មេដឹកនាំ តាលីបង់ប្រឈម ដីកា ចាប់ខ្លួន របស់ តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ក្រុង ឡាអេ ?

7News

 មេដឹកនាំ តាលីបង់ប្រឈម ដីកា ចាប់ខ្លួន របស់ តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ក្រុង ឡាអេ ?

ថ្ងៃព្រហស្បតិ៍ ទី២៣មករា រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ បាន ស្នើសុំ ដីកា ចាប់ ខ្លួនមេដឹកនាំកំពូលតាលីបង់ ក្នុង បទល្មើស រំលោភបំពាន សិទ្ធិស្ត្រី និង ក្មេង ស្រី ។ តាមរយៈ សំណើសុំ ដីកាឃាត់ខ្លួន នេះ រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ យល់ថា ការ បំពាន ជាន់ឈ្លីសិទ្ធិនារី នៅ អាហ្វហ្កានីស្ថាន ប្រៀបបាន នឹង ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្ស ជាតិ ។


ដីកាចាប់ ខ្លួន ដែល រដ្ឋអាជ្ញា លោក ការីម ខាន់ បាន ស្នើសុំ ពី តុលាការព្រហ្មទណ្ឌអន្តរជាតិ សំដៅ ចំពោះ មេដឹកនាំ កំពូលៗ ២ នាក់ របស់ តាលីបង់។ ម្នាក់ ជា មេដឹកនាំ កំពូល ខាងសាសនា គឺ លោក Hibatullah Akhundzada និង ម្នាក់ទៀត លោក Abdul Hakim Haqqani ជា អ្នកទទួល ខុស ត្រូវ ជាន់ ខ្ពស់ ខាង វិស័យ យុត្តិធម៌របស់ ពួក តាលីបង់ ។

ក្នុង សេចក្តីប្រកាស ព័ត៌មាន ចុះផ្សាយ ថ្ងៃព្រហស្បតិ៍ ទី ២៣មករា រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ លោក ការីម ខាន់ ប្រកាស ថាមានភស្តុតាង និង ហេតុផលសមស្របដែល អាច ឲ្យ ជឿទុក ចិត្ត បាន ថាមេដឹកនាំ តាលីបង់ទាំង២នាក់នោះ ជា អ្នក ទទួល ខុស ត្រូវ ចំពោះ ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្ស ជាតិ ។ បើតាម លោក រដ្ឋអាជ្ញាដដែល ស្ត្រី និង ក្មេង ស្រីអាហ្វហ្កានីស្ថាន រួម ទាំង សមាជិក ក្រុម ស្រឡាញ់ភេទ ដូចគ្នា LGBT ត្រូវ ពួក រដ្ឋអំណាច តាលីបង់ ជាន់ ឈ្លីបំបិទ សិទ្ធិ ហើយការ រំលោភបំពាន នោះទៀត សោត បាន កើតឡើង ម្តងហើយ ម្តងទៀត និង កាន់តែ ធ្ងន់ ធ្ងរ ទៅៗ ។

ក្រុម ចៅក្រមរបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងយក សំណើ ដីកាចាប់ ខ្លួនមេដឹកនាំ តាលីបង់នេះ ទៅពិចារណា ហើយ នីតិវិធី អាច ត្រូ វ ស៊ីពេល ច្រើន សប្តាហ៍ឬ ច្រើន ខែ ។ ទោះ ម្តេចក្តី តុលាការព្រហ្មទណ្ឌអន្តរជាតិគ្មាន ក ម្លាំង ប៉ូលិស ទាហាន ចុះតាមចាប់ ខ្លួន មេដឹកនាំ តាលីបង់ ឡើយ។ សាលាជម្រះក្តី អន្តរជាតិនេះ រំពឹងតែ ទៅលើ រដ្ឋ សមាជិក ដើម្បី ឲ្យ សហការ ចាប់ខ្លួន នរណាម្នាក់ បញ្ចូន ទៅជំនុំ ជម្រះក្តី តែប៉ុណ្ណោះ ។

