ដំណើរទស្សនកិច្ចផ្លូវរដ្ឋ បារាំងនិងវៀតណាម បានចុះកិច្ចព្រមព្រៀងចំនួន ១៣ ក្នុងទំហំទឹកប្រាក់ប្រមាណ ៩ពាន់លានអឺរ៉ូ

7News

ដំណើរទស្សនកិច្ចផ្លូវរដ្ឋ បារាំងនិងវៀតណាម បានចុះកិច្ចព្រមព្រៀងចំនួន ១៣ ក្នុងទំហំទឹកប្រាក់ប្រមាណ ៩ពាន់លានអឺរ៉ូ

ចេញផ្សាយនៅថ្ងៃទី២៧​ ខែឧសភា ឆ្នាំ២០២៥៖

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញទៅបំពេញទស្សនិច្ចផ្លូវរដ្ឋលើកដំបូង នៅវៀតណាម នៅថ្ងៃចន្ទ ទី២៦ ឧសភា ចាប់តាំងឡើងពីកាន់តំណែងជាប្រមុខរដ្ឋ នៅឆ្នាំ២០១៧។ នៅក្នុងដំណើរទស្សនកិច្ចនេះ បារាំងនិងវៀតណាមបានចុះកិច្ចព្រមព្រៀងចំនួន ១៣ ស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដឹកជញ្ជូន និង លំហអាកាស ក្នុងទំហំទឹកប្រាក់ប្រមាណ ៩ពាន់លានអឺរ៉ូ។

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានអញ្ជើញទៅ ដល់ប្រទេសវៀតណាម នៅយប់ថ្ងៃអាទិត្យ។ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកនៅវៀតណាម រយៈពេលមួយថ្ងៃ ពោលគឺនៅថ្ងៃចន្ទ័ ទី២៦ ឧសភា ប្រធានាធិបតីវៀតណាមលោកលឿង កឿង បានទទួលស្វាគមន៍លោក អេម៉ានុយអែល ម៉ាក្រុង នៅវិមានប្រធានាធិបតី។ បន្ទាប់មក លោកម៉ាក្រុង នឹងជួបអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡិម ដែលធ្លាប់បានបំពេញទស្សនកិច្ចនៅបារាំង កាលពីខែតុលា ឆ្នាំ២០២៤ កន្លងទៅ។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៣ ក្នុងទំហំប្រាក់ប្រមាណ ៩ពាន់លានអឺរ៉ូ។ នៅក្នុងនោះ តួយ៉ាង ថាមពលនុយក្លេអ៊ែរ ដែលជាវិស័យមួយដ៏ចាំបាច់សម្រាប់ប្រទេសនៅតំបន់អាស៊ី ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន នាពេលបច្ចុប្បន្ន ដែលភាគច្រើនពឹងផ្អែកលើថាមពលបានមកពីប្រភពហ្វូស៊ីល។ ក្រៅពីនេះ ក៏មានកិច្ចព្រមព្រៀងលើវិស័យដឹកជញ្ជូន ដូចជាការសាងសង់ផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿន និង វិស័យលំហកាស ជាដើម។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet Air ក៏បានក្រាសបញ្ជាទិញយន្តហោះ Airbus A330-900 ចំនួន២០គ្រឿង ពីប្រទេសបារាំង បន្ថែមលើកុងត្រាស្រដៀងគ្នាកាលពីឆ្នាំមុន ដែលបានបញ្ជាទិញយន្តហោះធន់តូច ចំនួន២០គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួយ នៅអឺរ៉ុប។

ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ លោក អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងពីទស្សនៈវិស័យរួមគ្នាជាមួយនឹងប្រទេសវៀតណាម ដែលធ្លាប់នៅក្រោមអាណានិគមបារាំង។ លោក ម៉ាក្រុង បានបន្តទៀតថា នេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុបដែរ។ លោកប្រធានាធិបតីបារាំងរូបនេះក៏បានបង្ហាញការពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យការពារជាតិ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

សូមបញ្ជាក់ថា វៀតណាមជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងចំណោមបណ្តាប្រទេស នៅអាស៊ាន។ នាពេលប្ចុប្បន្ន ប្រទេសវៀតណាមកំពុងជាប់ក្នុងសំណាញ់សង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិក។ ដូច្នេះ វៀតណាមបានងាកមកចាប់ដៃគូជាមួយនឹងបារាំង ពីព្រោះថាបារាំងជាប្រទេសគោរពច្បាបពាណិជ្ជកម្មអន្តរជាតិ។ ក៏ប៉ុន្តែ វៀតណាម ក៏ត្រូវថ្លឹងថ្លែងពីទំនាក់ទំនងជាមួយនឹង ចិននិងសហរដ្ឋអាមេរិក ដើម្បីទទួលបានផលចំណេញពាណិជ្ជកម្មឲ្យបានច្រើនតាមដែលអាចធ្វើបាន ដោយឈរលើខ្សែបន្ទាត់ «នយោបាយការទូតដើមឬស្សី» របស់ខ្លួន៕

Nº.0712

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top