នគរបាលច្រកព្រំដែនប៉ោយប៉ែតចាប់បញ្ជូនជនជាតិថៃរស់នៅខុសច្បាប់ ២៥នាក់ទៅថៃវិញ

7News

នគរបាលច្រកព្រំដែនប៉ោយប៉ែតចាប់បញ្ជូនជនជាតិថៃរស់នៅខុសច្បាប់ ២៥នាក់ទៅថៃវិញ

ចេញផ្សាយថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥៖

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នគរបាលច្រកព្រំដែនអន្ដរជាតិប៉ោយបែតបានចាប់បញ្ជូនជនជាតិថៃចំនួន ២៥នាក់ទៅកាន់ប្រទេសកំណើតវិញ។ តាមការបញ្ជាក់របស់នគរបាលច្រកព្រំដែនអន្ដរជាតិប៉ោយបែត ជនជាតិថៃទាំងនេះគ្មានលិខិតឆ្លងដែន និងរស់នៅធ្វើការដោយខុសច្បាប់នៅខេត្តបន្ទាយមានជ័យ។ 

ជនជាតិថៃចំនួន ២៥នាក់ ក្នុងនោះមានស្រី ៤នាក់ត្រូវបានកម្ពុជាប្រគល់ទៅឱ្យប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ជនជាតិថៃទាំង ២៥នាក់បានមករស់នៅធ្វើការដោយខុសច្បាប់ និងគ្មានលិខិតឆ្លងដែនក្នុងខេត្តបន្ទាយមានជ័យ។ និតិវិធីបញ្ជូនជនជាតិថៃទាំង ២៥នាក់ទៅកាន់ប្រទេសកំណើតវិញពេលនេះត្រូវបាននគរបាលច្រកទ្វារព្រំដែនប៉ោយប៉ែតបញ្ជាក់ថា គឺមានការចូលរួមសហការពីកម្លាំងនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងពីនគរបាលអន្តោប្រវេសន៍ព្រំដែនថៃ។

ទន្ទឹមនឹងការបញ្ជូនឲ្យទៅកាន់ប្រទេសកំណើតវិញ ជនជាតិថៃទាំង ២៥នាក់ក៏ត្រូវបានអាជ្ញាធរកម្ពុជាប្រថាប់ត្រាហាមមិនឱ្យចូលកម្ពុជារយៈពេល ៥ឆ្នាំ។ គួររម្លឹកថា កាលពីថ្ងៃទី១៩ មករា នគរបាលច្រកព្រំដែនអន្ដរជាតិប៉ោយបែតក៏បានបញ្ជូនជនជាតិថៃចំនួន ៤នាក់ទៅកាន់ប្រទេសកំណើតវិញ ក្រោមហេតុផលលួចឆ្លងដែនខុសច្បាប់ដូចគ្នា។ លោក អ៊ិន គង់ជិត ប្រធានការិយាល័យអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៤ មករានេះថា មានជនបរទេសជាច្រើន មិនថា ចិន ឥណ្ឌូនេស៊ី ឬថៃកំពុងរស់នៅក្នុងក្រុងប៉ោយប៉ែត។

តែលោក អ៊ិន គង់ជិតបានសង្កេតឃើញថា អាជ្ញាធរអន្ដោប្រវេសន៍តែងចាប់បញ្ជូនជនជាតិថៃទៅប្រទេសកំណើតវិញ ក្រោយរកឃើញថាពួកគេបានរស់នៅលើទឹកដីខ្មែរដោយខុសច្បាប់នៅតាមកាស៊ីណូ ឬសណ្ឋាគារដែលនៅជាប់ព្រំដែន។ រីឯជនជាតិផ្សេងៗដូចជា ចិន ឬឥណ្ឌូនេស៊ីវិញត្រូវបានលោក អ៊ិន គង់ជិតអះអាងថា គឺកម្រឃើញមានចាប់បញ្ជូន ខណៈដែលលោកមិនច្បាស់ថាតើពួកគេបានមករស់នៅលើទឹកដីខ្មែរដោយស្របច្បាប់ ឬខុសច្បាប់៕

Nº.0424

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top