អឺរ៉ុបពិន័យ បណ្តាញសង្គម TikTok ឲ្យបង់ប្រាក់ ៥៣០លានអឺរ៉ូ

7News

អឺរ៉ុបពិន័យ បណ្តាញសង្គម TikTok ឲ្យបង់ប្រាក់ ៥៣០លានអឺរ៉ូ

ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥៖

រងការចោទប្រកាន់ពីបទ ផ្ទេរទិន្នន័យផ្ទាល់ខ្លួន របស់ ប្រជាជន អឺរ៉ុបទៅ ឲ្យទីក្រុង ប៉េកាំង ក្រុមហ៊ុន TikTok របស់ ប្រទេស ចិន ត្រូវ គណៈកម្មការការពារទិន្នន័យ របស់ ប្រទេស អៀរឡង់ចាប់ ឲ្យបង់ប្រាក់ពិន័យ ជិត ៦០០លាន ដុល្លារ។ ទៅតាម ការដាក់ពិន័យ របស់ អាជ្ញាធរ អឺរ៉ុប កាលពីថ្ងៃ សុក្រទី ២ ឧសភា ក្រុមហ៊ុន Tiktok ដែលជា បណ្តាញសង្គម របស់ ក្រុមហ៊ុន ចិនByteDance ត្រូវ បញ្ជា ឲ្យ គោរពអនុវត្ត ច្បាប់អឺរ៉ុបឲ្យបាន នៅក្នុងរយៈពេល ៦ខែ។

កំពុងជាប់ក្នុង ខ្សែអន្ទាក់ ចង របស់ រដ្ឋបាលអាមេរិកដែល ដាក់ គំនាប ឲ្យ TikTok ត្រូវ តែ ផ្តាច់ខ្លួន ចេញពីក្រុមហ៊ុន មេចិន ByteDance បើសិន មិន ចង់ឃើញ ក្រុមហ៊ុនត្រូវ បិទទ្វារ នៅអាមេរិក TikTok ត្រូវ មកជាប់ក្នុង សំណាញ់ច្បាប់ មួយទៀត របស់ អឺរ៉ុប ទាក់ទង នឹង ទិន្នន័យផ្ទាល់ខ្លួន របស់ អ្នកប្រើប្រាស់អឺរ៉ុប។


នៅថ្ងៃសុក្រទី ២ឧសភា គណៈកម្មការការពារ ទិន្នន័យ របស់ ប្រទេស អៀរឡង់ ក្នុងនាមជាអ្នកតំណាង អាជ្ញាធរការពារទិន្នន័យរបស់សហភាពអឺរ៉ុប បាន សម្រេច ចេញបញ្ជាឲ្យ ក្រុមហ៊ុន បណ្តាញសង្គមចិន TikTok បង់ប្រាក់ពិន័យ ប្រមាណ ៥៣០ លាន អឺរ៉ូ (ជិត ៦០០លាន ដុល្លារ)។ គណៈកម្មការការពារទិន្នន័យអៀរឡង់ បានទាមទារ ឲ្យ ក្រុមហ៊ុន TikTok បង់ប្រាក់ពិន័យដ៏ច្រើនមហាសាល នៅក្នុង បទចោទប្រកាន់ថា TikTokដែលជា កម្មវិធី បណ្តាញសង្គម វីដេអូ ដ៏ល្បីល្បាញ មួយ របស់ ក្រុមហ៊ុន ចិន ByteDance បាន បញ្ជូន ទិន្នន័យ របស់អ្នកប្រើប្រាស់ អឺរ៉ុប ទៅ ឲ្យ ប្រទេស ចិន ។

នៅក្នុង សេចក្តីប្រកាស ព័ត៌មាន កាលពីថ្ងៃ សុក្រ គណៈកម្មការការពារ ទិន្នន័យDPC អះអាងថា ក្រៅតែបិទបាំង និយាយ មិន ស្មោះត្រង់ ពីរឿង បញ្ជូន ទិន្នន័យឯកជន របស់ អ្នកប្រើប្រាស់ អឺរ៉ុប ទៅ ឲ្យអាជ្ញាធរ ចិន ក្រុមហ៊ុន TikTok នៅ បាន រំលោភ វិធាន អឺរ៉ុប។ នៅត្រង់ចំណុចនេះ អាជ្ញាធរ ការពារ ទិន្នន័យអឺរ៉ុប ស្តីបន្ទោស ក្រុមហ៊ុន TikTokថា គ្មានភស្តុតាង មក បង្ហាញថា ក្រុមហ៊ុន បានចេញមុខ ធានាការពារ ទិន្នន័យ របស់ អ្នកប្រើប្រាស់ អឺរ៉ុប នៅចំពោះមុខ ច្បាប់ ដ៏តឹងតែង របស់ ចិន គឺ ច្បាប់ ប្រឆាំង ភេរវនិយម និង ច្បាប់ ប្រឆាំង ចារកម្ម។



