ផ្ទុះនៅកំពង់ផែអ៊ីរ៉ង់ ស្លាប់យ៉ាងហោច៤នាក់ និងរបួសជាង៥០០នាក់
ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥៖
ហេតុការណ៍ផ្ទុះដ៏កក្រើកមួយ បានកើតឡើងនៅកំពង់ផែធំខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ទី២៦មេសា។ ផ្អែកតាមព័ត៌មានបឋម ផ្សាយដោយបណ្តាញផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ករណីផ្ទុះនេះបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច៤នាក់ និងរបួសធ្ងន់ស្រាល ជាង៥០០នាក់។ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់នេះទេ។
ផ្អែកតាមរូបភាពផ្សព្វផ្សាយដោយបណ្តាញព័ត៌មានរដ្ឋអ៊ីរ៉ង់ ករណីផ្ទុះដ៏ធំមួយ បានកើតឡើងនៅកំពង់ផែ Shahid Rajaï ភាគខាងត្បូងអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ទី២៦មេសា។ មន្ត្រីអាជ្ញាធរកំពង់ផែនេះ បានអះអាងថា សំឡេងផ្ទុះបានលាន់កក្រើកឡើងយ៉ាងខ្លាំង ជាមួយនឹងផ្សែងខ្មៅហុយទ្រលោមហោះឡើងទៅលើគួរឲ្យរន្ធត់។ ទីភ្នាក់ងារព័ត៌មាន Tasnim បានផ្សាយថាកម្លាំងផ្ទុះដ៏ខ្លាំងមហិមានេះ បានធ្វើខូចខាតសឹងគ្រប់អគារនៃកំពង់ផែ។ រីឯទីភ្នាក់ងារព័ត៌មាន Fars វិញបានផ្សាយថា កម្លាំងផ្ទុះបានលាន់ឮកក្រើក ដល់ទៅចម្ងាយ៥០គីឡូម៉ែត្រ ពីកំពង់ផែនេះ។
យោងតាម មន្ត្រីកាកបាតក្រហមអ៊ីរ៉ង់ គិតត្រឹមរសៀលថ្ងៃទី២៦មេសា គឺមានមនុស្សចំនួន៤នាក់បានស្លាប់ និងមនុស្សរបួសធ្ងន់ស្រាល ប្រមាណ៥១៦នាក់។ ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងច្រើនជាងនេះ ខណៈមនុស្សរបួសធ្ងន់មានច្រើននាក់ កំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ។ រូបភាពបណ្តាញទូរទស្សន៍អ៊ីរ៉ង់ បានផ្សាយឲ្យឃើញក្រុមពន្លត់អគ្គីភ័យ បានព្យាយាមប្រើឧទ្ថម្ភាគចក្រដើម្បីបាញ់ទឹកពន្លត់ទីតាំងដែលផ្ទុះ។ គេមិនទាន់ដឹងថា ក្នុងពេលកើតហេតុ មានមនុស្សប៉ុន្មាននាក់ កំពុងធ្វើការនៅកំពង់ផែនេះទេ។
លោកប្រធានាធិបតីអ៊ីរ៉ង់ Massoud Pazeshkian បានបង្ហោះសារតាមបណ្តាញសង្គមX ចូលរួមរំលែកទុក្ខគ្រួសារសព និងសម្តែងការសាមគ្គីជាមួយអ្នករបួស។ លោកបានអះអាងថា នឹងបើកការស៊ើបអង្កេតស៊ីជម្រៅ ស្វែងរកមូលហេតុ ដែលបណ្តាលឲ្យកើតហេតុដ៏អកុសលនេះ។ ដោយឡែក ផ្អែកតាមលិខិតប្រកាសមួយរបស់អាជ្ញាធរគយអ៊ីរ៉ង់ហើយផ្សាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ គឺករណីផ្ទុះដ៏កក្រើកនេះ ទំនងជាបានកើតឡើងបន្ទាប់ពីមានអគ្គីភ័យឆាបឆេះនៅក្នុងឃ្លាំងមួយនៃកំពង់ផែ ហើយឃ្លាំងនោះមានផ្ទុកទៅដោយសារធាតុគីមីដ៏គ្រោះថ្នាក់និងងាយផ្ទុះ។ គួរកត់សំគាល់ដែរថា ករណីផ្ទុះដ៏កក្រើកធំបែបនេះ កម្រកើតមានណាស់នៅអ៊ីរ៉ង់។ តែកាលពីខែកញ្ញាឆ្នាំទៅម៉ិញ មានករណីផ្ទុះមួយនៅស្ថានីយជីករ៉ែធ្យូងថ្ម ដែលបានផ្តាច់ជីវិតមនុស្សជាង៥០នាក់។
សូមបញ្ជាក់ថា កំពង់ផែ Shahid Rajaï គឺជាកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្ថិតនៅភាគខាងត្បូង មាត់ច្រកសមុទ្រអកមូស ចំងាយប្រមាណជាង១០០០គីឡូម៉ែត្រ ពីរដ្ឋធានីតេអេរ៉ង់។ ផ្អែកតាមទីភ្នាក់ងារព័ត៌មាន Irna ៧០%នៃទំនិញទាំងអស់ដែលនាំចេញនាំចូលមកអ៊ីរ៉ង់ គឺត្រូវឆ្លងកាត់កំពង់ផែនេះ។ កំពង់ផែនេះ ក៏ជាទីតាំងនាំចេញប្រេងដ៏សំខាន់ផងដែរ របស់អ៊ីរ៉ង់។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនជាតិដឹកជញ្ជូនប្រេងអ៊ីរ៉ង់ បានអះអាងថា ករណីផ្ទុះនេះមិនបានបង្កឲ្យខូចខាត ឬប៉ះពាល់ដល់ដំណើរការទូទៅ នៃការផ្គត់ផ្គង់ប្រេងឡើយ៕
Nº,0631