នៅកូរ៉េខាងត្បូង ឆេះយន្តហោះ របួស ៧ នាក់ នៅព្រលាន យន្តហោះ ក្រុង ប៊ូសាន
ចេញផ្សាយថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥៖
នៅ កូរ៉េ ខាងត្បូង យ៉ាង ហោចមនុស្ស ៧ នាក់ រងរបួស ព្រោះ តែ ឆេះយន្តហោះ ដឹកអ្នកដំណើរ ១គ្រឿង ។ ហេតុការណ៍ នេះ កើតឡើង នៅ ព្រលាន យន្តហោះ ក្រុង ប៊ូសាន កាលពី យប់ ថ្ងៃ អង្គារ ទី ២៨មករា ។ កាសែត ក្នុង ស្រុក កូរ៉េ ខាងត្បូង រាយការណ៍ ថា ដើមហេតុ នៃអគ្គិភ័យ ឆេះ យន្តហោះ នេះ អាច បង្កឡើង ពី ថ្មសាកទូរស័ព្ទ មួយ ដែល អ្នក ដំណើរម្នាក់ទុក ក្នុង វ៉ាលីសយួរដៃ របស់ ខ្លួន ។
ហេតុការណ៍ ឆេះយន្តហោះនៅ អាកាសយានដ្ឋាន ក្រុងប៊ូសាន បាន កើតឡើង ពីយប់ ថ្ងៃអង្គារ ឈាន ចូល ថ្ងៃពុធ ទី ២៩មករា។ បណ្តាញ ព័ត៌មាន ក្នុងស្រុក កូរ៉េ ខាងត្បូង បង្ហាញ វីដេអូឲ្យ ឃើញ ពីរូប ភាព ភ្លើង ឆេះ លេបត្របាកយន្តហោះ យ៉ាង សន្ធោ សន្ធៅ ហើយ ក្រុម ពន្លត់ អគ្គិភ័យ ដែលកំពុង ធ្វើសកម្មភាព ពន្លត់ ភ្លើង យ៉ាង ដុតដៃដុតជើង ។
តុល្យការ នៃការ ខូច ខាត គឺ យន្តហោះមួយ គ្រឿងនោះ បាន ត្រូវ ឆាប ឆេះស្ទើរតែ អស់ ពាក់កណ្តាល យន្តហោះនៅ ផ្នែក ខាងលើ ដែល គេ អាច មើលស្នាម ប្រហោង ឆេះពណ៌ ខ្មៅ យ៉ាង ច្បាស់ ក្រឡែត ។ ក៏ប៉ុន្តែ ស្លាប យន្តហោះនិងតួ ម៉ាស៊ីន គ្មាន ខូច ខាត ទេ។ នេះបើ តាមការ បញ្ជាក់ របស់ ក្រសួង ដឹកជញ្ជូន កូរ៉េ ខាងត្បូង ដោយប្រកាស បើកការស៊ើបអង្កេត ។ តែ អ្នកនាំពាក្យ ក្រសួង ដឹកជញ្ជូន កូរ៉េ ខាងត្បូង ស្រដី ថា គេ ពុំ ទាន់ អាច ដឹង លទ្ធផល នៃការ ស៊ើបអង្កេត ចេញ ផ្សាយ នៅពេល ណា នោះទេ។
កាសែត ប្រចាំថ្ងៃ JoongAng Ilbo បានស្រង់ សម្តី បុគ្គលិក ម្នាក់ បម្រើការ នៅ ក្រុមហ៊ុន អាកាសចរណ៍ Air Busan ដោយ សុំលាក់ អត្តសញ្ញាណ ដែល បាន លើកឡើងថា អគ្គិភ័យ ឆេះ យន្តហោះ នេះ អាច បណ្តាល មកពីឆេះ ថ្មសាកទូរស័ព្ទ របស់ អ្នក ដំណើរ ដែល ទុក ក្នុង វ៉ាលីស យួរ ដៃ និង ដាក់ នៅផ្នែក ខាងលើក្បាល របស់ អ្នក ដំណើរ ។
យន្តហោះឆេះ នេះ ប្រភេទAirbus A321 ជារបស់ ក្រុមហ៊ុន Air Busan ដែលត្រូវ ធ្វើ ដំណើរ ហោះចេញពី ព្រលាន យន្តហោះ អន្តរជាតិ Gimhee ស្ថិត នៅ ប៉ែកអាគ្នេយ៍ ទីក្រុង ប៊ូសាន និង តម្រង់ ឆ្ពោះទៅ ក្រុង ហុងកុង។ ភ្ញៀវ អ្នក ដំណើរ ១៦៩ នាក់ និង នារីបម្រើការ ក្នុង យន្តហោះ ៧ នាក់ បានត្រូវ ជម្លៀស ចេញ តាម ប្រព័ន្ធ ពោង សុវត្ថិភាព ។ បណ្តាញ សារព័ត៌មាន កូរ៉េ ខាងត្បូង យ៉ុនហាប់ លើកឡើងថា នៅពេល ឃើញផ្សែង ភ្លើង ឆេះភ្លាមៗ អ្នក ដំណើរ ម្នាក់ បាន ប្រញាប់ប្រញាល់បើកទ្វារ សម្រាប់ ចាកចេញ ពេល អាសន្ន ហើយ នារីបម្រើការ ក្នុងយន្តហោះម្នាក់ ក៏ រួសរាន់ បើក ទ្វារ ចាកចេញពេល អាសន្ន ដែល ឋិត ផ្នែកម្ខាងទៀតនៃយន្តហោះ ។ ម្ល៉ោះហើយ ទើប អ្នក ដំណើរ ទាំង អស់ អាច ចាក ចេញ បាន យ៉ាងរហ័ស ។
ពេល ហេតុការណ៍ឆេះ ពីដំបូងៗ មាន អ្នក របួសក្នុង អគ្គិភ័យ ចំនួន ៣ នាក់ ហើយ ស្អែក ឡើង អាជ្ញាធរបាន ធ្វើ តុល្យការបន្ថែម និងបង្ហាញថា អ្នក រងរបួសបាន កើនឡើង ដល់ ៧ នាក់។ ក្នុង ចំណោម នោះ ម្នាក់ កំពុងតែ បន្ត សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ។
ហេតុការណ៍ នេះនាំឲ្យគេ នឹកឃើញ ដល់ យន្តហោះកូរ៉េ Jeju Air Boing 737-800 ចេញដំណើរពីថៃ ទៅកូរ៉េ ខាងត្បូង ដែលបាន បុកជញ្ជាំង ឆេះ និង ស្លាប់មនុស្ស ស្ទើរតែអស់ កាលពី ខែមុន។ ថ្ងៃពុធ ទី ២៩មករា លោក Park Sang-woo រដ្ឋមន្ត្រី ក្រសួងដឹក ជញ្ជូនកូរ៉េខាងត្បូង សម្តែងក្តី សោកស្តាយដែល យន្តហោះ កូរ៉េ ឆេះពី ខែមុនមួយ គ្រឿង រួច ហើយ ឆេះ មួយ គ្រឿង នេះ ទៀត។ លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ក៏ បានថ្លែង សុំទោស ចំពោះ អ្នក ដំណើរ និង សាធារណៈជន៕
Nº.0398