អង្គការប្រទេសសម្ព័ន្ធអារ៉ាប់ សម្រេចអនុម័តជាផ្លូវការ នូវគម្រោងស្ដារនិងកសាង ហ្កាហ្សាឡើងវិញ

7News

អង្គការប្រទេសសម្ព័ន្ធអារ៉ាប់ សម្រេចអនុម័តជាផ្លូវការ នូវគម្រោងស្ដារនិងកសាង ហ្កាហ្សាឡើងវិញ

ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥៖

អង្គការសហប្រតិបត្តិការអ៊ីស្លាម ដែល មានរដ្ឋសមាជិក ៥៧ប្រទេស បាន សម្រេច អនុម័តជាផ្លូវការ នូវគម្រោងស្តារនិងកសាង ហ្កាហ្សាឡើងវិញ។ ផែនការស្តារ និងកសាងហ្កាហ្សា នេះ មាន លក្ខខណ្ឌ និង ជំហាន ច្រើន ដំណាក់ កាល ដែល ផ្ទុយ ស្រឡះ ពី សំណើ របស់ ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ។

ថ្ងៃសៅរ៍ ទី ៨មីនា អង្គការសហប្រតិបត្តិការអ៊ីស្លាម បាន អនុម័ត គម្រោងស្តារនិងកសាងហ្កាហ្សាឡើងវិញ ដោយ ត្រូវ អភិវឌ្ឍ នៅនឹងកន្លែង មិនបណ្តេញ ជម្លៀស ប្រជាជន ប៉ាឡេស្ទីន នោះទេ ។ ការ អនុម័តជាឯកឆន្ទនិងជាផ្លូវការ នេះ ធ្វើឡើង នៅទីក្រុង Jeddah ប្រទេស អារ៉ាប៊ីសាអូឌីត  ជាទី ជំនួប ថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេស របស់អង្គការប្រទេសសម្ព័ន្ធអារ៉ាប់ ។ អង្គការប្រទេសសម្ព័ន្ធអារ៉ាប់ ក្នុងកិច្ចប្រជុំ កំពូលនៅក្រុង គែរ បាន ព្រមព្រៀង ឯកភាព គ្នា ចំពោះ សំណើរបស់ ប្រទេស អេហ្ស៊ីប កាលពី ថ្ងៃអង្គារ៍ ទី ៤មីនា។


ជារួម សំណើ របស់ អង្គការប្រទេសសម្ព័ន្ធអារ៉ាប់ គឺ ឃ្លាត ចាកឆ្ងាយ ពី គម្រោង ស្នើ របស់ ប្រធានាធិបតី អាមេរិ កលោក ដូណាល់ ត្រាំ ដែលចង់ ឲ្យ ជម្លៀស ប្រជាជន ប៉ាឡេស្ទីន និងបញ្ចូន ឲ្យ ទៅរស់ នៅ ប្រទេស អេហ្ស៊ីប និង ហ្ស័កដានី ហើយ យក តំបន់ ហ្កាហ្សា ដាក់ ឲ្យ ឋិត ក្រោម ការ គ្រប់គ្រង របស់ អាមេរិក ដើម្បី កសាង តំបន់ រមណីយដ្ឋានដ៏ ស្រស់ ស្អាត នៅ មជ្ឈិមបូព៌ា។

ក្រោយ អនុម័ត ពីបណ្តា ប្រទេសសម្ព័ន្ធ អារ៉ាប់ រួច ហើយ ជំហាន បន្ទាប់ អង្គការសហប្រតិបត្តិការអ៊ីស្លាម ត្រូវ ធ្វើការ ជាមួយ ដៃគូ ពាក់ព័ន្ធ ផ្សេងទៀត ដើម្បី ជំរុញ ឲ្យ គាំទ្រ ផែន ការ នេះដែរ។ នេះបើតាម រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប លោក Badr Abdelatty ដែល បានបញ្ជាក់ថា នឹង បញ្ចុះបញ្ចូល សហភាពអឺរ៉ុប និងស្ថាប័ន អន្តរជាតិ នានា រួម ទាំងបណ្តា ដៃគូសហការ ដូចជា ជប៉ុន ចិន រុស្ស៊ី និងភាគី ផ្សេងៗទៀត ឲ្យ ព្រ ម គាំទ្រ ជ្រោម ជ្រែង ផែនការ អភិវឌ្ឍនិង ស្តារ តំបន់ហ្កាហ្សា ដែលជា សំណើរ បស់ អេហ្ស៊ីប។ ចំពោះកិច្ចស្វែងរក ការគាំទ្រ នេះ ប្រមុខទូត អេហ្ស៊ីប លើកឡើង ថា នឹង ជជែក ជាមួយ សហរដ្ឋអាមេរិក ដែរ។


ប្រទេស អឺរ៉ុបធំៗ តួយ៉ាង អាល្លឺម៉ង់ បារាំង អង់គ្លេស និង អ៊ីតាលី ជាដើម បាន ចេញ សេចក្តីថ្លែងការណ៍ រួមពីក្រុង ប៊ែរឡាំង នៅថ្ងៃ សៅរ៍ ទី ៨មីនា ដោយ សម្តែង ការ គាំទ្រ ចំពោះ គម្រោង កសាង ហ្កាហ្សា ដែល អនុវត្តមាន ដោយ អង្គការសហប្រតិបត្តិការអ៊ីស្លាម។ ជំហរ របស់ អឺរ៉ុប ដាច់ ខាត មិនឲ្យ ពួកប្រដាប់ អាវុធ ហាម៉ាស ដឹកនាំ តំបន់ ហ្កាហ្សា នោះឡើយ ហើយ ត្រូវ ឲ្យ អាជ្ញាធរ ប៉ាឡេស្ទីន ដឹកនាំ ហ្កាហ្សា ដូច កាលពីមុន ឆ្នាំ២០០៧។ នេះគឺជាអ្វី ដែល មាន ចែក ក្នុង សំណើផែនការ រ បស់ អេហ្ស៊ីប។

ទោះម្តេច ក្តី រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន ទំនង ហាក់ មិនពេញចិត្តចំពោះ គម្រោងផែនការ នេះទេ។ ប្រេសិតពិសេស របស់ ប្រធានាធិបតីអាមេរិក ទទួល បន្ទុក សំណុំ រឿង មជ្ឈិមបូព៌ា លោក Steve Witkoff បាន ប្រតិកម្ម ពីថ្ងៃ សៅរ៍ ទី៨មីនា ថាគម្រោង ផែនការនោះបង្ហាញអំពី សុឆន្ទៈ របស់ ប្រទេស អេហ្ស៊ីប ក្នុងការ ដោះស្រាយ បញ្ហានៅ តំបន់ ហ្កាហ្សា ក៏ប៉ុន្តែ សំណើដូច្នោះ ពុំ ស្របតាម សេចក្តី រំពឹងទុក របស់ លោក ប្រធានាធិបតី ដូណាល់ ត្រាំ នោះឡើយ៕

Nº.0506

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top