អ៊ុយក្រែនព្រម ទទួលយក បទឈប់បាញ់៣០ថ្ងៃ ចំណែក អាមេរិក ព្រម ផ្តល់ជំនួយ យោធា ឲ្យអ៊ុយក្រែន ឡើងវិញ

7News

អ៊ុយក្រែនព្រម ទទួលយក បទឈប់បាញ់៣០ថ្ងៃ ចំណែក អាមេរិក ព្រម ផ្តល់ជំនួយ យោធា ឲ្យអ៊ុយក្រែន ឡើងវិញ

ចេញផ្សាយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥៖

ភាគី អ៊ុយក្រែន និង សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំងសងខាង បានជួប ប្រជុំគ្នាជាលើកទី ១នៅឯទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី ១១មីនា ។ ជាលទ្ធផលនៃកិច្ចប្រជុំនេះ អ៊ុយក្រែនបានសុខចិត្ត ទទួលយក សំណើរបស់ភាគីអាមេរិក ក្នុងការ ផ្អាកការប្រយុទ្ធរយៈពេល ៣០ថ្ងៃ ហើយចំណែកភាគីអាមេរិក បានយល់ព្រម ផ្តល់ជំនួយយោធា និង ផ្តល់ព័ត៌មាន កងទ័ព ឲ្យ អ៊ុយក្រែនឡើងវិញ ផងដែរ ។ គិតត្រឹមពេលនេះ មិនទាន់ មានប្រតិកម្ម ពី រុស្ស៊ីឡើយ ។

លោក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andriy Sybiga បានដឹកនាំក្រុម តំណាងអ៊ុយក្រែន ជួបចរចាជាលើកទី ១ជាមួ យ ភាគីតំណាងរដ្ឋបាល ថ្មីអាមេរិក ដែល ដឹកនាំដោយ លោក រដ្ឋមន្ត្រីការបរទេស Marco Rubio ។ ភាគីទាំង ២បានជួបប្រជុំគ្នា កាលពីថ្ងៃទី ១១មីនា នៅទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត។ មុនពេលចូលបន្ទប់ប្រជុំ លោកAndriï Iermak ប្រធានខុទ្ទកាល័យ ប្រធានាធិបតីអ៊ុយក្រែន បាន បញ្ជាក់ប្រាប់អ្នកកាសែតថា អ៊ុយក្រែនត្រៀមខ្លួនរួច ហើយ ដើម្បីឈាន ទៅមាន កិច្ចព្រមព្រៀងសន្តិភាព ។ 

សូមបញ្ជាក់ថា ភាគីអ៊ុយក្រែន បាន ស្នើចង់ ឲ្យ មាន បទឈប់បាញ់បណ្តោះអាសន្ន មួយផ្នែក លើ ផ្លូវអាកាសនិង ផ្លូវសមុទ្រ ដើម្បីឈាន ទៅ បើកការចរចាបញ្ចប់សង្គ្រាមជាស្ថាពរជាមួយរុស្ស៊ី ។ ក៏ប៉ុន្តែនៅទីបំផុត ក្រោយ ចប់ការប្រជុំ អ៊ុយក្រែនបានសុខចិត្ត ទទួល យកសំណើរបស់ភាគីអាមេរិក ដែលសុំ ឲ្យ មាន បទឈប់បាញ់ទាំងស្រុង រយៈពេល ៣០ថ្ងៃ។ ហើយចំណែក ភាគីអាមេរិក វិញ បាន សុខចិត្តបន្ត ផ្តល់ជំនួយ យោធា និង ចាប់ផ្តើមផ្តល់ព័ត៌មានកងទ័ព ឲ្យ អ៊ុយក្រែនឡើងវិញផងដែរ ។

គួរកត់សំគាល់ថា គោលជំហរត្រឡប់ថយក្រោយ របស់ ភាគីអាមេរិក នៅក្នុងកិច្ចប្រជុំនេះ គឺវាផ្ទុយស្រឡះពីហេតុការណ៍ ដែល បានកើតឡើងនៅ ក្នុងសេតវិមាន កាលពីចុងខែ កុម្ភៈ ដែលលោក ប្រធានាធិបតីអ៊ុយក្រែន ត្រូវលោកដូណាល់ ត្រាំ និងលោក ចេឌី វែនស៍ ព្រួតគ្នាសំឡុត គំរាមឲ្យទទួល យកកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។