យោងតាមច្បាប់អឺរ៉ុប គេ មិនអាច ផ្ទេរ ទិន្នន័យ ដូចជា ការ បញ្ជូនទៅស្តុកទុក ឬ អនុញ្ញាតឲ្យគេ ចូលមើលប្រើប្រាស់ ទៅកាន់ ប្រទេស ដទៃក្រៅសហភាពអឺរ៉ុប ដែលអឺរ៉ុបផ្ទាល់ វាយតម្លៃថា គ្មាន សុវត្ថិភាព នោះទេ។ រហូតមកដល់ ពេលនេះ អឺរ៉ុប បើកភ្លើងខៀវ ឲ្យគេ បញ្ជូនទិន្នន័យទៅ ប្រទេស ដែល សហភាពអឺរ៉ុប យល់ ថា មាន សុវត្ថិភាព ដូចជា ជប៉ុន អង់គ្លេស និង សហរដ្ឋអាមេរិកជាដើម។ ក្រៅពីប្រទេស ទាំងបីនេះ ក្រុមហ៊ុន បរទេស ដែលមាន ទិន្នន័យ ផ្ទាល់ ខ្លួន របស់ អ្នកប្រើប្រាស់ អឺរ៉ុប ត្រូវ បង្ហាញ ថា ក្រុមហ៊ុន មាន យន្តការការពារ ដ៏មានប្រសិទ្ធភាពដូចអឺរ៉ុប។ ប៉ុន្តែ នៅក្រោយ ការស៊ើបអង្កេតតាំង ពី ឆ្នាំ ២០២១ គណៈកម្មការអៀរឡង់ រកឃើញថា  TikTokមិនបាន ការពារទិន្នន័យ អ្នកប្រើប្រាស់ អឺរ៉ុប ។

មានអ្នកប្រើប្រាស់ នៅទឹកដីអឺរ៉ុប ប្រមាណ ១៧៥លាននាក់ TikTok ធ្លាប់ ត្រូវ បាន គណៈកម្មការការពារ ទិន្នន័យអៀរឡង់ ពិន័យម្តងហើយកាលពី ឆ្នាំ ២០២៣ ឲ្យបង់ប្រាក់៣៤៥លាន ដុល្លារ ក្នុងបទចោទប្រកាន់ រំលោភច្បាប់ស្តីពីការពារជីវិត ឯកជន របស់ អ្នកប្រើប្រាស់ អឺរ៉ុប ដែលជាអនិតិជន។

ទាំងសហរដ្ឋអាមេរិក និងប្រទេស នៅអឺរ៉ុប កំពុង ព្រួយបារម្ភខ្លាច ថា ព័ត៌មាន ទិន្នន័យផ្ទាល់ ខ្លួន របស់ ប្រជាជន ខ្លួន ដែលជាអ្នកប្រើប្រាស់ បណ្តាញ សង្គម TikTok ធ្លាក់ទៅក្នុង ដៃ របស់ រដ្ឋអំណាច ប៉េកាំង ដែល អាច ប្រើ ទិន្នន័យ របស់ អ្នកប្រើប្រាស់ អឺរ៉ុប ដើម្បីលួចយកការណ៍សម្ងាត់ ឬ ផ្សព្វផ្សាយ ឃោសនា ដើម្បីប្រយោជន៍បក្ស កុម្មុយនិស្តចិន។

មានអ្នកប្រើប្រាស់ ជាង ១៥០០លាននាក់ នៅក្នុងពិភពលោក ក្រុមហ៊ុន TikTok បាន ប្រតិកម្ម ទាត់ចោល ការសម្រេច របស់ អាជ្ញាធរ អៀរឡង់ ដោយ ថា ចិនមិនដែល ទាមទារចង់ មើល ទិន្នន័យផ្ទាល់ខ្លួន របស់ អ្នកប្រើប្រាស់អឺរ៉ុប ហើយ ក្រុមហ៊ុនក៏មិនដែលផ្តល់ ព័ត៌មាន ឯកជន របស់អ្នកប្រើប្រាស់ ទៅ ឲ្យ រដ្ឋអំណាច ចិន ដូចការចោទប្រកាន់។ ចំពោះ TikTok គណៈកម្មការអៀរឡង់ផ្ទាល់គ្មាន ភស្តុតាង ដែល បង្ហាញថា TikTok បានចែករំលែក ព័ត៌មាន របស់ អ្នកប្រើប្រាស់ ជាមួយ អាជ្ញាធរ ចិន ដូច្នេះ ក្រុមហ៊ុននឹង ប្តឹងឧទ្ធរណ៍ ទៅកាន់ តុលាការអឺរ៉ុប៕

Nº.0649

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top