គួរ បញ្ជាក់ថា លោក Hibatullah Akhundzada មេដឹកនាំកំពូលតាលីបង់សព្វថ្ងៃនេះ គឺ ជាអតីត ដៃ ស្តាំ របស់ អតីត មេតាលីបង់ ឈ្មោះ Mansour ដែល បាន ស្លាប់ ព្រោះតែ ការវាយប្រហារ របស់ យន្តហោះ ដ្រូន អាមេរិក នៅ ក្នុង ទឹក ដីប៉ាគីស្ថាន។ ឡើង កាន់ តំណែង មេ ដឹកនាំក្រុម តាលីបង់ នៅឆ្នាំ ២០១៦ មេដឹកនាំ Hibatullah Akhundzada រូបនេះ កម្របង្ហាញខ្លួនជាសាធារណៈណាស់ ។ ក៏ ប៉ុន្តែ លោក ជា មេខ្លោង បញ្ជាក្រុម ប្រដាប់អាវុធ តាលីបង់ រហូតទាល់តែ ផ្តួល រំលំ រដ្ឋាភិបាល អាហ្វហ្កានីស្ថាន និងបណ្តេញ ទ័ព អាមេរិក ហើយ បាន ឡើង កាន់អំណាច រដ្ឋ ក្នុង ខែ សីហា នៅឆ្នាំ២០២១ ។

ជាផ្លូវការ គ្មានប្រទេស ណាមួយ ទទួល ស្គាល់ រដ្ឋអំណាច តាលីបង់ទេ ប៉ុន្តែ អ៊ីរ៉ង់ ចិន រុស្ស៊ី និងប្រទេស មួយ ចំនួន មកពី អាស៊ីកណ្តាល បាន ដាក់ ត្រឹម តំណាង ទូតនៅ ទីក្រុង កាប៊ូល ។ តាំងពីឡើងក្តាប់អំណាច មកនេះ ពួកតាលីបង់ បាន គាបសង្កត់ សិទ្ធិនារី ជាប្រចាំ។ ប្រកាន់សាសនាអ៊ីស្លាមដ៏តឹងតែង ពួកតាលីបង់បានរឹតបន្តឹងសិទ្ធិនារីភេទ ហាមប្រាមមិនឲ្យនារីធ្វើការនៅអង្គការសង្គមស៊ីវិល។ ស្រីៗត្រូវ កំហិត ឲ្យ ប្រើ ស្បៃបិទមុខនិង គ្របជិតខ្លួន ហើយ ស្គាល់ ពាក្យ តែ ១ គត់ គឺ «ហាម»។ ហាម រៀនសូត្របានខ្ពស់ ហាម សូត្រ កំណាព្យ ហាម រាំ ច្រៀង ហាម លេង កីឡា និង ហាម តុបតែងខ្លួន ។ ជារួម ហាម មិនឲ្យ ស្រីៗ ចេញ ក្រៅផ្ទះ ទៅ ទីសាធារណៈ ។

ក្រោយពី ដកសិទ្ធិនារីគ្រប់យ៉ាង រដ្ឋអំណាច តាលីបង់ ក៏ ចង់ លុប បំបាត់ ស្រមោលស្រីៗថែមទៀត ។ ចុង ខែ ធ្នូ ឆ្នាំ២០២៤កន្លងទៅ ថ្មី ៗនេះ រដ្ឋអំណាច តាលីបង់ បានចេញបញ្ជា ឲ្យបិទ បង្អួច ហើយបើ ករណី មាន សាង សង់គេហដ្ឋាន ថ្មី គឺ មិនត្រូវ ឲ្យ ធ្វើ បង្អួច ដើម្បី កុំឲ្យមើល ឃើញស្រីៗ ដែល កំពុង នៅក្នុង ផ្ទះ ឬ កំពុងតែ ធ្វើការងារផ្ទះ ៕

Nº381

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top