ចេញពីបន្ទប់ប្រជុំនៅទីក្រុងចេដដា កាលពីថ្ងៃអង្គារ១១មីនា លោក Marco Rubio ប្រមុខការទូតអាមេរិក បាន ប្រាប់អ្នកកាសែតថា ចាប់ពីពេលនេះទៅ គ្រាប់បាល់គឺស្ថិតនៅក្នុងដៃរបស់រុស្ស៊ីហើយ ពោលគឺគេរង ចាំស្តាប់ចម្លើយ របស់រុស្ស៊ីតែមួយគត់ ។ ភាគីអាមេរិកនឹងបញ្ជូន ដំណឹងលម្អិតទៅកាន់ម៉ូស្គូ ស្តីពីអ្វីដែល អាមេរិក និងអ៊ុយក្រែន បានស្រុះស្រួលគ្នានៅក្នុងកិច្ចប្រជុំនៅចេដដា។ លោក ប្រមុខការទូតអាមេរិកបាន អះអាងទៀតថា លោក ប្រធានាធិបតីដូណាល់ ត្រាំ ចង់ ឲ្យ សង្គ្រាម នេះ ត្រូវចប់ឲ្យ បានឆាប់ ដូច្នេះ អាមេរិក សង្ឃឹមថា រុស្ស៊ី នឹងឆ្លើយយល់ព្រមទទួលយក។

គួរកត់សំគាល់ថា កន្លងមកលោកពូទីន ធ្លាប់បាន អះអាងថាលោក មិនបិទផ្លូវចរចាសន្តិភាពឡើយ តែទន្ទឹមគ្នានេះ រុស្ស៊ី បដិសេធជាដាច់ខាត មិនប្រគល់ដែនដី ដែលរុស្ស៊ីគ្រប់គ្រង ទៅ ឲ្យ អ៊ុយក្រែន វិញឡើយ ។ ទឹកដី ដែល មានទំហំប្រមាណជា ១ភាគ ៥នៃផ្ទៃដីអ៊ុយក្រែន ដែលបច្ចុប្បន្ននេះ ស្ថិតក្នុងដៃរបស់រុស្ស៊ី ។

សូមបញ្ជាក់ដែរថា លោកហ្សេឡេនស្គី ក៏មានវត្តមាននៅ អារ៉ាប៊ីសាអូឌីតដែរ តែលោក មិនបានចូលរួមប្រជុំទេ។ លោក បានចូល ជួបព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាម៉ាន់ ដើម្បីនិយាយ ពីលទ្ធភាព នៃការ ចូលរួមជួយ របស់អារ៉ាប៊ីសាអូឌីត។ ក្រោយដឹងលទ្ធផល ប្រជុំរវាង ភាគី អ៊ុយក្រែន និងអាមេរិក លោក ហ្សេឡេនស្គី បានប្រកាសថា សំណើរបស់ភាគីអាមេរិកវាគឺជា ការបោះជំហាន ដ៏មានសុទិដ្ឋិនិយម។ ចាប់ពីពេលនេះទៅ អាមេរិក ត្រូវទៅបញ្ចុះបញ្ចូល ឲ្យរុស្ស៊ីយល់ព្រមទទួលយក។ ចំណែក អ៊ុយក្រែនវិញ អ៊ុយក្រែនត្រៀមខ្លួនចាំគោរព នៅពេល ណាបទ ឈប់បាញ់៣០ថ្ងៃ ចូលជាធរមាន ។ លោក ហ្សេឡេនស្គីលើកឡើងទៀតថា ក្នុងរយៈពេល ផ្អាក ការប្រយុទ្ធ ៣០ថ្ងៃនេះ គឺជាពេលវេលា ដ៏ល្អសម្រាប់ឲ្យ អ៊ុយក្រែននិងសម្ព័ន្ធមិត្ត រៀបចំតាក់តែង ឯកសារ ជាលាយលក្ខណ៍អក្សរ ស្តីពីលក្ខខណ្ឌរឹងមាំទាំងឡាយ ដើម្បីការពារសន្តិសុខនិងសន្តិភាពជារៀងដរាបរបស់អ៊ុយក្រែន៕

Nº.0522

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top