ជនជាតិអាហ្វ្រិកខាងត្បូងស្បែក ស ចំនួន៤៩នាក់ ទទួលបានសិទ្ធិភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក
ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥៖
នៅក្នុង ក្របខ័ណ្ឌ នៃ កម្មវិធី ជនភៀសខ្លួន ពិសេស របស់ លោកដូណាល់ ត្រាំ ប្រជាជនអាហ្រ្វិកខាងត្បូងស្បែកស មួយក្រុមដែលមានគ្នីគ្នា ចំនួន ៤៩នាក់ បាន ទទួល សិទ្ធិជ្រកកោន ទៅរស់នៅ សហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន។ កាលពីថ្ងៃអាទិត្យ ទី ១១ ឧសភាម្សិលមិញ ពួកគេ ទាំងនោះ បានធ្វើដំណើរតាម យន្តហោះចាកចេញពីទឹកដីអាហ្វ្រិកខាងត្បូង សំដៅ រដ្ឋធានីវ៉ាស៊ីនតោន មុននឹង ទៅតាំង ទីជា អចិន្ត្រៃយ៍ នៅ រដ្ឋ តិចសាស់។
ចូលកាន់តំណែង ជា ប្រធានាធិបតីអាមេរិក នៅខែមករា លោកដូណាល់ ត្រាំ បានប្រកាស ឲ្យ ផ្អាកជាបន្ទាន់ កម្មវិធីទទួលជនភៀសខ្លួន បើទោះបីជនភៀសខ្លួនទាំងនោះ រត់គេចចេញពីសង្រ្គាម ពីគ្រោះអត់ឃ្លាន ឬគ្រោះធម្មជាតិ ក្តី។ ប៉ុន្តែ មួយខែក្រោយមក លោកដូណាល់ ត្រាំ ដដែល បាន ប្រកាស ករណីលើកលែង បើកដៃ ទទួលយក កសិករ អាហ្រ្វិកខាងត្បូងស្បែកស ដែលលោក ចាត់ទុកជាជនរងគ្រោះ នៃការរើសអើងប្រកាន់ពូជសាសន៍នៅអាហ្វ្រិកខាងត្បូង។
ជាករណីលើកលែងរបស់ រដ្ឋបាលលោកដូណាល់ ត្រាំ ប្រជាជនអាហ្វ្រិកខាងត្បូង ស្បែកស នៅទទួលបានអាទិភាព ការយកចិត្ត ទុកដាក់ ជាពិសេសពី រដ្ឋាភិបាលអាមេរិក ព្រោះថា នៅក្នុង រយៈពេល តែ ៣ខែ ក្រោយការប្រកាស របស់ លោកដូណាល់ ត្រាំ ពួកគេ ទាំងនោះបានទទួលសិទ្ធិទៅរស់នៅអាមេរិក ក្នុងនាមជាជនភៀសខ្លួន ខណៈពេល ដែល ពាក្យស្នើសុំ ធម្មតា ត្រូវ ចំណាយពេល រាប់ឆ្នាំ។
នៅថ្ងៃអាទិត្យ កសិកអាហ្វ្រិកខាងត្បូងស្បែកសជាមួយក្រុមគ្រួសាររបស់ពួកគេ ចំនួន ៤៩នាក់ បានដឹកជញ្ជូន ឥវ៉ាន់ទៅរស់នៅអាមេរិក ដោយគ្មាន ថ្ងៃ វិលត្រលប់មក ពីប្រទេស ដើម។ យោងតាម អ្នកនាំពាក្យ របស់ ក្រសួងដឹកជញ្ជូនអាហ្វ្រិកខាងត្បូង យន្តហោះដឹកជនភៀសខ្លួន អាហ្វ្រិកខាងត្បូង ស្បែកស ចាកចេញពីទីក្រុង Johannesburg សំដៅ រដ្ឋធានី វ៉ាស៊ីនតោន មុននឹង ធ្វើបន្តដំណើរ ទៅ រដ្ឋតិចសាស់។
ជាកូនចៅជំនាន់ក្រោយ របស់ អាណានិគមហូឡង់ កសិករ អាហ្វ្រិកខាងត្បូង មាន ទ្រព្យសម្បត្តិច្រើនជាង ប្រជាជន អាហ្វ្រិកស្បែកខ្មៅ ដល់ ទៅ ២០ដង។ នេះបើតាម ការចុះផ្សាយ របស់ព្រឹត្តបត្រ Review of Political Economy ។ នៅខែ មេសា ទីភ្នាក់ងារព័ត៌មាន អង់គ្លេស Reuters បានចុះផ្សាយ ពី បទសម្ភាសន៍ របស់ មន្រ្តីអន្តោប្រវេសន៍អាមេរិកដែល ថា ប្រជាជនអាហ្វ្រិកខាងត្បូងស្បែកស ស្បែករកសិទ្ធិជ្រកកោនទៅនៅអាមេរិក ពីព្រោះពួកគេ កំពុងជួបបញ្ហា ដោយសារ ជម្លោះដីធ្លី ឧក្រិដ្ឋកម្ម និង ការរើសអើង កាន់តែ ច្រើន ឡើងៗ នៅអាហ្វ្រិកខាងត្បូង។
រឿងដែល ក្រុមជនភាគតិច ស្បែកស រងការរើសអើង ពី ប្រជាជនអាហ្វ្រិកខាងត្បូងដែលភាគច្រើន ស្បែកខ្មៅ ត្រូវក្រុមស្តាំនិយមជ្រុលឃោសនា ផ្សព្វផ្សាយច្រើនរហូតមក ប៉ុន្តែ ទើប តែលឺ ដល់ ត្រចៀក លោកដូណាល់ ត្រាំ ដោយសារ ការបំពងសំឡេង បន្ថែម របស់ មហាសេដ្ឋី អេឡុន ម៉ាស្ក៍ ដែលខ្លួនលោកផ្ទាល់កើតធំដឹងក្តីនៅអាហ្វ្រិកខាងត្បូង។
រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ធ្លាប់ បាន រិះគន់នយោបាយទាក់ទាញ របស់ រដ្ឋបាលលោកដូណាល់ និងថា អាមេរិកនៅតែ មិនទាន់ទទួលស្គាល់ ប្រវត្តិសាស្រ្ត របស់អាហ្វ្រិកខាងត្បូង ដែលរងគ្រោះដោយសារ ប្រទេស អាណានិគម និង របបផ្តាច់ការអាប៉ាថេត រើសអើងពណ៌សំបុរ។
រដ្ឋាភិបាល អាហ្វ្រិកខាងត្បូង បាន ប្រតិកម្ម រហូតមក ទាត់ចោលការចោទប្រកាន់ ដោយគ្មានមូលដ្ឋានដែលថា ក្រុមជនស្បែកស រងគ្រោះដោយសារ ការរើសអើង។ ប៉ុន្តែ យ៉ាងណាក៏ដោយ បើតាម រដ្ឋាភិបាល Pretoria មិនបានប្រឆាំង រារាំងដំណើរ ចាកចេញរលកទី១ របស់ ក្រុមជនស្បែកស គឺ មានតែ សម្រួលជួយពួកគេមិនឲ្យជួបឧបសគ្គ នៅ អាកាសយានដ្ឋាន៕
Nº.0674