ស្ថាប័នព្រះពុទ្ធសាសនាស្នើចាត់វិធានការលើបុគ្គលដែលថា«បួសជាសង្ឃគឺទម្ងន់ដល់អ្នកស្រុក»

7News

ស្ថាប័នព្រះពុទ្ធសាសនាស្នើចាត់វិធានការលើបុគ្គលដែលថា«បួសជាសង្ឃគឺទម្ងន់ដល់អ្នកស្រុក»

ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥៖

នៅ ក្នុង សេចក្តី ថ្លែង ការណ៍ ដាច់ ដោយ ឡែក ពី គ្នា នា ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៥ ពុទ្ធិក សមាគម កម្ពុជ រដ្ឋ និង គណៈ សង្ឃ នាយក បាន សម្តែង ក្តី បារម្ភ និង ថ្កោលទោស ចំពោះ គណនី ហ្វេស ប៊ុក ឈ្មោះ «សមាគម ទេវ សក្ខី ភគវន្ត» ដែល បាន តាំង ខ្លួន ជាអ្នក ដើរ ពន្យល់ ធម៌ ដោយ ប្រាស ចាក ខ្លឹម សារ ដើម នៃ ព្រះពុទ្ធ វចនៈ និងបាន បំភាន់ ជំនឿ ធ្វើ ឲ្យ ប៉ះពាល់ ដល់ ព្រះ ពុទ្ធ សាសនា ។ តែ «សមាគម ទេវ សក្ខី ភគវន្ត» បាន ចេញ សេច ក្តីប្រកាស ដោយ អះ អាង ថា សមាគម របស់ ខ្លួន បាន បង្កើត ឡើង ដោយ ស្រប ច្បាប់ និងមិន ពាក់ ព័ន្ធ នយោបាយ ឬ ក្រុម ជ្រុល និយម ណាមួយ ដែល នាំ ឲ្យប៉ះពាល់ ដល់ សន្តិសុខ សង្គម ឡើយ ។



នៅក្នុងសេចក្តីប្រកាសចេញថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ «សមាគម ទេវ សក្ខី ភគវន្ត» បានគូសបញ្ជាក់ថា សមាគមនេះគឺជាកន្លែងសម្រាប់ឲ្យអ្នកដែលមានឧបនិស្ស័យទទួលយកការសិក្សា អង្កេតមើលដោយខ្លួនឯងដោយទទួលបានប្រយោជន៍ពីការពិសោធន៍ជាក់ស្តែង និងជួយពង្រឹងសន្តិភាពផ្លូវចិត្ត។ 

តាមសេចក្តីប្រកាសដដែល «សមាគម ទេវ សក្ខី ភគវន្ត» បានអះអាងពីការប្រកាន់គោលជំហរ «សច្ចនិយម» ដោយឈរលើទស្សនៈអហិង្សា មិនបំបែកបំបាក់ជាន់ពន្លិចសាសនាណាមួយ ពិសេសសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ។ 



ការចេញមុខការពារសកម្មភាពរបស់ «សមាគម ទេវ សក្ខី ភគវន្ត» យ៉ាងដូច្នេះធ្វើឡើង មួយថ្ងៃក្រោយមានប្រតិកម្មជាបន្តបន្ទាប់ពីអ្នកកាន់ព្រះពុទ្ធសាសនា ពិសេស ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងគណៈសង្ឃនាយកដែលបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាក្នុងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

ពុទ្ធិកសមាគមកម្ពុជរដ្ឋបានចាត់ទុកសកម្មភាពរបស់បុគ្គលដែលហៅខ្លួនឯងថា «សាស្តា សក្ខី ភគវន្ត» មានគំនិតទុច្ចរិត និយាយបំភាន់ និងប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធវចនៈ ព្រះត្រៃបិដកខ្មែរ ចង់បំបែកបំបាក់ជំនឿលើព្រះសង្ឃ និងពលរដ្ឋខ្មែរ។ 


ដោយឡែក សេចក្តីថ្លែងការណ៍របស់គណៈសង្ឃនាយកបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «សមាគម ទេវ សក្ខី ភគវន្ត» ដែលបានពន្យល់ធម៌ប្រាស់ចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបាននិយាយបំភាន់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ។ ក្នុងន័យនេះ ពុទ្ធិកសមាគមកម្ពុជរដ្ឋ និង គណៈសង្ឃនាយកបានស្នើឲ្យក្រសួងធម្មការ និងសាសនាចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះសកម្មភាពរបស់បុគ្គលដែលតាំងខ្លួនឯងជា «សាស្តា សក្ខី ភគវន្ត»រូបនេះ។

 អ្នកនាំពាក្យក្រសួងធម្មការ និងសាសនានៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយនៅទេ គិតត្រឹមរសៀលថ្ងៃទី២៨ មករានេះ៕

Nº.0395

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top