អ្នកទទួលខុសត្រូវជាន់ខ្ពស់ Air India ៣នាក់ ត្រូវបណ្តេញចេញពីក្រុមហ៊ុន ក្រោយហេតុការណ៍ធ្លាក់យន្តហោះ

7News

អ្នកទទួលខុសត្រូវជាន់ខ្ពស់ Air India ៣នាក់ ត្រូវបណ្តេញចេញពីក្រុមហ៊ុន ក្រោយហេតុការណ៍ធ្លាក់យន្តហោះ

ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥៖

ក្រុមហ៊ុនអាកាសចរណ៍ Air India បានបណ្តេញអ្នកទទួលខុសត្រូវជាន់ខ្ពស់ ៣នាក់ កាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា តាមបទបញ្ជារបស់និយតករអាកាសចារណ៍ឥណ្ឌា។ មូលហេតុនៃការបណ្តេញបុគ្គលិកទាំង ៣រូបនេះ គឺមិនពាក់ព័ន្ធនឹងគ្រោះថ្នាក់យន្តហោះ Boieng 787 Dreamliner ឡើយ តែដោយសារពួកគេខ្វះសមត្ថភាពគ្រប់គ្រងនិងចាត់ចែងម៉ោងពេលធ្វើការរបស់បុគ្គលិកបម្រើការលើយន្តហោះ។

ដកដំណែងអ្នកទទួលខុសត្រូវជាន់ខ្ពស់ ៣នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Air India នៅថ្ងៃសៅរ៍ ទី២១ មិថុនា គឺធ្វើតាមបទបញ្ជារបស់អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា ក្រោមហេតុផលខ្វះសមត្ថភាពគ្រប់គ្រង និង មិនបានចាត់ចែងម៉ោងពេលធ្វើការរបស់បុគ្គលិកបម្រើការនៅលើយន្តហោះឲ្យបានត្រឹមត្រូវ ទៅតាមបទដ្ឋានការងារ។ ក៏ប៉ុន្តែអគ្គនាយកដ្ឋាននេះមិនបានបញ្ជាក់ឲ្យបានច្បាស់ ថាតើការបណ្តេញបុគ្គលិកជាន់ខ្ពស់ទាំងបីរូប ពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះ Boeing 787 Dreamliner នៅជិតអាកាសយានដ្ឋានក្រុងអាម៉េដាបាត (Ahmedabad) កាលពីថ្ងៃព្រហស្បតិ៍ ទី១២ មិថុនា ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ២៧៩នាក់។ 

សារាចរណ៍ណែនាំក៏បានបញ្ជាក់ថា បុគ្គលិកទាំងបីរូបបានប្រព្រឹត្តកំហុសបែបនេះជាច្រើនលើកច្រើនសារួចមកហើយ។ ប៉ុន្តែក្រុមហ៊ុន Air India បានព្រងើយកន្តើយ និង មិនបានចាត់វិធានការតឹងរឹងណាមួយចំពោះពួកគេឡើយ។ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា ទុកពេល ១០ថ្ងៃ ឲ្យក្រុមហ៊ុន Air India ដកគ្រប់ភារកិច្ចនិងការទទួលខុសត្រូវទាំងអស់របស់ពួកគេ ពាក់ព័ន្ធនឹងការចាត់ចែងម៉ោងពេលធ្វើការរបស់បុគ្គលិកទាំងអស់ដែលបម្រើការលើយន្តហោះ និងរាយការណ៍មកអគ្គនាយដ្ឋានជាកំហិត។ ប្រសិនបើបញ្ហាបែបនេះនៅបន្តកើតមានលើកក្រោយទៀត នោះអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌានឹងព្យួរអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Air India ។

ឆ្លើយតបនឹងបទបញ្ជារបស់អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា ក្រុមហ៊ុនអាកាសចរណ៍ Air India បានអះអាងនៅថ្ងៃសៅរ៍ ទី២១ មិថុនា ថានឹងគោរពតាមសារាចរណែនាំនេះ ហើយក៏បានសន្យាគោរពនិងអនុវត្តតាមបទដ្ឋានសុវត្ថិភាពរបស់អគ្គនាយកដ្ឋាន។

គួរជ្រាបថា ក្រោយពីបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះ Boeing 787 Dreamliner កាលពីថ្ងៃទី១៣ មិថុនា អាជ្ញាធរឥណ្ឌាបានផ្ញើប្រអប់ខ្មៅនេះទៅវិភាគនៅបរទេស តែមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។ អាជ្ញាធរកំពុងបន្តស៊ើបអង្កេត ដើម្បីស្វែងរកដើមហេតុនៃគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ ពីព្រោះថាប្រអប់ខ្មៅដែលបានរកឃើញអាចជួយផ្តល់ព័ត៌មានសំខាន់ៗ អំពីដំណើរការហោះហើររបស់យន្តហោះ និង កិច្ចសន្ទនា រវាងអ្នកបើកបរយន្តហោះ និង អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស៕

Nº.0798




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top