អ្វី ជា ក្តីសង្ឃឹម របស់ពិភពលោក សម្រាប់ឆ្នាំ ២០២៥?

7News
2 minute read

 អ្វី ជា ក្តីសង្ឃឹម របស់ពិភពលោក សម្រាប់ឆ្នាំ ២០២៥?

សួស្តី ឆ្នាំ ថ្មី ឆ្នាំ សកល ២០២៥! ពិភពលោក បាន ឆ្លង ចូល ឆ្នាំ ២០២៥ ហើយ។ អាស៊ី ដើម បូព៌ា អឺរ៉ុប អាមេរិក អបអរ ពិធីឆ្លង ឆ្នាំ ជា បន្ត បន្ទាប់ ជាមួយ នឹង ក្តី សង្ឃឹម ថ្មី។ នៅ ក្នុង សារ អបអរ ឆ្នាំ ថ្មី ប្រមុខ ដឹកនាំ នីមួយៗ បាន បង្ហាញ ក្តី សង្ឃឹម ផ្សេងគ្នាៗ។

ប្រធានាធិបតី អ៊ុយក្រែន ហ្សេឡេនស្គី បាន ប្រកាស យក ឆ្នាំ ២០២៥ ជា ឆ្នាំ ប្រយុទ្ធ យក ជ័យ លើ សមរភូមិផង និង ជា ឆ្នាំ ចរចាផង ដើម្បី បិទ បញ្ចប់ សង្គ្រាម ដែល ឈាន ចូល គម្រប់ បី ឆ្នាំ នៅ ពេល បន្តិច ទៀត។ ប៉ុន្តែ បន្ទាប់ ពី ឆ្លង កាត់ ២០២៤ ដ៏ លំបាក ដោយ បាត់បង់ ទឹក ដី អស់ ៧ ដង លើស ឆ្នាំ ២០២៣ ឆ្នាំ ថ្មី ២០២៥ បង្កប់ ដោយ ក្តីព្រួយ បារម្ភ ខ្លាច ជំនួយ យោធា និង នយោបាយ ពីអាមេរិក ធ្លាក់ ចុះ ព្រោះ លោក ដូណាល់ ត្រាំ ត្រូវ ត្រលប់ មក កាន់ តំណែង ជា ប្រធានាធិបតី អាមេរិក វិញ ចាប់ ពី ថ្ងៃទី ២០មករា ២០២៥ នេះ តទៅ។
ចំណែក ប្រធានាធិបតី រុស្ស៊ី ពូទីន វិញ មិន បាន បង្ហាញ ទស្សនៈ វិស័យ អ្វី ច្បាស់លាស់ ទាក់ទង នឹង សង្គ្រាម ជា មួយ អ៊ុយក្រែន។ ទស្សនៈ វិស័យ សេដ្ឋកិច្ច ក៏ គ្មាន ដែរ នៅក្នុង ពេល ថ្លែងសារ ជូន ពរ ពលរដ្ឋ នា ឱកាស បុណ្យ ឆ្លង ឆ្នាំ ២០២៤ ចូល ២០២៥ នេះ។ ការ ចូល ឆ្នាំ ថ្មី ក៏ ជា កាលបរិច្ឆេទ បិទ បញ្ចប់ ជា ស្ថាពរ ការបង្ហូរ ហ្កាសរុស្ស៊ី កាត់ តាម អ៊ុយក្រែនមក អឺរ៉ុប។ សម្រាប់ នាយករដ្ឋមន្ត្រី ប៉ូឡូញ ការ ផ្តាច់ ប្រភព ចំណូល រុស្ស៊ី នេះ ជា ជោគជ័យថ្មី។ ឯ នាយក រដ្ឋមន្ត្រី ស្លូវ៉ាគី ព្រមាន អំពី ផលវិបាក នៃ ការ ផ្តាច់ ហ្កាសរុស្ស៊ី ថាអាច ជះ ឥទ្ធិពល លើ អឺរ៉ុបទាំង មូល មិនមែន តែរុស្ស៊ី ម្នាក់ឯងទេ។
នៅ ស៊ីរី ក្រោយការ ដួលរលំ ទៅ នៃ របប ផ្តាច់ការ បាស្ហារអាល់អាសាដ ប្រជាពលរដ្ឋ នាំ គ្នា អបអរ ឆ្នាំ ថ្មី ២០២៥ ក្រោម ផ្លាក បដិវត្ត និងសន្តិសុខ ជាមួយ ក្តី សង្ឃឹម ថ្មី ថា ស៊ីរី នឹង មាន សេរីភាព ពហុបក្ស គ្មានការ រើស អើង សាសនា ។ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ប្រកាស ធានា ការពារ សិទ្ធិសេរីភាព នៃ ការ បញ្ចេញ មតិ ដែល ធ្លាប់ តែ រង គំនាប យ៉ាង ខ្លាំង អស់ ជា ច្រើន ទសវត្សរ៍។ ២០២៤ ជា ឆ្នាំ ដ៏ ក្រឡាប់ ចាក់ សម្រាប់ តំបន់ ដើម បូព៌ា តែ ដំណើរមក ដល់ នៃ ឆ្នាំ ២០២៥ ហាក់ មិន បាន ទទួល ការ ចាប់ អារម្មណ៍ ពី ប្រជាពលរដ្ឋ ហ្កាហ្សា ទេ ព្រោះ នៅ ថ្ងៃទី ១ មករា នេះ អ៊ីស្រាអែល បាន វាយប្រហារ យ៉ាង សន្ធាប់ លើ ជំរំ ជន ភៀសខ្លួន។ មាន ស្លាប់ យ៉ាង ហោច ណាស់ ១៧ នាក់។ នេះ បើ តាម ប្រភព ប៉ាឡេស្ទីន។


