អ.ស.ប.៖ អាហ្វហ្កានីស្ថាន ប្រឈមនឹងកំណើនមរណភាពស្រ្តី ក្រោយអាមេរិកផ្អាកជំនួយ

7News

អ.ស.ប.៖ អាហ្វហ្កានីស្ថាន ប្រឈមនឹងកំណើនមរណភាពស្រ្តី ក្រោយអាមេរិកផ្អាកជំនួយ

ចេញផ្សាយថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២៥៖

អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃអង្គារ ទី៤ កុម្ភៈថា ការផ្អាកជំនួយរបស់អាមេរិកអាចបណ្តាលឲ្យស្លាប់ស្រ្តីអាហ្វហ្កានីស្ថានកំពុងមានផ្ទៃពោះ ឬពេលសម្រាលកូនចំនួន ១ ២០០នាក់បន្ថែមទៀត ចាប់ពីពេលនេះទៅឆ្នាំ ២០២៨។

ប្រតិកម្មនឹងការផ្អាកជំនួយបរទេសរបស់អាមេរិក មូលនិធិប្រជាជានរបស់អង្គការសហប្រជាជាតិ ហៅកាត់ជាភាសាអង់គ្លេស UNFPA បានផ្អាកសេវាមួយចំនួនដែលទទួលជំនួយពីអាមេរិក ពិសេសសេវាសង្រ្គោះស្រ្តី និងក្មេងស្រីដែលកំពុងជួបវិបត្តិ។ លោក Pio Smith នាយកប្រចាំតំបន់អាស៊ី និងតំបន់បាស៊ីហ្វិករបស់អង្គការ UNFPA បានលើកឡើងពីស្ថានភាពរបស់ស្រ្តី និងក្មេងស្ត្រីនៅក្នុងតំបន់អាស៊ីខាងត្បូង និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ជំនួយហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់របស់អាមេរិកពេលនេះ។ លោក Pio Smith បានទាញសញ្ញាអាសន្នថា សម្រាប់អាហ្វហ្កានីស្ថាន ការបាត់បង់ជំនួយបរទេសរបស់អាមេរិកអាចបង្កើនអត្រាមរណភាពស្រី្តដែលកំពុងមានផ្ទៃពោះ ឬ សម្រាលកូនបន្ថែមរហូតដល់ ១២០០ នាក់ចាប់ពីពេលនេះដល់ឆ្នាំ២០២៨។

ទន្ទឹមគ្នានេះ ការគ្មានជំនួយបរទេសពីអាមេរិកក៏អាចបង្កផលប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះដោយចៃដន្យប្រមាណ ១០ម៉ឺន ៩ពាន់នាក់ដែរ។ គួរបញ្ជាក់ថានៅអាហ្វហ្កានីស្ថាន មានស្រ្តីម្នាក់បាត់បង់ជីវិតនៅរៀងរាល់ពីរម៉ោងម្តងដោយសារផលវិបាកក្នុងពេលពរពោះ។ នេះជាអត្រាមួយខ្ពស់ជាងគេបង្អស់នៅទូទាំងពិភពលោក។ តាមលោក Pio Smith អាមេរិកជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេដល់អង្គការ UNFPA ក្នុងការងារមនុស្សធម៌នៅជុំវិញពិភពលោក។ ដូច្នេះ ស្ត្រី និងក្មេងស្រីជំទង់រាប់លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានអាចប្រឈម និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអាមេរិកប្រកាសផ្អាកជំនួយបន្ទាន់បែបនេះ។


សូមរម្លឹកថា មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិបានបង្កើតឡើងនៅឆ្នាំ ១៩៦៩ ក្នុងគោលដៅលើកកម្ពស់ការថែទាំសុខភាពផ្លូវភេទ និងបន្តពូជរបស់ស្រ្តីនៅក្នុងប្រមាណ ១៥០ប្រទេស។ ក្នុងនោះ មានកម្មវិធីការពារការមានគភ៌របស់ក្មេងស្រីក្នុងវ័យជំទង់ និងបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលរាប់ពាន់នាក់ដើម្បីធានាថា មានស្រ្តីសម្រាលកូនយ៉ាងហោចណាស់ចំនួន៩០% ត្រូវទទួលបានជំនួយពីបុគ្គលិកសុខាភិបាលដែលមានជំនាញច្បាស់លាស់។ ជារៀងរាល់ឆ្នាំ អង្គការ UNFPA បានផ្តល់ថ្នាំពន្យារកំណើតដល់ស្រ្តីចំនួនប្រមាណ ២០លាន នៅទូទាំងពិភពលោក៕

Nº.0423

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top