អ៊ុយក្រែននិង អឺរ៉ុបរួមគ្នា បង្កើតអង្គជំនុំជម្រះ វិសាមញ្ញ កាត់ទោសសង្គ្រាម ឈ្លានពាន របស់រុស្ស៊ី

7News

អ៊ុយក្រែននិង អឺរ៉ុបរួមគ្នា បង្កើតអង្គជំនុំជម្រះ វិសាមញ្ញ កាត់ទោសសង្គ្រាម ឈ្លានពាន របស់រុស្ស៊

ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥៖

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអឺរ៉ុប រួមជាមួយនឹងអ៊ុយក្រែន បាន សម្រេចអនុម័តជា ផ្លូវការ ថ្ងៃទី ៩ឧសភា បង្កើតអង្គជំនុំជម្រះ វិសាមញ្ញមួយ ដើម្បី កាត់ទោសរុស្ស៊ី ស្តីពី អំពើឧក្រិដ្ឋឈ្លានពានអ៊ុយក្រែន ។ ថ្នាក់ដឹកនាំអ៊ុយក្រែន រំពឹងសង្ឃឹមថា អង្គជំនុំជម្រះវិសាមញ្ញ នឹងកាត់ទោស មេដឹកនាំកំពូលៗ របស់រុស្ស៊ី ក្នុងនោះមាន លោក ពូទីនជាដើម ដើម្បី ស្វែងរកយុត្តិធម៌ ជូន ប្រទេសក៏ដូចជាប្រជាជនអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសមកពីបណ្តា ប្រទេសអឺរ៉ុបប្រមាណ ៤០ប្រទេស បានសម្រេចអនុម័ត ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ផ្តួចផ្តើម ឈានទៅ បង្កើតជាផ្លូវការ នូវ អង្គជំនុំជម្រះវិសាមញ្ញមួយ ដើម្បី កាត់ទោសនូវឧក្រិដ្ឋកម្ម ទាំងឡាយ បង្កឡើងដោយសង្គ្រាម ឈ្លានពាន របស់ រុស្ស៊ី ចាប់ពីថ្ងៃទី២៤កុម្ភៈ២០២២។ ការសម្រេចនេះ ត្រូវបាន ធ្វើ ឡើងនៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែន ថ្ងៃទី ៩ឧសភា ជួនចំពេលដែលនៅទីក្រុងម៉ូស្គូឯនោះ លោកពូទីនរៀបចំ កម្មវិធីដើរដង្ហែក្បួនយោធា រំឭកជ័យជំនះកាលពីជំនាន់សង្គ្រាមលោកលើកទី ២ ។


លោកស្រី Kaja Kallas ប្រមុខការទូតសហភាពអឺរ៉ុប ដែលដឹកនាំកិច្ចប្រជុំនេះ បាន លើកឡើងថា អង្គជំនុំជម្រះដែលនឹងចាប់បដិសន្ធិក្នុងពេល អនាគតនេះ នឹង ប្រើគ្រប់មធ្យោបាយ គត្តិយុត្តិ ដើម្បីកាត់ទោសមនុស្ស ទាំងអស់ ដែលមានចំណែកទទួលខុសត្រូវក្នុងសង្គ្រាមឈ្លានពាន ដែលរុស្ស៊ីបានធ្វើមកលើអ៊ុយក្រែន ។ លោកស្រីអះអាងថា គេបានប្រមូលចងក្រងឯកសារ ទុកទាំងអស់ គ្រប់វិនាទីគ្រប់ម៉ែត្រការ៉េនៃការឈ្លានពានរបស់រុស្ស៊ី ចូលមកក្នុងទឹកដីអ៊ុយក្រែន ។

ជាមួយគ្នានេះដែរ លោកស្រីប្រមុខការទូតអឺរ៉ុប បានរិះគន់ ថ្នាក់ដឹកនាំប្រទេសជាង ២០ប្រទេស ដែលមានវត្តមាននៅក្នុងកម្មវិធីដង្ហែរក្បួន យោធារៀបចំដោយ លោកពូទីន នៅឯម៉ូស្គូ។ លោកស្រះលើកឡើងថា អ្នកដែលស្រលាញ់និងចង់បានសន្តិភាពពិត មិនត្រូវទៅអង្គុយជាមួយរុស្ស៊ីទេ ត្រូវតែមកអង្គុយជាមួយ អ៊ុយក្រែនទើបត្រឹមត្រូវ។ លោកស្រីបញ្ជាក់ទៀតថា កាលពី៨០ឆ្នាំមុន របបណាស៊ីសរបស់អ៊ីទ្លែរបានទម្លាក់គ្រាប់បែក ឈ្លានពានអ៊ុយក្រែន ហើយបច្ចុប្បន្ននេះ គឺរុស្ស៊ីកំពុងតែឈ្លានពានអ៊ុយ ក្រែន ។

