី មានចំណងយ៉ាងជិតស្និទ្ធជាមួយ អ៊ីរ៉ង់ ជាពិសេសគិតតាំងពីពេលដែល រុស្ស៊ីធ្លាក់ខ្លួនឯកោ នៅក្នុងចំណោមប្រទេសបស្ចិមលោក ក្រោយពីបានវាយលុកចូលអ៊ុយក្រែន។ រីឯ លោក ដូណាល់ ត្រាំ វិញ ធ្លាប់បាននិយាយថា លោកត្រៀមទទួលយក គំនិតផ្តួចផ្តើមរុស្ស៊ី ដែលចង់ ធ្វើជាអន្តរការីរវាង អ៊ីស្រាអែល និង អ៊ីរ៉ង់។ តែលុះនៅថ្ងៃពុធ ទី ១៨ មិថុនា កន្លងទៅថ្មីៗនេះ លោក ត្រាំ បែរជាផ្លាស់ប្តូរសំដីខ្លួន ដោយក្រើនរំលឹក លោក វ៉្លាឌីមៀរ ពូទីន ឲ្យដោះស្រាយសំណុំរឿងអ៊ុយក្រែន មុននឹងឆ្លងទៅធ្វើជាអន្តរការីអន្តរជាតិ នៅតំបន់មជ្ឈិមបូព៏ា។
តាំងពីដើមរៀងមក រុស្ស៊ីតែងមានទំនាក់ទំនងល្អ ជាមួយអ៊ីស្រាអែល ក៏ព្រោះថា ក្នុងទឹកដីអ៊ីស្រាអែល មានប្រជាជន ដែលនិយាយភាសារុស្ស៊ី មួយចំនួនធំ។ តែទោះយ៉ាងណា ការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែន និង ការវាយកម្ទេចតំបន់ ហ្កាហ្សា ពីសំណាក់អ៊ីស្រាអែល ដែល ម៉ូស្គូតែងបានទិតៀនយ៉ាងខ្លាំងនោះ បានអង្រួនចំណងមិត្តភាពខាងលើ ឲ្យផុយស្រួយ៕
Nº.0793