រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់បន្ទប់ទឹកសាធារណៈ ជិត៤០បន្ទប់ និងជួសជុលច្រាំងទន្លេ ដើម្បីលើកកម្ពស់ផ្លូវថ្មើជើង(WalK Street)

7News

រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់បន្ទប់ទឹកសាធារណៈ ជិត៤០បន្ទប់ និងជួសជុលច្រាំងទន្លេ ដើម្បីលើកកម្ពស់ផ្លូវថ្មើជើង(WalK Street)

ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែង មាន ៣៧បន្ទប់បន្ថែមទៀត ជាមួយនិងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។

ដើម្បីឱ្យគម្រោងខាងលើនេះដំណើរការទៅបានរលូន ស្របតាមស្តង់ដាបច្ចេកទេស នាព្រឹកថ្ងៃទី០២ ឧសភានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីនិងមន្ទីរជំនាញព្រមទាំងអាជ្ញាធរដែនដី ចុះពិនិត្យមើលការដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅចំណុចរូបសំណាកតេជោមាសនិងតេជោយ៉តឬមុខវត្តឧណ្ណាឡោម ស្ថិតក្នុងខណ្ឌដូនពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការសាងសង់បន្ទប់ទឹកអនាម័យនៅចំណុចខាងលើនេះចំនួន៣៧បន្ទប់ ក្នុងនោះរួមមាន៖ បន្ទប់ទឹកសម្រាប់បុរសចំនួន ២២បន្ទប់(បន្ទប់អង្គុយបត់ជើង ១០បន្ទប់និងបង្គន់ឈរចំនួន ១២បន្ទប់),បន្ទប់ទឹកសម្រាប់ស្ត្រីចំនួន ១៤បន្ទប់និងបន្ទប់សំរាប់ជនពិកាចំនួន ១បន្ទប់ ។



ចំណែកការដ្ឋានជួសជុលច្រាំងទន្លេវិញ យើងបាននិងកំពុងជួសជុលឡើងវិញប្រវែង ១៧២ម៉ែត្រ ជម្រាលប្រវែង ២២ម៉ែត្រ។ ចំពោះគម្រោងទាំង២នេះ សំរាប់ច្រាំងទន្លេនឹងត្រូវប្រើប្រាស់ពេលវេលានៃការសាង់សង់ចំនួន១ខែ។ចំណែកបង្គន់អនាម័យនឹងត្រូវប្រើប្រាស់រយៈពេលចំនួន៣ខែក្នុងការសាងសង់។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ គម្រោងខាងលើនេះធ្វើឡើង ដើម្បីទទួលភ្ញៀវលើផ្លូវថ្មើរជើង(Walk Street)និងទទួលព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។

ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យនោះបានធ្វើការណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសាងសង់បន្ទប់ទឹកឱ្យមានខ្យល់អាកាសនិងពន្លឺគ្រប់គ្រាន់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្តនៅតំបន់នេះ។

សូមជម្រាបជូបថា ផ្លូវថ្មើរជើង(Walk Street)ទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ៕



Nº.0645

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top