នៅប្រទេស បារាំង ប្រធានាធិបតី បាន ទទួល ស្គាល់ ថា ការ រំលាយ សភា កាលពី ឆ្នាំ ២០២៤ ដើម្បី រៀប ចំការ បោះឆ្នោត សភា ឡើង វិញ ជា មូលហេតុ នាំ ឱ្យ ប្រទេស ធ្លាក់ ក្នុង វិបត្តិ នយោបាយ។ ប៉ុន្តែ លោកសង្ឃឹមថា២០២៥ ជាការ បើក ទំព័រ ថ្មី នាំ ពលរដ្ឋ ឱ្យ មាន ការ រួបរួម សាមគ្គីភាព ភាតរភាព ដើម្បី យក ឈ្នះ ឱ្យពាក្យ ថា " មិន អាចទៅ រួចទេ”។
លើ ផ្នែក អាកាសធាតុ ២០២៤ ជា ឆ្នាំ ដ៏ ក្តៅ ជាង គេ បំផុត មួយ ហើយ ២០២៥ ក៏ នឹង អាច មាន សីតុណ្ហភាព ខ្ពស់ ខ្លាំង មិន ធ្លាប់ មាន ក្នុង កំណត់ ត្រា ដែរ។
ប៉ុន្តែ ជាមួយ នឹង ភាព ជឿន លឿន ខ្លាំង ផ្នែក បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ហើយ វិបត្តិ អតិផរណា ចាប់ បន្ថយ ល្បឿន ២០២៥ ជា ក្តី សង្ឃឹម ខ្លាំង សម្រាប់ វិស័យ សេដ្ឋកិច្ច ដោយ មិនទាន់ គិត អំពី ផលវិបាក ដែល អាច កើត ចេញ ពីសង្គ្រាម ពាណិជ្ជកម្ម ជា យថាហេតុ រវាង ចិន អាមេរិក ពេល លោក ដូណាល់ ត្រាំ ត្រលប់ ចូលសេតវិមាន វិញ ទេ៕

Nº.0296


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top