អង្គការសហប្រជាជាតិ៖ ក្នុងឆ្នាំ២០២៤ មានក្មេងជាង ១៣៧លាននាក់ បានធ្វើការចិញ្ចឹមជីវិតនិងជួយគ្រួសារ

7News

អង្គការសហប្រជាជាតិ៖ ក្នុងឆ្នាំ២០២៤ មានក្មេងជាង ១៣៧លាននាក់ បានធ្វើការចិញ្ចឹមជីវិតនិងជួយគ្រួសារ

ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៖

នៅតាមការដ្ឋាន ស្រែចម្ការ និងរោងចក្រនានា មានកូនក្មេងជិត ១៣៨ លាននាក់បានធ្វើការងារក្នុងឆ្នាំ២០២៤។ នេះបើតាមអង្គការសហប្រជាជាតិ ដោយបញ្ជាក់ទៀតថា ទោះបីជាមានការរីកចម្រើនខ្លះមែន តែកម្មវត្ថុនៃការលុបបំបាត់ពលកម្មកុមារនៅតែបន្តយឺតយ៉ាវ។ ប្រសិនបើស្ថានភាពយឺតយ៉ាវនេះនៅតែបន្តអូសបន្លាយ គេទំនងជាត្រូវចាំ ១០០ឆ្នាំទៀតឯណោះទើបអាចលុបបំបាត់ពលកម្មកុមារបាន។

ក្នុងឆ្នាំ២០២៤ កូនក្មេង និង ក្មេងជំទង់មានអាយុចន្លោះពី ៥ ទៅ ១៧ ឆ្នាំ ចំនួន ១៣៧ លាន ៦ សែននាក់ បានធ្វើការចិញ្ចឹមជីវិត និងជួយផ្គត់ផ្គង់គ្រួសារនៅក្នុងពិភពលោក ដោយធ្វើការនៅកន្លែងជីករ៉ែ ស្រែចម្ការ និងតាមរោងចក្រនានា។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ធ្វើឡើងដោយ ២ ស្ថាប័នគឺ អង្គការយូនីសេហ្វ និងអង្គការពលកម្មអន្តរជាតិ ដែលបានចេញផ្សាយ នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥។ ស្ថាប័នទាំង២ របស់អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៤ កុមារច្រើនជាង ៥៤លាននាក់ បានធ្វើកិច្ចការងារដែលមានហានិភ័យ គ្រោះថ្នាក់ដល់អាយុជីវិត ដល់សុវត្ថិភាព និងដល់សុខភាព ព្រមទាំងធ្វើការងារដែលប៉ះពាល់ដល់ដំណើរការលូតលាស់រាងកាយ និងសតិស្មារតីរបស់ពួកគេ។

របាយការណ៍សម្រាប់ឆ្នាំ២០២៤ ដដែល លម្អិតថា មានក្មេងៗធ្វើការក្នុងវិស័យកសិកម្ម ចំនួន៦១% បម្រើសេវាកម្មចំនួន ២៧% និងនៅតាមរោងចក្រ និងកន្លែងជីក រ៉ែចំនួន ១៣%។ ពលកម្មកុមារកើតមានច្រើននៅអាហ្វ្រិក និងអាស៊ី ដែលជាករណីគួរឲ្យព្រួយបារម្ភខ្លាំង។ អគ្គនាយកអង្គការពលកម្មអន្តរជាតិ លោក Gilbert Houngbo បានក្រើនរំឭកថា គេមិនអាចធ្វើខ្វាក់ ធ្វើថ្លង់ ឬធ្វើមើលមិនឃើញថា ដំណើរឆ្ពោះទៅបិទបញ្ចប់ពលកម្មកុមារជាដំណើរនៅវែងឆ្ងាយនោះទេ។ កាលពី១០ឆ្នាំមុន បណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តរួមគ្នា្ន ក្នុងការសម្រេចឲ្យបាននូវកម្មវត្ថុលុបបំបាត់ពលកម្មកុមារនៅត្រឹមឆ្នាំ២០២៤។ តែឥឡូវនេះ គឺឆ្នាំ២០២៥ ទៅហើយ ចំនួនក្មេងបន្តធ្វើការនៅមានចំនួនច្រើនដដែល។

ចាប់ពីដើមសហវត្សរ៍២០០០ មក កូនក្មេងធ្វើការងារមានចំនួនថយចុះខ្លះពិតមែន តែនៅមានក្មេងរាប់សិបលាននាក់ទៀតកំពុងបន្តធ្វើការដើម្បីជួយជ្រោមជ្រែងជីវភាពគ្រួសារ។ នេះបើតាមការកត់សម្គាល់របស់ លោកស្រី Claudia Cappa អ្នកជំនាញម្នាក់នៃអង្គការយូនីសេហ្វ។ លោកស្រី Claudia Cappa បានវាយតម្លៃថា ប្រសិនបើការលុបបំបាត់ពលកម្មកុមារបន្តដើរអូសជើងដ៏យឺតយ៉ាវយ៉ាងដូច្នេះទៀតនោះ គេប្រហែលជាត្រូវរង់ចាំ ១ សតវត្សរ៍ទៀត ទើបអាចសម្រេចកម្មវត្ថុលុបបំបាត់ពលកម្មកុមារបាន។ បើតាមអ្នកជំនាញរបស់យូនីសេហ្វរូបនេះដដែល កុមារមិនគួរធ្វើការនៅតាមការដ្ឋាន ស្រែចម្ការ ឬរោងចក្រ និងថា កុមារគួរតែឋិតក្នុងវ័យមួយដែលត្រូវទទួលបានការសិក្សាអប់រំមានគុណភាព និងឥតគិតថ្លៃ។ ប្រការនេះពិតជាចាំបាច់ណាស់ដែលគេត្រូវពន្យល់ណែនាំដល់ឪពុកម្តាយឲ្យយល់ និងកុំឲ្យប្រើកូនៗឲ្យធ្វើការបន្តទៅទៀត។

ទន្ទឹមនឹងគ្នានេះ លោកស្រី Catherine Russell នាយិកាអង្គការយូនីសេហ្វបានកត់សម្គាល់ដែរថា ការកាត់បន្ថយជំនួយហិរញ្ញវត្ថុជាទូទៅនៅស្ថាប័នមនុស្សធម៌អន្តរជាតិបានប៉ះពាល់ខ្លាំងដល់ពលកម្មកុមារ។ ដូច្នេះគេត្រូវតែយកចិត្តទុកដាក់វិនិយោគបន្ថែមទៅលើកិច្ចគាំពារកុមារដើម្បីធានាថា កូនក្មេងអាចនៅក្នុងថ្នាក់រៀន និងដើរលេងនៅកន្លែងក្មេងកម្សាន្ត ពោលគឺ​មិនមែនឋិតនៅកន្លែងធ្វើការទេ៕

Nº.0767


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top