មនុស្ស១០នាក់របួស ១នាក់ស្លាប់ ហើយផ្ទះជាង៣០០ខ្នងប៉ះពាល់ដោយសារតែ ខ្យល់កន្ត្រាក់
ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
ស្នងការងទទួលបន្ទុកសេនាធិការ លោកសុខ ពីសាន្តបានឱ្យដឹងថា
បាតុភូតខ្យល់កន្រ្តាក់នេះ បានធ្វើឱ្យមនុស្ស១០នាក់របួស។ ក្នុងនោះ របួសធ្ងន់ធ្ងរ
២នាក់ និងស្រាល៨នាក់។ ក្រៅពីនោះ មានករណីរន្ទះបាញ់ស្លាប់ម្នាក់ទៀត
ក្នុងស្រុកស្វាយលើ នៅក្នុងអំឡុងពេលខ្យល់កន្រ្តាក់នោះ។
លោកបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ ករណីខ្យល់កន្រ្តាក់
គ្របដណ្តប់នៅ១០ស្រុក ក្នុងខេត្តសៀមរាប ដែលប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង៣០០ខ្នងផ្ទះ។
នគរបាលកំពុងតែធ្វើរបាយការណ៍លើករណីនេះ»។
លោកក៏បានឱ្យដឹងផងដែរ
ខ្យល់កន្រ្តាក់ក៏បានធ្វើឱ្យដើមឈើជាច្រើនរលំលើផ្លូវសាធារណៈផងដែរ។ ប៉ុន្តែមិនទាន់ដឹងពីចំនួនពិតប្រាកដនោះទេ។
ទោះយ៉ាងណា កម្លាំងអាជ្ញាធរមូលដា្ឋនពាក់ព័ន្ធបានខិតខំសំអាតដើមឈើទាំងនោះ
និងរៀបចំសណ្តាប់ធ្នាប់ឡើងវិញរួចរាល់អស់ហើយ។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា មានករណីខ្យល់បោកបក់យ៉ាងខ្លាំង
នៅតំបន់រមណីយដ្ឋានអង្គរ បណ្តាលឱ្យដើមឈើមួយចំនួន បានដួលរលំ កាត់តាមដងផ្លូវ។
ភ្លាមៗនោះ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា កំពុងធ្វើប្រតិបត្តិការ
កាត់សម្អាតដើមឈើទាំងនោះ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
លោកសុទ្ធ គឹមកុលមុន្នី បានឱ្យដឹងថា ករណីខ្យល់កន្ត្រាក់
មិនមានបណ្តាលឱ្យមនុស្សស្លាប់នោះទេ។ ប៉ុន្តែ ករណីរន្ទះបាញ់បានកើតមាន៤ករណី
ដែលបណ្តាលឱ្យរបួស៤នាក់ និងស្លាប់ម្នាក់។
អភិបាលខេត្តសៀមរាប
លោកប្រាក់ សោភ័ណបានសំដែងការសោកស្តាយ ចំពោះបាតុភូតខ្យល់កន្ត្រាក់នេះ។
រដ្ឋបាលខេត្តសហការជាមួយកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
នឹងចុះពិនិត្យជួយឱ្យអស់លទ្ធភាព។
របាយការណ៍
របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា
ស្ថានភាពអាកាសធាតុក្នុងខែកុម្ភៈ កន្លងមក មិនសូវក្តៅខ្លាំងដូចឆ្នាំ២០២៤
ដោយសារការទទួលរងឥទ្ធិពលពីអាកាស ធាតុឡានីណា និងអាកាសធាតុអែនសួ។
ក្នុងនេះចាប់ពីពាក់កណ្តាលខែកុម្ភៈមក កម្រិតកម្ដៅចាប់ផ្តើមមាន
ការកើនឡើងបន្តិចម្តងៗក្នុងកម្រិតមធ្យមអតិបរមា ៣៧ អង្សាសេ។
ក្នុងខែកុម្ភៈនោះផងដែរ
ស្ថានភាពខ្យល់កន្ត្រាក់ បានបង្កឱ្យមានការប៉ះពាល់ និងខូចខាតដល់លំនៅឋានប្រជាជនកើតតិចតួច
ប៉ុណ្ណោះ ហើយខ្យល់បក់បោកខ្លាំងកើតមាននៅលើផ្ទៃសមុទ្រ ដែលបង្កឱ្យមានរលកធំ
និងមានការប៉ះពាល់ដល់ ការធ្វើដំណើរ និងអាជីវកម្មនេសាទលើផ្ទៃសមុទ្រ។ ក្នុងនោះ
បានកើតមានចំនួន ៤ លើក នៅខេត្តក្រចេះ សៀមរាប និងខេត្តព្រះសីហនុ
ដែលបណ្តាលឱ្យផ្ទះរបើកដំបូល និងខូចខាតមធ្យម ៧៨ខ្នង។
ដោយសារតែជារដូវប្រាំងហើយភ្លៀងកក់ខែ
ទើបតែកើតមានក្នុងកម្រិតតិចជាងមធ្យម ចាប់ពីសប្តាហ៍ទី៣ នៃ ខែកុម្ភៈ
ធ្វើឱ្យបរិមាណទឹកមានមិនទាន់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ដំណាំស្រូវប្រាំងដែលបានធ្វើលើសផែនការ
ច្រើននៅតាមបណ្តាខេត្តផលិតមួយចំនួន
និងតម្រូវឱ្យមានការអន្តរាគមន៍ជួយសង្គ្រោះជាបន្តទៀតរហូតដល់ការ
ប្រមូលផលក្នុងក្របខណ្ឌទូទាំងប្រទេស៕
Nº.0538