អបអរសាទរ ទិវា៨មីនា ឆ្នាំ២០២៥ នេះ ក្រសួងកិច្ចការនារីចង់បានការផ្តល់ភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប

7News

អបអរសាទរ ទិវា៨មីនា ឆ្នាំ២០២៥ នេះ ក្រសួងកិច្ចការនារីចង់បានការផ្តល់ភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប

ចេញផ្សាយថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥៖

កន្លងមករាជរដ្ឋាភិបាលបានផ្តល់ដល់ស្រ្តីនូវសិទ្ធិ តួនាទី និងការងារនៅគ្រប់វិស័យ ទាំងសេដ្ឋកិច្ចនិងនយោបាយ ប៉ុន្តែអ្វីដែលត្រូវបន្ថែមគឺការជំរុញលើកទឹកចិត្តឬការផ្តល់ភាពអង់អាចនេះដល់ស្ត្រីទៀត។ នេះជាមូលហេតុដែលក្រសួងកិច្ចការនារី នៅក្នុងទិវាសិទ្ធនារី៨មីនាឆ្នាំ២០២៥នេះ បានជ្រើសរើសយកប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នេះឡើង។ លើសពីនេះទៀត ការរើសប្រធាននេះ ក៏ស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី។

សូមបញ្ជាក់ថា ការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ធ្វើឡើងផ្តោតទៅលើ៖ ទី១ គឺការផ្តល់ឱកាសឱ្យស្ត្រីចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍន៍ជីវភាពរស់នៅទីជនបទ ការអភិវឌ្ឍន៍អាជីវកម្ម និងការងារមានប្រាក់កម្រៃ។ ទី២គឺ ស្ត្រីទទួលបានអត្ថប្រយោជន៍ពីការងារទាំងនេះ តាមរយៈការផលិត ប្រាក់ចំណូល និងបៀវត្សរ៍ពលកម្ម។ ទី៣គឺ ការផ្តល់ឱកាសឱ្យស្ត្រីមានតួនាទីក្នុងការធ្វើសេចក្តីសម្រេច។ ការផ្តល់ភាពអង់អាចផ្នែកនយោបាយដល់ស្ត្រី បានបង្ហាញឡើងតាមរយៈចលនាស្ត្រីចេញទៅបោះឆ្នោត និងការឈរឈ្មោះអោយគេបោះឆ្នោត និងការចូលរួមក្នុងកិច្ចការនយោបាយ ជាក់ស្តែង មានស្ត្រីមួយរូបដំបូងបង្អស់ដែលត្រូវបានជ្រើសតាំងជា ប្រធានស្ថាប័ននីតិបញ្ញតិនៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នេះ។

ជាការឆ្លើយតបឆ្ពោះទៅធ្វើសកម្មភាពគាំទ្រដល់ស្ត្រីនេះ ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ត្រូវបង្កលក្ខណៈអោយស្ត្រីនិងក្មេងស្រី ទទួលបាននូវឱកាសកសាងសមត្ថភាព ពង្រឹងការអប់រំ សីលធម៌ សុជីវធម៌ បង្កើនចំណេះដឹង ជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងកសាងបទដ្ឋានច្បាប់ សំដៅការពារ និងលើកកម្ពស់សិទ្ធិរបស់ស្រ្តី និងក្មេងស្រីក្នុងគ្រប់វិស័យ ព្រមទាំងសមភាពយេនឌ័រនៅគ្រប់លំដាប់ថ្នាក់។ ជារួម ស្រ្តីកម្ពុជាទទួលបានកាលានុវត្តភាពចូលរួមក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ទាំងវិស័យសាធារណៈ សន្តិសុខ នយោបាយ ការទូត វិស័យឯកជន អង្គការជាតិ អន្តរជាតិ ព្រមទាំងដណ្តើមបាន តួនាទីសំខាន់ៗ ទៀតផង។

ជាលទ្ធផល រដ្ឋសភានីតិកាលទី៧នេះ មានស្ត្រីចំនួន ៦រូបដែលកាន់តួនាទីជាថ្នាក់ដឹកនាំដោយ១រូបជាប្រធានស្ថាប័នរដ្ឋសភា ៣រូបជារដ្ឋមន្ត្រី ១រូបជាអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ និង១រូបទៀតជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ទន្ទឹមនេះ សមាសភាពស្ត្រីជាសមាជិកព្រឹទ្ធសភាមានអត្រា ១៦,១៣ភាគរយ ខណៈសមាសភាពសមាជិករដ្ឋសភាជាស្ត្រីមានអត្រា១៣,៦ភាគរយ ចំណែកអត្រាស្ត្រីនៅក្នុងស្ថាប័ននីតិប្រតិបត្តិមានប្រមាណ១៥ភាគរយ។ ដោយឡែកស្ត្រី២រូបកាន់ការងារជាអភិបាលខេត្ត ខណៈនៅថ្នាក់មេឃុំ/ ចៅសង្កាត់និង សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងអាណត្តិទី៥ មានសមាសភាពស្ត្រីប្រមាណ ជា១១ភាគរយ៕

Nº.0497


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top