លោកAndriï Sybiga រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនវិញ បាន លើកឡើងថា វាជារឿងចាំបាច់ណាស់ ដែល មេដឹកនាំកំពូលរបស់រុស្ស៊ី រាប់ទាំងប្រធានាធិបតីពូទីន រដ្ឋមន្ត្រីការពារជាតិ និង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ត្រូវតែទទួលទោសនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ។ ថ្លែងពីចម្ងាយតាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ លោក ហ្សេឡេនស្គី បាន លើកឡើងថា ពូទីន ហ៊ានធ្វើសង្គ្រាម ឈ្លានពានអ៊ុយក្រែន ក៏ដោយសារតែពូទីនបានចិត្ត ព្រោះសង្គ្រាមឈ្លានពាន ដែលពូទីន ធ្វើ លើកមុនៗ គ្មាននរណា ហ៊ានចាប់ផ្តន្ទាទោសពូទីនទេ ។ លោកហ្សេឡេនស្គី បាន សង្កត់បន្ថែមថា ពូទីនមិនខុសអ្វីពីជនអន្ធពាល ឬឧក្រិដ្ឋជនដែល មិនដែល ទទួលទោស កំហុសនោះឡើយ ។

សូមបញ្ជាក់ថា តុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ ធ្លាប់បានចេញ ដីកាអន្តរជាតិ តាមចាប់មេដឹកនាំរុស្ស៊ីជាច្រើននាក់ ក្នុងនោះ ក៏មានលោក ប្រធានាធិបតីពូទីនដែរ។ តែយ៉ាងណា តុលាការព្រហ្មទណ្ឌអន្តរជាតិមិនមានអំណាចយុត្តាធិការ កាត់ទោសប្រទេសរុស្ស៊ីទេ ដោយសារតែរុស្ស៊ីមិនមែនជាប្រទេសហត្ថលេខីទទួលស្គាល់តុលាការនេះ ។ ដោយ ហេតុនេះ ហើយ ទើប មានគំនិត ផុស ឡើង ឲ្យ បង្កើតអង្គជំនុំជម្រះវិសាញ្ញដើម្បីកាត់ទោស រុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន ។ អង្គជំនុំជម្រះពិសេសនេះនឹងធ្វើការយ៉ាងស្អិតល្មួតជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ។

ដោយឡែក ទាក់ទិននឹងសមរភូមប្រយុទ្ធនៅអ៊ុយក្រែនវិញ លោក ដូណាល់ ត្រាំ ទើបតែបាន ប្រកាសជាឯកត្តោភាគី ដាក់កំហិត ឲ្យមាន ការផ្អាកការប្រយុទ្ធទាំងស្រុង ជា បណ្តោះអាសន្នរយៈពេល ៣០ថ្ងៃ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ។ នៅលើបណ្ដាញសង្គមX លោកដូណាល់ ត្រាំ បានបង្ហោះសារថា អ៊ុយក្រែនបានព្រមព្រៀង លើចំណុចនេះ ជិត ២ខែ ហើយ នៅឡើយតែរុស្ស៊ីទេ ដូច្នេះ រុស្ស៊ីត្រូវឆ្លើយយល់ព្រមនៅពេលនេះ ។ លោកត្រាំបាន បន្ថែមទៀតថា ប្រសិនបើរុស្ស៊ីនៅតែរឹងរូសមិនព្រម សហរដ្ឋអាមេរិក សហការជាមួយ ក្រុមប្រទេសអឺរ៉ុប នឹងចាត់វិធានការទណ្ឌកម្មយ៉ាងធ្ងន់បំផុត ។ ភ្លាមៗក្រោយ ការប្រកាសរបស់ លោកដូណាល់ ត្រាំនេះ ប្រមុខដឹកនាំ បារាំង អង់គ្លេស អាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបខាងជើង បាន ប្រកាសគាំទ្រជាបន្តបន្ទាប់៕

Nº.0666

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top